​ក្រុង​ហាណូយ: ខណៈ​កូរ៉េខាងត្បូង​ខិតខំ​ផ្សព្វផ្សាយ​ម្ហូប​របស់ខ្លួន​នៅ​ថៃ និង​វៀតណាម អ្នក​និយម​អាហារ​កូរ៉េ​នៅ​ទីក្រុង​ហាណូយ អាច​ភ្លក្ស​ម្ហូប​ល្បីៗ​កូរ៉េខាងត្បូង ដោយ​ឥតគិតថ្លៃ​។​

​បណ្ណ​ញ៉ាំ​អាហារ​ឥតគិតថ្លៃ​ ២ ០០០​ សន្លឹក​ ត្រូវបាន​បោះពុម្ព​ចែកចាយ​សម្រាប់​អ្នក​ដែល​ចុះឈ្មោះ​ក្នុង​កម្មវិធី វិថី​អាហារ​កូរ៉េខាងត្បូង​ឆ្នាំ​២០២១​ដែល​បន្ត​រហូតដល់​ថ្ងៃទី ​៥ ខែធ្នូ នៅ​បណ្ដា​ភោជនីយដ្ឋាន​កូរ៉េខាងត្បូង​ចំនួន​ ៥២​ កន្លែង​នៅ​ក្រុង​ហាណូយ​។​

​វិថី​អាហារ​កូរ៉េខាងត្បូង​ គឺជា​ការផ្ដួចផ្ដើម​គំនិត​ចេញពី​កិច្ចសហការ​រវាង​ក្រសួងកសិកម្ម​ម្ហូប អាហារ និង​កិច្ចការ​ជនបទ និង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េខាងត្បូង​នៅ​វៀតណាម​។​

​ការផ្ដួចផ្ដើម​គំនិត​នេះ​បាន​សម្ពោធ​ជា​រូបរាង​នៅ​ឆ្នាំ​ ២០២០ ដើម្បី​បង្កើត​ផែនទី​ម្ហូបអាហារ ដើម្បី​ទាក់ទាញ​អ្នក​និយម​វប្បធម៌​អាហារ​កូរ៉េ​បាន​ភ្លក្ស​រសជាតិ​នៅ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​នានា​។​

​ចំនួន​បណ្ណ​ញ៉ាំ​អាហារ​ឥតគិតថ្លៃ អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​មិន​កំណត់​ទឹកប្រាក់​សរុប​នៃ​ថ្លៃ​អាហារ​។​

​អ្នក​ដែល​ប្រើប្រាស់​បណ្ណ​ញ៉ាំ​អាហារ​ឥតគិតថ្លៃ​នេះ​ក៏​ទទួលបាន​ឱកាស​ផ្សងសំណាង​ទទួលបាន​រង្វាន់ និង​ឱកាស​ទទួលទាន​អាហារ​ឥតគិតថ្លៃ​ថែមទៀត​ផងដែរ​។​

​ការផ្សព្វផ្សាយ​ច្រើន​ពី​វប្បធម៌​ម្ហូប​អាហារ​កូរ៉េខាងត្បូង​នៅ​វៀតណាម ត្រូវបាន​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋមន្ត្រី​កសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ​កូរ៉េខាងត្បូង គីម ហ៊ុន​ស៊ូ ធ្លាប់បាន​លើកឡើង​កាលពី​ខែមីនា ឆ្នាំ ២០២១ ថា លោក​នឹង​ខិតខំ​ធ្វើ​កិច្ចការ​ដើម្បី​ប្រឆាំងនឹង​ការបន្លំ​អត្តសញ្ញាណ និង​ប្រភព​ម្ហូប​កូរ៉េ​ខាង​​ត្បូង នៅ​បណ្ដា​ប្រទេស​ដទៃ​។​

​លោក​បាន​និយាយថា​៖ «​វៀតណាម និង​ថៃ គឺជា​កន្លែង​ដំបូង​ដែល​យើង​នឹង​ចាប់ផ្ដើម ដោយ​លើកកម្ពស់​ការយល់​ដឹង​ពី​ម្ហូបអាហារ​កូរ៉េខាងត្បូង​តាមរយៈ​កម្មវិធី​ទូរទស្សន៍ ទស្សនាវដ្ដី​ម្ហូប​​អាហារ និង​បណ្ដាញ​សង្គម​ឌីជីថល​ជាដើម​»៕ VNS/ANN