បាត់ដំបង: កាលពី​រសៀល​ថ្ងៃទី ​២០ ខែវិច្ឆិកា មនុស្ស​រាប់​ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​ទាំង​ផ្ទាល់​នៅ​បរិវេណ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ និង​តាម​អន​ឡាញ ដើម្បី​អបអរសាទរ​ជីវិត​សិល្បៈ​លោក ស្រី បណ្តូល ជា​សហ​ស្ថាបនិក​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដែល​លោក​បាន​ចូលរួម​បង្កើតឡើង​តាំងពី ២៧​ ឆ្នាំមុន​។

​ក្នុង​ថ្ងៃ​តែ ​១ ក្រុមគ្រួសារ​លោក​បា​នស​ហ​ការ​ជាមួយ​អ្នក​អភិរក្ស​ផ្នែក​សិល្បៈ លោក យាន រស្មី ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់លោក ក្នុង​ការបើក​វិចិត្រសាល​សិល្បៈ និង​រៀបចំ​ពិព័រណ៍​សិល្បៈ ដើម្បី​ដាក់តាំង​ស្នាដៃ​សិល្បៈ​ថ្មីៗ​នៅផ្ទះ​របស់លោក​ផ្ទាល់ ទីតាំង​នៅជាប់​នឹង​បរិវេណ​សាលា​ហ្វារតែម្ដង​។

​លោក បណ្តូល បានទទួល​មរណភាព​ក្នុង​វ័យ ៤៩​ ឆ្នាំ នៅ​ខែសីហា ឆ្នាំនេះ​ដោយសារ​ជំងឺ​កូ​វីដ ដែល​បាន​បន្សល់ទុក​នូវ​ភាព​សោកសង្រេង និង​មានការ​រៀបចំ​ពិធី​ឧទ្ទិស​កុសល​ពី​មនុស្ស​ជុំវិញ​ពិភពលោក​ជូន​ចំពោះ​លោក ដែលជា​អ្នក​ជួយ​ស្ដារ​វិស័យ​សិល្បៈ និង​វប្បធម៌​កម្ពុជា​ក្រោយពី​សង្គ្រាម​។​

​អ្នកនាង ម៉​ហ្គេ​ន ដា​រ៉ា​ស ជា​អ្នកសម្របសម្រួល​ទំនាក់​ទំនង​នៅ​ហ្វារ ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ស្នាដៃ​សិល្បៈ​មួយចំនួន​របស់លោក​គ្រូ បណ្តូល ត្រូវបាន​ដាក់តាំង​នៅក្នុង​កន្លែង​តាំងពិព័រណ៍​សិល្បៈ​របស់​ហ្វារ​ផងដែរ ដែល​ស្ថិតនៅ​ខាងក្នុង​អគារ​ឈើ​របស់​យើង​»​។​

​ដា​រ៉ា​ស បន្តថា​៖ «​លើសពី​ការប្រារឰពិធី​គោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​លោកគ្រូ បណ្តូល យើង​ក៏​ចង់ឱ្យ​ព្រឹត្តិការណ៍​នេះ​លេចធ្លោ​ឡើង​ជាមួយនឹង​សិល្បៈ និង​ធ្វើឱ្យ​កេរដំណែល​របស់លោក​គ្រូ​បាន​ទៅដល់​សហគមន៍ រួមទាំង​បន្ត​លើកទឹកចិត្ត​យើង​ជា​រៀងរាល់ថ្ងៃ​»​។

ភ្ញៀវចូលទស្សនា​ស្នាដៃ​ចុងក្រោយ​របស់​លោក ស្រី បណ្ដូល នៅ​វិចិត្រសាល​ លានសិល្បៈសហសម័យ​ភេត្រា​​។ រូបថត សហការី

​ព្រឹត្តិការណ៍​នេះ​បានបញ្ចប់​ដោយ​ការអុច​ភ្លើងទៀន​ចំនួន ២៥០ ​ដើម ដើម្បី​បំភ្លឺ​ផ្កាឈូក​ដ៏​ធំ​មួយ រចនា​ឡើង​នៅ​ចំ​កណ្តាល​បរិវេណ​សាលា​ហ្វារ​។ គោម​​ក្រដាស​ត្រូវបាន​ដុត​បង្ហោះ​លើ​មេ​ឃា អមដោយ​ពន្លឺ​ហ្វូង​តារា​ព្រោងព្រាត ដើម្បី​បង្ហាញ​ការ​អបអរសាទរ និង​ទទួលយក​ការ​បួងសួង​ពី​ភ្ញៀវ ដែលមាន​វត្តមាន​ទាំងអស់​។

​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​មាន​ភ្ញៀវ​ចូលរួម​ដោយផ្ទាល់​ប្រហែល ៥០០​ នាក់ និង​មនុស្ស​ជាង ៧ ០០០​ នាក់​ទៀត​បាន​ចូលរួម​តាម​អន​ឡាញ​។

