ក្រុង​ញូវយ៉ក៖ មេចុងភៅជនជាតិ​បារាំង ដានីញ៉ែល ប៊ូលូដ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ជិត ៤០​ឆ្នាំ ត្រូវបាន​ផ្ដល់​រហស្សនាម​ជា​ម្ចាស់​ភោជនីយដ្ឋាន​ឆ្នើម​បំផុត​ក្នុ​ងពិភពលោក​ ដោយ​សមាគម​ភោជនីយដ្ឋាន Les Grandes Tables du Monde ចំពោះ​យីហោ​ភោជនីយដ្ឋាន «Daniel»។

សមាគម​ភោជនីយដ្ឋាន​ពិភពលោកកំពូល​ទាំង១៨៤ បាន​ឱ្យដឹងថា មេចុងភៅ​មកពី​ក្រុង​លីយ៉ុង ដែល​ប្ដូរ​មក​នៅ​ក្រុង​ញូវយ៉ក​ក្នុង​ឆ្នាំ​១៩៨២ តំំណាង​ឱ្យ​ពលរដ្ឋ​អាមេរិក​ខាង​ជើង​ជា​ច្រើន​នូវ​សិល្បៈ​ម្ហូប​បារាំង ឬ​សិល្បៈ​ម្ហូប​សកល។

លោក ប៊ូលូដ អាយុ ៦៦​ឆ្នាំ ចាត់​ទុក​មុខ​ម្ហូប​របស់​លោក​ជា​សិល្បៈ​ម្ហូប​បារាំង​ តែប្រើ​​ផលិតផល និង​រសជាតិ​បែប​​អាមេរិក។ ក្រៅពី «Daniel» ដែល​ទទួល​ផ្កាយ​២ ពី​Michelinក្នុង​ក្រុង​ញូវយ៉កមេចុងភៅ​រូប​នេះក៏មាន​ភោជនីយដ្ឋាន​ច្រើន​ទៀត​នៅសហរដ្ឋ​អាមេរិកកាណាដាឌូបៃសិង្ហបុរីនិង​បាហាម៉ាស។

លោក ប៊ូលូដ បាន​ប្រាប់ AFP ក្រោយ​ព័ត៌មាន​បាន​ផ្ទុះឡើង​ថា បណ្ណ​កិត្ដិយស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​តំណាង​ឱ្យ​ការ​ឧទ្ទិស​ដល់​អ្នក​ជំនាញ ក៏ដូចជា​តំណាង​ឱ្យ​មិត្ដភក្ដិ​ និង​ការគាំទ្រពី​សហការី​ក្នុង​បរិស្ថាន​ដ៏​ប្រកួត​ប្រជែង​ និង​សម្ពាធ​ខ្ពស់។

មិនខុស​ពី​អ្នក​ក្រុង​ញូវយ៉ក​ដទៃ​ទៀត លោក ប៊ូលូដ ទទួល​បាន​កិត្ដិនាម​ល្បី​រន្ធឺ​អំឡុង​វិបត្ដិ​កូវីដ១៩ ដែល​បា​នសម្លាប់​មនុស្ស​យ៉ាង​តិច ៣៤០០០​នាក់​នៅ​ក្នុង​ទីក្រុង​​​លោក​រស់​នៅ។

លោក ប៊ូលូដ អាយុ ៦៦​ឆ្នាំ ចាត់​ទុក​មុខ​ម្ហូប​របស់​លោក​ជា​សិល្បៈ​ម្ហូប​បារាំង​ តែ​ប្រើ​ផលិតផល និង​រសជាតិ​បែប​​អាមេរិក។ AFP

ភោជនីយដ្ឋាន​របស់​លោក​មួយចំនួន​ត្រូវ​បិទ​ទ្វារ តែ «Daniel» នៅតែបន្ដ ដោយ​រៀបចំកន្លែង​តាម​របៀង​ចិញ្ចើម​ផ្លូវ​ជាមួយ​ការ​ដំឡើង​ម៉ាស៊ីន​កម្ដៅ​ក្នុង​រដូវ​រងា ក៏ដូចជា​ការ​បើក​ម៉ាស៊ីន​ត្រជាក់ និង​សំឡេង​តន្ដ្រី​នៅ​រដូវ​ក្ដៅ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ផ្កាប់​មុខ។

ដោយ​ងើប​ពី​វិបត្ដិ​កូវីដ​បណ្ដើរៗ លោក ប៊ូលូដ គិត​ថា ក្រុង​ញូវយ៉ក​នឹង​នៅតែ​ជា​ទីក្រុង​គោលដៅ​ដ៏ទាក់ទាញ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​នឹង​តែងតែ​ជា​ទីកន្លែង​ដែល​អតិថិជន​ពេញចិត្ដ​នឹង​ម្ហូប​អាហារ​សិល្បៈ​បារាំង។

ទីក្រុង​សេដ្ឋកិច្ច​ និង​វប្បធម៌​របស់​សហរដ្ឋ​អាមេរិក​ និង​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៨,៥​លាន​នាក់ ញូវយ៉ក​គឺជាមូលដ្ឋាន​របស់​ភោជនីយដ្ឋាន​បារាំង​ចំនួន ១៨៣។ នេះ​បើ​យោងតាម​ស្ថានកុងស៊ុល​បារាំង។

«សេចក្ដីស្រឡាញ់» ក្នុង​ក្រុង​ញូវយ៉ក ហើយ​បច្ចុប្បន្ន​ជា​ពលរដ្ឋ​អាមេរិក​ម្នាក់ លោក ប៊ូលូដ នៅតែជា​ «កំពូល​មេចុងភៅ​បារាំង​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​» ដោយ​អរគុណ​ដល់​មុខ​ម្ហូប​ ដែល​រំលេច​នូវ​អត្ដសញ្ញាណ​បារាំង​ តែ​លោក​នៅ​បន្ដ​អភិវឌ្ឍ​ថ្មីៗ​ឥត​ឈប់​ឈរ។

យោងតាម​ភោជនីយដ្ឋាន​របស់លោក​បានបង្ហាញថា តម្លៃ​ក្នុង​ការ​ទទួលទាន​អាហារពិសេស​ ១​ពេល​គឺប្រមាណ ៣០០​ដុល្លារ​ រួមទាំងស្រា​ទំពាំងបាយជូរ និង​សេវាកម្ម។

លោក ប៊ូលូដ ដែល​ពេលនេះ​កំពុង​ត្រៀម​រង់​ចាំ​វត្ដមាន​ភ្ញៀវ​ទៅពី​អាស៊ី និង​អឺរ៉ុប​នោះ បាន​បន្ដថា​៖ «​អតិថិជ​នចង់​បាន​ភាព​រីករាយ​ ភ្លក្ស​រសជាតិ​ស្រា​ ហើយ​ពួកគេ​ចង់​ចេញ​ក្រៅ​ច្រើន។ យើង​តែ​ងតែ​ជួប​ពួកគាត់​ជា​រឿយៗ»៕ AFP/HR

លោក​បាន​​រស់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ជិត ៤០​ឆ្នាំ ដោយបង្កើត​​ស្លាក​​យីហោ​ភោជនីយដ្ឋាន «Daniel»។ AFP