ក្រុងហ្ស៊េរុយសាឡឹម៖ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ឈ្លូស​ភ្នំ​តែ ៣​ក្បាលប៉ុណ្ណោះ ដែល​នៅ​សេសសល់​ក្នុង​តំបន់​បៃតង​ដែលកាន់តែ​រួញ​ខ្លី​នៃ​ទីក្រុង​ហ្ស៊េរុយសាឡឹម​ ដោយ​ឈ្លូស​ទាំង​អម្បាលម៉ាន​ទៀត​បាន​ធ្លាក់​ខ្លួន​ជា​ចំណី​ពពួក​មំសាសត្វ​ គ្រោះថ្នាក់ចរាចរណ៍ និង​ការ​អភិវឌ្ឍ​ទីក្រុង។

បច្ចុប្បន្ន ពពួកសត្វ​ជិត​ផុត​ពូជ​ទាំង​នេះ​បាន​បង្កើន​ចំនួន​ឡើង​វិញជាមួយ​សមាជិក​ប្រមាណ ៨០​ក្បាល​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​តូច​មួយ​ក្នុង​បរិវេណ​ទីក្រុងធំ​របស់​អ៊ីស្រាអែល​ នោះ​គឺ ឧទ្យាន ​Gazelle Valley Park។

បង្កើត​ឡើង​កាលពី​ ៦​ ឆ្នាំ​មុន ដោយ​ក្រុម​ប្រឹក្សា​សាលា​ក្រុង​ហ្ស៊េរុយសាឡឹម និង​អង្គការ​សង្គម​សម្រាប់​កិច្ចការពារ​ធម្មជាតិ (SPN) តំបន់​ព្រៃ​បៃតង​ស្ថិត​នៅ​ខាង​ក្នុង​បរិវេណ​អភិវឌ្ឍន៍​ក្រុង​ដ៏ធំបំផុត​មួយ។

ថ្ងៃនេះ ឧទ្យាន ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ឥតគិត​ថ្លៃ គឺជា​សួន​អភិរក្ស​សត្វ​ឈ្លូស​ភ្នំ​តែ ១​គត់​នៅ​អ៊ីស្រាអែល​ ក្រោយ​ជួប​វិបត្ដិ​រង​គ្រោះ​យ៉ាង​ខ្លាំង។

រូបភាព​កាលពី​ខែតុលា បង្ហាញ​វត្តមាន​ឈ្លូស​ភ្នំ (Gazelles) នៅតំបន់​អភិរក្សធម្មជាតិ​ក្នុងក្រុងហ្ស៊េរុយសាឡឹម។ AFP

សហជីព​អន្ដរជាតិ​សម្រាប់​កិច្ចអភិរក្ស​ធម្មជាតិ បាន​ដាក់​ពពួក​សត្វ​ឈ្លូស​ភ្នំក្នុង​បញ្ជី​ក្រហម​កាលពី​ឆ្នាំ​ ២០១៧ ដោយ​បាន​ឱ្យ​ដឹងថា ចំនួន​របស់​វា​កំពុង​បន្ដ​ធ្លាក់​ចុះ​ដោយសារតែ​កត្ដា​បរ​បាញ់ ការ​សម្លាប់​លើ​ដង​ផ្លូវ និង​ការ​បាត់​បង់​ជម្រក។

នាយក​គ្រប់​គ្រង​សួនសត្វ យែល ហាមមេមេន សូឡា បាន​ឱ្យដឹងថា​៖ «​យើងបានដាក់​ប្រភេទ​សត្វ​ឈ្លូស​ភ្នំ​ក្នុង​បរិស្ថាន​ធម្មជាតិ​របស់​ពួកវា​ទៅតាម​លទ្ធភាព ដូច្នេះ យើង​មិន​ធ្វើ​ឱ្យ​ពួកវា​ពឹង​អាស្រ័យ​លើ​មនុស្ស​ទេហើយ​យើង​អាច​ដោះ​លែង​ពួកវា​ទៅ​ក្នុង​ព្រៃ​វិញ​នា​ពេល​អនាគត​»។

អាមៀរ បាឡាបាន ប្រធាន​ផ្នែក​ធនធាន​ធម្មជាតិ​នៅ SPN បាន​និយាយថា​ ឧទ្យាន Gazelle Valley Park ដោយ​មាន​ស្រះ​ទឹក​ជា​ច្រើន បាន​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ទីក្រុង​ពិសិដ្ឋ។

ជា​ដែន​ជម្រក​រុក្ខជាតិ​ និង​បក្សី​ព្រៃ​ វា​ដើរ​តួនាទី​ជាសួតបៃតង​ និងជា​ទីកន្លែង​កម្សាន្ដ​ដោយ​ការ​គ្រប់​គ្រង​សីតុណ្ហភាព​ ការ​ផលិត​ខ្យល់​អុកស៊ីហ្ស៊ែន និង​ផ្ដល់​ឱ្យ​ពលរដ្ឋ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ធម្មជាតិ​៕ AFP/HR

ឈ្លូស​ភ្នំ (Gazelles) នៅតំបន់​អភិរក្សធម្មជាតិ​ក្នុងក្រុងហ្ស៊េរុយសាឡឹម កាលពី​ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២១។ AFP