​ក្រុង​សៀមរាបៈ ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ នឹង​បើកសម្ពោធ ដំណើរការ​កម្មវិធី​មហោស្រព​សិល្បៈ​អន្តរជាតិ​ឆ្នាំ​ ២០២១ នៅមុខ​ប្រាសាទ​អង្គរ​វត្ត ដែលមាន​ការចូលរួម​ពី​បណ្តា​ឯកអគ្គរាជទូត និង​ឯក​អគ្គរដ្ឋទូត​អាស៊ាន ឥស្សរជន និង​ក្រុម​អាជ្ញាធរ​តំបន់​នានា នៅ​ថ្ងៃ​សុក្រ ទី ​១០ ខែធ្នូ។​

​កម្មវិធី​មហោស្រព​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ នៅ​ទីកន្លែង​ផ្សេងៗ ក្នុង​ខេត្តសៀមរាប ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១០ ដល់ទី ​១២ ខែ ធ្នូ ឆ្នាំ ​២០២១ ខណៈ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន កំពុង​រួមគ្នា​ផ្តល់​ការគាំទ្រ​ដល់​ខេត្ត​ដែលជា​បណ្តុំ​ទីតាំង​ទេសចរណ៍​មួយ​នេះ​ត្រូវការ​ជំនួយ​គាំទ្រ ដើម្បី​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ ​២០២១ (Angkor International Festival of the Arts 2021)។​

​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​នេះ​នឹងមាន​ការសម្តែង​សិល្បៈ​ចម្រុះ​ពី​ក្រុម​សិល្បករ​-សិល្បការិនី តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង​អ្នករបាំ ជាមួយ​​នឹង​បណ្តុំ​នៃ​ទស្សនីយភាព​នានា មាន​ល្ខោន​ស្រមោល (​ស្បែក​ធំ​)​ ការសម្ដែង​ក្បាច់​​គុន​ល្បុក្កតោ ចាប៉ីដងវែង ឧ​ប​ករ​ណ៍​ភ្លេង​ផ្ល​យ ការ​គូរគំនូរ​ផ្ទាល់ ការតាំងពិព័រណ៍​គំនូរ ​ការសម្តែង​ល្ខោនខោល និង​មានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ នៅខាងមុខ​ប្រាសាទអង្គរវត្ត ផងដែរ​។

​អ្នករៀបចំ​មហោស្រព​នេះ ដែលមាន​តំណាង​ដោយ​ក្រុម​ហ៊ុន Cambodian Arts and Festival Enterprise Co. Ltd មាន​កិច្ចសហការ​ផ្នែក​សិល្បៈ បច្ចេកទេស និង​រដ្ឋបាល​ជាមួយនឹង​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​ដើម្បី​អបអរសាទរ​ការ​ដាក់​ខេត្តសៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន ឆ្នាំ ២០២០-២០២២​។​

ការបង្ហោះខ្លែងបែបប្រពៃណី។ រូបថត ហ្វេសប៊ុក

​ក្រុមហ៊ុន និង​ស្ថាប័ន​ ​ដែល​ផ្តល់​ការគាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ រួមមាន​ធនាគារ​កាណាឌីយ៉ា ធនាគារ​ហ្វី​លី​ព សហព័ន្ធ​ស្វ៊ី​ស មូលនិធិ​វប្បធម៌ និង​ទេសចរណ៍ Chengdu និង​សហភាព​អឺរ៉ុប​ជាដើម​។

​លោក Aaron Carpene ជា​អគ្គនាយក និង​ជានា​យក​ផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​បាន​ថ្លែងថា​៖ «​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩ ខេត្តសៀមរាប​បានទទួល​រងគ្រោះ​យ៉ាង​​ខ្លាំង​។ ទោះជា​យ៉ាងណា ព្រឹត្តិ​ការណ៍​នេះ នឹងមិន​ត្រឹមតែ​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការដឹង​គុណ​ដ៏​ស័ក្តិ​សមដល់​កេរ​មរតក​វប្បធម៌​របស់​កម្ពុជា និង​ទស្ស​-​នី​យ​ភាព​សិល្បៈ​ក្នុងស្រុក​ផង​-​ដែរ ក្នុងពេល​មួយ ដែល​កម្ពុជា​បានក្លាយ​ជា​ប្រធាន​អាស៊ាន ហើយ​ខេត្តសៀមរាប បាន​ក្លាយជា​ទីក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ ២០២០-២០២២»​។​

​លោក Aaron Carpene បន្ថែមថា​៖ «​យើង​សង្ឃឹមថា មហោស្រព​សិល្បៈ​អន្តរជាតិ​ឆ្នាំ​ ២០២១ ​នេះ នឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរ ឱ្យ​វិល​មក​ទស្សនា​ខេត្តសៀមរាប​ឡើងវិញ​។ ដូច្នេះ ក្រុមហ៊ុន​ដែល​គាំទ្រ​ព្រឹត្តិការណ៍​នេះ នឹង​មានន័យថា ក៏​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​វិល​មករក​ភាព​ធម្មតា និង​ស្ទុះ​ងើបឡើង​វិញ​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​វិញ​ផងដែរ​»៕

ការលេងឧបករណ៍​ភ្លេងផ្លយ។ រូបថត ហ្វេសប៊ុក​