ក្រុង​វ៉ាស៊ីនតោន៖ អ្នក​បង្វឹក​ផ្នែក​សុខភាព​មកពី​ដែនកោះអង់ទីហ្គោ និង​បាប៊ូដា ​បាន​ឈ្នះ​សំបុត្រ​ ២ សន្លឹក​តម្លៃ​ជិត ១ ​លាន​ដុល្លារ​ក្នុង​ការ​ចូលរួម​ជាមួយ​ភ្ញៀវ​ទេសចរ​អវកាស​ដំបូង Virgin Galactic និង​ត្រៀម​ខ្លួន​ចេញ​ដំណើរ​ជាមួយ​កូន​ស្រី​វ័យ​ជំទង់​របស់អ្នកស្រី។

អ្នកស្រី កៃសា ស្កាហាហ្វ អាយុ ៤៤​ ឆ្នាំ បាន​និយាយថា​ អ្នក​ស្រី​ចង់​​ដឹក​ដៃកូនស្រីវ័យ ១៧ ​ឆ្នាំ ជានិស្សិត​វិទ្យាសាស្ដ្រ​រស់​នៅ​ចក្រភព​អង់គ្លេសដែល​មាន​ក្ដីសុបិន​ចង់​ធ្វើ​ការ​នៅ​អង្គការ​ណាសាហោះ​ទៅឋាន​អវកាស។

ស្ថាបនិក Virgin Galactic លោក រីឆាដ ប្រេនសុន បាន​ពញ្ញាក់អារម្មណ៍​អ្នកស្រី ស្កាហាហ្វ ជាមួយ​ការ​ជម្រាប​ដំណឹង​ដ៏​រីករាយ​នេះ​ដល់​ផ្ទះ​របស់​អ្នកស្រី​នៅ​ការីបៀន​កាលពី​ដើម​ខែ​វិច្ឆិកា។

អ្នកស្រីបាន​ប្រាប់ AFP ថា​៖ «​ខ្ញុំគ្រាន់តែគិតថាខ្ញុំ​ធ្វើ​បទសម្ភាស​តាម​កម្មវិធី Zoom ប៉ុណ្ណោះ។ពេល​ខ្ញុំ​បាន​ឃើញ​លោករីឆាតប្រេនសុនដើរ​ចូល​មកខ្ញុំ​ចាប់​ផ្ដើម​ស្រែក​ឆោឡោ​ឡើង។ ខ្ញុំ​ពិតជា​មិន​ជឿ​ខ្លួន​ឯង​សោះ​»។

អ្នកស្រី កៃសា ស្កាហាហ្វ អាយុ៤៤​ឆ្នាំ (ស្ដាំទី ២) និង​​លោក រីឆាដ ប្រេនស៊ុន (ឆ្វេងទី ២)។ AFP

អ្នកស្រីបន្ដថា​៖ «​ខ្ញុំ​តែងតែ​មាន​ចំណាប់អារម្មណ៍​ចំពោះ​អវកាស​តាំងពី​នៅ​ក្មេង។នេះជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​ដែល​បាន​សម្រេច​ក្ដី​សុបិន។វា​ជា​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆាក​ជីវិត​»។

អ្នកស្រី​បាន​ឈ្នះ​រង្វាន់​ក្រោយ​ចូលរួម​លេង​​ឆ្នោត​រៃអង្គាស ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Virgin Galactic នៅ​លើប្លាតហ្វម Omaze ដែលរៃបាន ១,៧​ លាន​ដុល្លារ។

ទឹក​ប្រាក់​នោះ​នឹង​ផ្ដល់​ឱ្យ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ អវកាស​សម្រាប់​មនុស្សធម៌ដែល​មាន​បេសកកម្ម​ផ្ដល់​លទ្ធភាព​ទៅកាន់​ឋាន​អវកាស។ ទឹក​ប្រាក់​ដែល​អ្នកស្រី​បរិច្ចាគ​មិន​ត្រូវបាន​ប្រកាសជា​សាធារណៈទេតែ​សប្បុរសជន​ម្នាក់ៗ​ត្រូវ​បរិច្ចាគ​ប្រាក់​ចាប់ពី ១០​ ដុល្លារ។

ផ្ទៃខាង​ក្នុង​យាន Virgin Galactic ដែលនាំ​អ្នកដំណើរទៅកាន់អវកាស។ AFP

អ្នកស្រី ស្កាហាហ្វ ជាអ្នក​បង្វឹក​ផ្នែក​សុខភាព និង​ថាមពលដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ស្ដ្រីបានសម្រេច​ចិត្ដ​ចូលរួម​លេង​ឆ្នោត​ផ្សងសំណាង​នេះ​ក្រោយ​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​នៅលើ​ការ​ហោះហើរ​របស់ Virgin Atlantic។

អ្នកស្រីបាន​បន្ដថា​៖ «​ខ្ញុំ​គ្រាន់តែ​បំពេញ​ទម្រង់​បែប​បទទៅតាម​ការ​ទាមទារដោយ​មិន​បាន​ដឹងថាខ្ញុំ​ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ឈ្នះ​រង្វាន់​នេះ​សោះ។ ខ្ញុំ​ពិតជា​មានទឹកចិត្ដ​ក្នុង​ការ​ជំរុញ​ឱ្យ​អ្នក​ដទៃ​បន្ដ​មាន​ក្ដី​សង្ឃឹម​លើ​សុបិន​របស់​ខ្លួន​»។

យោងតាម Virgin Galactic បាន​បង្ហាញថា ការ​លើកទឹកចិត្ដ​នេះ​ទាក់ទាញ​អ្នក​ចូលរួម​ជិត ១៦៥​ ០០០​ នាក់ ​ក្នុង​រយៈ​ពេល​ ៨​ សប្ដាហ៍»៕ AFP/HR

អ្នក​ស្រី​ចង់​​ដឹក​ដៃកូនស្រីវ័យ១៧​ឆ្នាំ ជានិស្សិត​វិទ្យាសាស្ដ្រ​ ហោះហើរទៅអវកាសតាមរយៈយាន Virgin Galactic។ AFP