
គឹម លីហ្សា បានកាដូឡានថ្មីម៉ាក Lexus lm 350 ពីលោកប៉ាថ្ងៃបើកសម្ពោធហាងថ្មី។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ អតីតតារាសម្តែងល្បីឈ្មោះកូន ២ តែសម្រស់នៅតែផូរផង់អ្នកនាង គឹម លីហ្សា កំពុងតែកាក់កបខ្លាំងនឹងការពង្រីកមុខរបរក្រៅសិល្បៈទាំងជំនួញចាស់ និងជំនួញថ្មីយ៉ាងសមប្រកប ហើយទទួលបានកាដូរថយន្តទំនើបម៉ាក Lexus LM 350 ពីលោកប៉ា នាថ្ងៃបើកសម្ពោធហាងគុយទាវថ្មី។
អ្នកនាង គឹម លីហ្សា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ក្រោយពីបានរៀបការជាមួយនឹងស្វាមី ជាអាណិកជនខ្មែរ-អូស្ត្រាលី និងបានចេញទៅរស់នៅប្រទេសអូស្ត្រាលីមួយរយៈទទួលបានចំណងស្នេហ៍កូនប្រុស ២ ក្នុងគ្រួសារ។
យ៉ាងណាមិញ ចាប់តាំងពីតារាសម្តែង គឹម លីហ្សា នាំក្រុមគ្រួសារត្រឡប់មកពីប្រទេសអូស្រា្តលីមករស់នៅស្រុកខ្មែរវិញ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មានយីអ៊ុនឡើងក្រឺតៗ ដោយមួយរយៈចុងក្រោយនេះ អ្នកនាងបានបើកហាងរកស៊ី បង្កើតសាខាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជនជាច្រើន ហៅនាងថាជាអ្នកជំនួញស្រីវ័យក្មេងម្នាក់ថែមទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកនាងបើកហាងគុយទាវមានជាច្រើនសាខាហើយ ដែលមានអតិថិជនគាំទ្រជាច្រើនក្រោមយីហោឈ្មោះថា «គឹម លីហ្សា គុយទាវឆ្ងាញ់ៗ» ដោយទីតាំងថ្មីស្ថិតនៅលើផ្លូវមុនីរ៉េត ទល់មុខអតីតក្លិបយូធូចាស់ ឬធនាគារ ABA ថ្មី ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញបានបើកសម្ពោធ កាលពីចុងសប្តាហ៍កន្លងមកថ្មីៗនេះ។
ចំពោះរថយន្តថ្មីសន្លាងម៉ាក Lexus LM 350 ទើបតែបានទិញនោះ ត្រូវបានអ្នកសិល្បៈស្និទ្ធស្នាលអ្នកនាង គឹម លីហ្សា បានបង្ហើបឱ្យដឹងថា៖ «នេះជាកាដូ ពិសេសពីមនុស្សជាទីស្រឡាញ់របស់នាងគឺលោកប៉ា ដោយសារលោកទើបតែត្រូវប៉ាន់ដីថ្មីៗនេះ ហើយលោកបានទិញជាកាដូសម្រាប់ថ្ងៃបើកសម្ពោធហាងគុយទាវថ្មីរបស់នាងតែម្តង»។
យ៉ាងណាមិញ ចាប់តាំងពីតារាសម្តែង គឹម លីហ្សា នាំក្រុមគ្រួសារត្រឡប់មកពីប្រទេសអូស្រា្តលីមករស់នៅស្រុកខ្មែរវិញ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មានយីអ៊ុនឡើងក្រឺតៗ ដោយមួយរយៈចុងក្រោយនេះ អ្នកនាងបានបើកហាងរកស៊ី ដោយបង្កើតសាខាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជនជាច្រើន ហៅនាងថាជាអ្នកជំនួញស្រីវ័យក្មេងម្នាក់ថែមទៀតផង។
គួរបញ្ជាក់ដែរថា អតីតតារាចម្រៀង និងសម្តែងស្រីដ៏មានប្រជាប្រិយភាព ១ ដួង គឹម លីហ្សា បានសម្រេចចិត្តផ្អាកការងារសិល្បៈ ដោយបានរៀបការជាមួយនឹងអាណិកជនខ្មែរ-អូស្ត្រាលី កាលពីឆ្នាំ ២០១៣ ខណៈមកដល់ពេលនេះ អ្នកទាំង ២ មានកូនប្រុស ២ រឹតនូវចំណងស្នេហ៍៕