​យោងតាម​អ្នករៀបចំ​បានឱ្យដឹងថា ការប្រារឰពិធី​គោរព​​វិញ្ញាណក្ខន្ធ​នេះ​មានកម្ម​វិធី​ប្រពៃណី​ជាច្រើន ដូចជា ការ​រំឭក​អនុស្សាវរីយ៍ ដែល​បាន​ចែករំលែក​ដោយ​ក្រុមគ្រួសារ​របស់លោក បណ្ដូល កំណាព្យ ចម្រៀង ផ្សាយ​ផ្ទាល់​ការ​គូរគំនូរ ការសម្តែង​សៀក និង​សម្តែង​​របាំ ដែល​បានបង្ហាញ​ឱ្យឃើញ​អំពី​ទេពកោសល្យ​សិល្បៈ ដែល​លោក​បាន​ជួយ​បណ្តុះបណ្តាល​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​អ្នកស្រី អួន ចាន់​សោភ័ណ ភរិយា​របស់លោក បណ្ដូល ថ្លែង​ទាំង​ស្រណោះស្រណោក​ក្នុង​ពិធី​នោះ​ថា​៖ «​គាត់​ជា​បុរស​ម្នាក់ ដែល​តែងតែ​ផ្តល់​ដំបូន្មាន ផ្ដល់​ភាព​រីករាយ និង​កក់ក្តៅ ដល់​អ្នក​ជុំវិញ​គាត់​។ អ្វីដែល​គាត់​ធ្វើបាន គាត់​នឹងធ្វើ​។ គាត់​ធ្វើ​គ្រប់យ៉ាង​ដោយ​មិន​គិតពី​ពេលវេលា​របស់ខ្លួន ជាពិសេស​សម្រាប់​គ្រួសារ​ហ្វារ​»​។

​អ្នកស្រី​បាន​បន្តថា​៖ «​គាត់​បានចាត់ទុក​ហ្វារ​ជា​ផ្ទះ​ទី​២ ​របស់គាត់​។ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ជា​ញឹកញាប់​ថា គាត់​ចង់ឃើញ​ហ្វារ​រីកលូតលាស់​ធំ​ឡើង​រហូត​ទៅ គាត់​មិន​ចង់​បាត់បង់​វា​ទេ​។ សេចក្ដីស្រឡាញ់​របស់គាត់​ចំពោះ​ហ្វារ មិនអាច​ពិពណ៌នា​បានឡើយ​»​។​

​លោក អូស្មាន់ ខា​វ៉ា​ចា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បាន​និយាយថា លោក​រីករាយ​ណាស់​ដែល​ក្រុម​ការងារ​បានមក​រួម​គ្នា ក៏​រំភើប​ចំពោះ​វត្តមាន​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបាត់ដំបង ដែល​ចូលរួម​អបអរសាទរ ក៏ដូចជា​ការបរិច្ចាគ​របស់លោក​ដល់​ជីវិត​សិល្បៈ និង​ស្នាដៃ​សិល្បៈ​របស់លោក បណ្តូល​។

​លោក សុខ លូ អភិបាលខេត្ដបាត់ដំបង​នៅអង្គការហ្វារ​។ រូប សហការី

​លោក ខា​វ៉ា​ចា បានឱ្យដឹងថា​៖ «​យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ធ្វើឱ្យ​ខេត្តបាត់ដំបង​ក្លាយជា​ទីក្រុង​សិល្បៈ និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​»​។​

​លោក ស្រី បណ្តូល បាន​ចំណាយពេល​ស្ទើរតែ​ពេញ​មួយជីវិត​របស់លោក ដើម្បី​អភិវឌ្ឍ​សាលា​សិល្បៈ​ជំនាញ​សូន្យ​រូប​ហ្វារ ក្នុង​ខេត្តបាត់ដំបង ដែល​ក្រោយមក​បានក្លាយ​ជា​ប្រភពធនធាន​មួយ​សម្រាប់​សហគមន៍​សិល្បៈ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​នៅពេល​លោក បណ្ដូល នៅមាន​ជីវិត លោក​មាន​ក្ដី​ស្រមៃ​ចង់ឱ្យ​ផ្ទះ​របស់លោក​ប្រែក្លាយជា​វិចិត្រសាល និង​ចង់​ដាក់ឈ្មោះ​តាម​កូនស្រី​ច្បង​របស់លោក ដែលមាន​ឈ្មោះថា «​ធិ​តា​ភេត្រា​»​។

