ក្រុង​ឡូសអេនជឺលេស៖ កេរដំណែល​​​ប្រវត្ដិសាស្ដ្រ​ក្នុង​ឧស្សាហកម្ម​​កម្សាន្ដ​​​ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​នា​សប្ដាហ៍​នេះ ជាមួយ​សម្ភារ​សម្លៀកបំពាក់ និង​វត្ថុ​ផ្សេងៗ​ដែល​បន្សល់​ពីភាពយន្ដ​ និង​ល្ខោន​ភាគ​ទូរទស្សន៍​ល្បីៗ​បំផុត​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន។

ក្រុម​អ្នកគាំទ្រ​នឹង​មាន​ឱកាស​ដេញថ្លៃ​យក​សម្ភារ​បន្សល់​ពី​ភាពយន្ដ​ល្បីៗ​ ដែល​រួម​មាន​ឈុត​សម្លៀកបំពាក់​គ្រង​ដោយ​ John Travolta ក្នុងរឿង «Pulp Fiction​» ក្ដារលេងទឹករលក​របស់​លោក Patrick Swayze ក្នុង​រឿង «​Point Break» និង​ចង្កឹះ​វេទមន្ដ​របស់​យុវជន Ron Weasleyក្នុង​រឿង «​Harry Potter and the Deathly Hallows» ជាដើម។

នៅមាន​កាំបិតស្នៀត​ពីរឿង «Game of Thrones» អាវពន្លឺ​របស់ ​Liam Neeson ក្នុងរឿង «​The Phantom Menace» និង​​កាំភ្លើង​យន្ដ​ ប្រើ​ដោយ ​Bruce Willis ក្នុងរឿង «​Die Hard»។

វត្ថុ​បន្សល់ពីស្នាដៃសិល្បៈភាពយន្ត​ក្នុង​ការ​ដាក់តាំងបង្ហាញ និង​ដេញថ្លៃ​ កាលពីថ្ងៃ​ទី ២៩ ខែវិច្ឆិកា។ AFP

ការ​ដាក់​លក់ដេញថ្លៃ​ រួមមាន វត្ថុ​សម្ភារ​ជាង ១ ២០០ ​មុខ និង​សុទ្ធតែជា​ប្រវត្ដិ​សាស្ដ្រ​របស់​ឧស្សាហកម្ម​កម្សាន្ដ ក៏ដូចជា​ សម្ភារ​ផ្ទាល់​ខ្លួន​ដែល​ធ្លាប់​ត្រូវបាន​តារា​ភាពយន្ដ Marilyn Monroe ពាក់ និង​សំណេរអត្ថបទ​កុន​គំរូដើម​សម្រាប់​វគ្គ​ចុង​ក្រោយ​នៃរឿង «M*A*S*H»។

មួក​របស់​ Michael Keaton ក្នុង​រឿង «​Batman» ព្រមទាំង វត្ថុ​នានា​ពីរឿង «Terminator» និង «​A Clockwork Orange» ត្រូវ​បាន​ដាក់​លក់​ប្រកួត​ប្រជែង​ជាមួយខ្សែ​រំពាត់​របស់ Gal Gadot ក្នុង​រឿង «​Wonder Woman»។

ក្រុមហ៊ុន​ដេញថ្លៃ Julien''s Auctions ដែល​រៀបចំ​ការ​លក់​ដេញថ្លៃ​នៅទីក្រុង Beverly Hills នា​ថ្ងៃ​ព្រហស្បតិ៍ បាន​ឱ្យដឹង​ថា​៖ «​ព្រឹត្ដិការណ៍​រយៈ​ពេល​ ២ ​ថ្ងៃ​នេះ ​ផ្ដល់​នូវការគាស់​កកាយ​បាន​វត្ថុ​ល្បីៗ​ពីខ្សែភាពយន្ដ​ហូលីវូដដែលបន្សល់ទុកតាំងពី​សម័យរុងរឿង​របស់ហូលីវូដ រហូត​ដល់​ភាពយន្ដ​ទំនើប និង​សហសម័យ​ ក៏ដូចជា​រឿងភាគ​ទូរទស្សន៍​នាពេល​បច្ចុប្បន្ន​»៕ AFP/HR

រូបភាពថ្ងៃទី ២៩ ខែវិច្ឆិកា បង្ហាញ​សម្លៀក​បំពាក់​របស់​លោក John Travolta’s នៅពេលដែល​លោក​សម្ដែង​ជា​តួ​ Vincent Vega។ AFP