ក្រុង​មីឡង់៖ អ្នក​ស្នង​មរតក​នៃ​ប្រ៊េនដ៍​ល្បី​​​របស់អ៊ីតាលី Gucci កាលពី​ថ្ងៃ​ចន្ទ​បាន​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ខ្សែ​ភាពយន្ត​​ថ្មី​របស់ Ridley Scott រឿង House of Gucci សម្រាប់​ការពណ៌នា​សមាជិកគ្រួសារ​ថា​ជា «មនុស្ស​ក្បត់» ។

ខ្សែភាពយន្ត​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​អូ​ស្ការ​រួចហើយ តារាចម្រៀង និង​សម្ដែង ឡេឌី ហ្កាហ្កា (Lady Gaga) ដើរតួ​ជា Patrizia Reggiani ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​មាន​អ្នក​ស្នង​ម៉ូដ​សម្លៀកបំពាក់ Maurizio Gucci (សម្តែង​ដោយ Adam Driver) ធ្វើឃាត​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០។

សំបុត្រ​ដែល​ចុះហត្ថលេខា​ដោយ​អ្នក​ស្នង​មរតក​របស់​ស្ថាបនិក Aldo Gucci ដែល​បោះពុម្ព​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ANSA របស់​ប្រទេស​អ៊ីតាលី​បាន​និយាយថា៖ «គ្រួសារ Gucci រក្សា​សិទ្ធិ​ក្នុងការ​ទទួលយក​រាល់​គំនិត​ផ្តួចផ្តើម ​ដើម្បី​ការពារ​ឈ្មោះ រូបភាព និងកិត្តិយស​​​របស់​ពួកគេ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ»។

ខ្សែភាពយន្ត​នេះ​ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង​ជនជាតិ​អង់គ្លេស Ridley Scott ដែលធ្លាប់​បង្កើត​វណ្ណកម្ម​ខ្សែភាពយន្ត​ល្បីៗ​មួយ​ចំនួន​ក្នុង​រយៈពេល ៤០​ឆ្នាំ​កន្លងមកនេះ រួមមានរឿង​ "Blade Runner", "Alien", "Gladiator" និង "Thelma and Louise" ជាដើម។

ខ្សែភាពយន្ត​ House of Gucci ​ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង​ជនជាតិ​អង់គ្លេស Ridley Scott។

អ្នក​ស្នង​មរតក​នៃ​ប្រ៊េនដ៍​ល្បី​​​អ៊ីតាលី Gucci ​នោះបាន​និយាយថា ក្រុមគ្រួសារ​ខ្លួន​មានការ​អាក់អន់​ចិត្តជា​ពិសេស​ចំពោះ​​ការពណ៌នា​របស់ Reggiani ថា ស្ត្រី​ម្នាក់​ត្រូវបាន​កាត់ទោស​យ៉ាងច្បាស់​លាស់​ពីបទ​បញ្ជា​ឱ្យធ្វើ​ឃាត Maurizio Gucci ... ជា​ជនរងគ្រោះ»។

ខ្លឹមសារ​នៃ​សំបុត្រ​នោះ​បាន​​​បរិយាយថា​ Aldo Gucci និង​សាច់ញាតិ​ត្រូវបានសាច់រឿង​លាបពណ៌​​បង្ហាញថា​ជា «មនុស្ស​ល្ងង់ខ្លៅ និង​មិន​យល់ចិត្ត​ចំពោះ​ពិភពលោក​ជុំវិញ​ពួកគេ»។

គ្រួសារ Gucci លែង​​ជាប់​ពាក់ព័ន្ធ​នឹងប្រ៊េនដ៍​ហ្វេស្សិន​​មួយនេះ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៩០​មក ហើយ​យីហោ​ប្រណីត​នេះ​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង Kering។

ភាពយន្ត​នេះ​បាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​អង់គ្លេស​មុន​ខែវិច្ឆិកា ហើយនឹង​ចេញ​នៅ​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី ១៦ ខែធ្នូ ខាងមុខ​នេះ៕ AFP

ខ្សែភាពយន្ត​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​អូ​ស្ការ​រួចហើយ តារាចម្រៀង និង​សម្ដែង ឡេឌី ហ្កាហ្កា សម្ដែង​ជា​តួឯក។ AFP