​លាន​សិល្បៈ​សហ​សម័យ​ភេត្រា នេះ​មាន​បេសកកម្ម​ផ្សព្វផ្សាយ លើកកម្ពស់ និង​គាំទ្រ​ស្នាដៃ​សិល្បៈ​លក្ខណៈ​ផ្ទាល់ខ្លួន ដែល​ដកស្រង់​បទ​ពិសោធ​ចេញពី​ទម្រង់​សិល្បៈ និង​ប្រធាន​រឿង​ផ្សេងៗ​។ វិចិត្រ​សាល នឹង​ចាប់យក​គុណភាព និង​ឧត្តមភាព​ក្នុងការ​អនុវត្ត ដែល​ស្ញប់ស្ញែង​ចំពោះ​សិល្បៈ​សហ​សម័យ​។​

​អ្នក​អភិរក្ស​ផ្នែក​សិល្បៈ និង​ជា​អ្នករៀបចំ​កម្មវិធី នៅ​វិចិត្រ​​សាល​សិល្បៈ​ត្រជាក់​ភ្នែក លោក យាន រស្មី ឱ្យដឹងថា​៖ «​ខ្ញុំ​បានធ្វើការ​ជាមួយ​លោកគ្រូ ស្រី បណ្ដូល ដើម្បី​ប្រែក្លាយ​ទីធ្លា​ជាន់​ក្រោម​នៃ​ផ្ទះ​របស់គាត់​ទៅជា​វិចិត្រសាល ដែល​ពួកយើង​នឹង​គ្រប់គ្រង ដោយមាន​ខ្ញុំ​ផ្ទាល់​ជា​អ្នកមើលការខុសត្រូវ​គ្រប់​កម្មវិធី និង​ការតាំងពិព័រណ៍ ដែល​ត្រូវដាក់​បង្ហាញ​នៅ​វិចិត្រ​សាល​។ កិច្ចសហការ​នេះ​ធ្វើ​ឡើង​តាមរយៈ​ក្របខ័ណ្ឌ​របស់ វិចិត្រសាល សិល្បៈ​ត្រជាក់​ភ្នែក​»​។​

​ការតាំងពិព័រណ៍​នោះបាន​បង្ហាញ​អំពី​ស្នាដៃ​សិល្បៈ​ចុង​​ក្រោយ​របស់​សហ​ស្ថា​និក​អង្គការ​ហ្វារ លោក ស្រី បណ្ដូល ក្រោម​ចំណងជើង​ថា «​សំបុត្រ​៖ សន្តិភាព ប្រធាន​វិស័យ​ភាព និង​អំណាច​»​។​

​ការប្រារឰពិធីឧទ្ទិសកុសលដល់លោក ស្រី បណ្ដូល​។ រូបថត The Naga

​ស្នាដៃ​សិល្បៈ​ចុងក្រោយ​នេះ បានបង្ហាញ​រូបភាព​មេដឹកនាំ​នយោបាយ​ជាតិ និង​អន្ដរជាតិ ជាមួយ​តួអង្គ​អប្សរា និង​សត្វ​​ព្រា​បស ដែល​តួអង្គ​តំណាង​សិល្បៈ​វប្បធម៌​រូបនេះ​បាន​ហុច​ស្រោមសំបុត្រ​ដល់​មេដឹកនាំ​នីមួយៗ ដោយ​ចង់បង្ហាញ​អត្ថ​​ន័យ​ពី​ទម្រង់​សិល្បៈ សកម្ម​ភាព និង​ចេតនា​ជុំវិញ​ការផ្ដល់ និង​ទទួលយក​អ្វីមួយ​ក្នុងពេល​ប្រតិ​ប​ត្ដិ អភិវឌ្ឍ និង​បង្ហាញឱ្យឃើញ​ក្នុង​ទំនាក់ទំនង​បុគ្គល វិជ្ជាជីវៈ និង​នយោបាយ​ប្រចាំ​​ថ្ងៃ​របស់​យើង​។

​អ្នកនាង ម៉​ហ្គេ​ន ដា​រ៉ា​ស បានបញ្ចប់​ថា​៖ «​យើង​ពិតជា​ដឹងគុណ​យ៉ាង​ក្រៃលែង​ចំពោះ​លោកគ្រូ បណ្តូល ដែល​បាន​ប្រែ​ការឈឺចាប់​ក្នុង​វ័យ​កុមារ​របស់លោក​ឱ្យ​ក្លាយទៅជា​បេសកកម្ម​មួយ ដែល​អាច​ស្តារឡើងវិញ​នូវ​អំណោយ​នៃ​សិល្បៈ វប្បធម៌ ការអប់រំ និង​ការច្នៃ​​ប្រឌិត​ដល់​ប្រជាជន​កម្ពុជា​។ យើង​សន្យាថា​នឹង​បន្តការងារ​របស់លោក ដែល​លោក​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការផ្តល់ឱ្យ​ទៅកាន់​អ្នកដទៃ​»៕