ភ្នំពេញៈ ទើបតែ​បំបែក​នូវ​កំណត់ត្រា ចាយលុយ​ច្រើន ក្នុងការ​ផលិត​បទ​ច​ម្រៀ​ង​ថ្មី ១ ​បទ ដែល​ប្រើ​ដើមទុន ៦០០​ លាន​រៀល កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ស្រាប់តែ​ការចេញ MV ថ្មី​បទ « វីរនារី​-Top of The Lady» របស់​កញ្ញា ទេព បូ​ព្រឹក្ស ផ្ទុះ​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ស្រូប​បាន​អ្នកទស្សនា​ចំនួន ១ ​លាន​ដង ក្នុង​រយៈពេល​ត្រឹមតែ​ ១ ​ថ្ងៃ ប៉ុណ្ណោះ​នៅលើ​បណ្តាញ​សង្គម​យូ​ធូប​។​

​នេះ​បើតាម​ការអះអាង​របស់​កញ្ញា ទេព​ ​បូ​ព្រឹក្ស តាម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​នូវ​ទិន្នន័យ​នៃ​អ្នកគាំទ្រ​មាន​ចំនួន ១​ លាន​ដង​ (1M Viewers) កាលពី​ថ្ងៃទី​ ២៨ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ខណៈ MV បទ​ថ្មី​របស់ខ្លួន បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកា នោះ​។ កញ្ញា ទេព បូ​ព្រឹក្ស បង្ហើរ​សារ​ថា​៖ «​មក​ទីនេះ និយាយ​ដោយ​មោទនភាព អរគុណ​ដល់​បងប្អូន​អ្នកគាំទ្រ​ទាំង​អស់​គ្នា សម្រាប់​ការ stream MV វីរនារី ឱ្យទទួល​បានការ​ចូល​មើល​រហូតដល់​ទៅ ១​ លាន​ដង ក្នុង​រយៈ​​ពេល ​២៤ ​ម៉ោង ក្នុង​ YouTube​។ ដើម្បី​ជាការ​ឆ្លើយតប ពួកយើង​នឹងធ្វើ​ការបន្ថែម subtitled ជាច្រើន​ភាសា​បន្ថែមទៀត​ ដើម្បីឱ្យ​កាន់តែ​មាន​ភាព​​ទូលំទូលាយ​»​។​

​កាល​ថ្ងៃទី ​១៦ ខែ វិច្ឆិកា ឆ្នាំ ​២០២១ កន្លងមក បាន​បំបែក​នូវ​ភាពស្ងប់ស្ងាត់​​របស់​តារាចម្រៀង​ស្រី​ពូកែ​ក្បាច់​រាំ និង​ស្ទីល​តែងខ្លួន​ប្លែកៗ កញ្ញា ទេព បូ​ព្រឹក្ស ដែល​បាន​លក់​រថយន្ត​ផ្ទាល់​ខ្លួន ដើម្បី​យកប្រាក់​ប្រមាណ

៦០០​ លាន​រៀល មក​ផលិត​នូវ​វីដេអូ​ចម្រៀង​ថ្មី​ប្លែក​ភ្នែក ដោយ​គ្រាន់តែ​ជា​ឃ្លី​ប​ខ្លី​ដកស្រង់​បទ​ថ្មី​មាន​ចំណងជើង​ថា «​វីរនារី​-Top of The Lady» ធ្វើឱ្យ​អ្នកគាំទ្រ​លាន់​​មាត់​សរសើរ​ថា ក្រោយពី​បាន​ទស្សនា​ហើយ​ព្រឺ​សម្បុរ និង​ការរង់ចាំ​ពិតជា​មិន​ខុស​បំណង​ឡើយ​។​

​នាពេល​ថ្មីៗ​នេះ មានការ​បញ្ចេញ​សារ​ពី​ក្រុម​អ្នក​ផាត់មុខ​សម្រាប់​ការសម្តែង MV បទ «​វីរនារី​» ដោយ​បង្ហើប​ពី​ការ​ពេញចិត្ត​នូវ​ចំនួន​ទឹកប្រាក់​ជា​ថ្លៃ​ពល​​កម្ម​របស់ខ្លួន​ផងដែរ​។

​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mu Zu Make Up បានឱ្យដឹងថា​៖ «​មិន​​ដឹងថា និយាយ​យ៉ាងណា​ឱ្យ​សម​ទេ ដឹង​ត្រឹម​ថា រំភើប​សប្បាយចិត្ត​ជាខ្លាំង តាំងពី​ថ្ងៃ​ដំបូង ដែល​បាន​ផាត់មុខ​ជូន​បងស្រី ទេព បូ​ព្រឹក្ស គាត់​ជា​មនុស្ស​ម្នាក់​ដែល​ឱ្យ​តម្លៃ​លើ​​ការងារ មិនចេះ​ឆ្មើងឆ្មៃ លេងសើច​ច្រើនណាស់ គួរឱ្យ​ស្រឡាញ់ អ្វីដែល​សំខាន់​បងស្រី បានផ្តល់​នូវ​សេចក្តីទុកចិត្ត និង​ឱកាស​ដល់​រូបខ្ញុំ​បញ្ចេញស្នាដៃ​ក្នុង​​បទ​ចម្រៀង Top of the lady (​វីរនារី​) និង​ពិតជា នឹកស្មាន​មិន​ដល់​សោះឡើយ សម្រាប់​ការផ្តល់​តម្លៃ​ដល់​ការងារ ទឹកចិត្ត​បងស្រី​ពិតជា បរិសុទ្ធ​ណាស់ អរ​​គុណ​សម្រាប់​កាដូ $ ៤ ០០០!»​។​

​ចំពោះ​គម្រោង​ធ្វើ MV ១​ បទ ដែល​រំលេច​នូវ​តម្លៃ​វប្បធម៌​ខ្មែរ​ ​តំណាងឱ្យ​ប្រទេស​កម្ពុជា ​គឺមាន​ក្នុង​ចិត្ត​របស់​តារា​ស្រី​រូបនេះ តាំងពី ២ ​ឆ្នាំមុន ខណៈ​ការងារ Project MV នេះ​ត្រូវបាន​ដំឡើង​ប្រើពេល​រយៈពេល ២ ​ខែ ជាមួយនឹង​ក្រុមការងារ​ទាំងអស់​សរុប​ចំនួន ១២៦ នាក់​។​

នេះ​បើតាម​ការបញ្ជាក់​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Athika ដែលជា​អ្នកធ្វើការងារ​ផលិត MV បទ​ថ្មី​របស់​កញ្ញា ទេព បូ​ព្រឹក្ស នោះ​៕