​ភ្នំពេញៈ ដោយសារ​ក្តី​ស្រ​ឡាញ់ និង​ទឹកចិត្ត​ចង់​រក្សា​នូវ​ក្បួនខ្នាត​នៃ​ទម្រង់​សិល្បៈ​តែង​​និពន្ធ​ចម្រៀង និង​តន្ត្រីសម័យ​ឱ្យមាន​ភាពត្រឹមត្រូវ​តាម​តម្រា​ខ្មែរ​នោះ ទើប​ក្រុម​កវីនិពន្ធ​ចម្រៀង ក៏ដូចជា​កវី​ទំនុកភ្លេង ដែលមាន​ចិត្ត​ស្របគ្នា សម្រេច​បង្កើត​នូវ​ឆា​ណែ​ល​មួយ ដើម្បី​ទុកជា​ឃ្លាំង​រក្សា​នូវ​បណ្តុំ​ស្នាដៃ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ខ្មែរ​ពិតៗ និង​ក្បួន​តែង​និពន្ធ​ទំនុកច្រៀង​ទាំងនោះ​ទៀតផង​។​

​ឆា​ណែ​ល ជា​បណ្តុំ​នៃ​បទ​​ចម្រៀង​មនោសញ្ចេតនា​បែប​ខ្មែរ​ពីរោះៗ ជា​សំនៀង​របស់​សិល្បករ​-​សិល្បការិនី​ល្បី ដោយមាន​ក្រុម​អ្នកនិពន្ធ​ទំនុកច្រៀង ទំនុកភ្លេង និង​សម្រួល​តន្ត្រី សុទ្ធ​តែមាន​កិត្តិសព្ទ​ល្បី​ក្នុងសង្គម​សិល្បៈ​យូរ​ឆ្នាំ​នោះ មាន​ឈ្មោះថា Mai Vathana Channel YouTube https://www.youtube.com/results?search_query=mai+vathana ដែល​បាន​បង្កើតឡើង ដោយ​កវីនិពន្ធ​ទំនុកច្រៀង​ស្ទាត់ជំនាញ​តាម​ក្បូន​ខ្នាត​ខ្មែរ​លោក ម៉ៃ វ​ឌ្ឍ​នា ដោយ​គេ​ស្គាល់​ថា​ជា​កវី​ជនបទ ​https://www.facebook.com/maivathana/photos តាំងពី​ឆ្នាំ​ ២០១៧ ​មក​។​

កវីជំនាញ​និពន្ធ​ទំនុកច្រៀង ម៉ៃ វឌ្ឍនា និង​លោកគ្រូ អ៊ុក សំអាត​​។ រូប ហ្វេសប៊ុក​

​លោក ម៉ៃ វ​ឌ្ឍ​នា ហៅ​កវី​ជន​​បទ បាន​បង្ហើប​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា​៖ «​បង្កើតឡើង​ដំបូង នៅ​ឆ្នាំ​ ២០១៧ ដោយមាន​បទ​​ចម្រៀង​ប្រហែល ​៤-១០ ​បទ​តែប៉ុណ្ណោះ បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួនឯង​។ ក្រោយពី​ទទួលបាន​ការពិគ្រោះ​ពី​កវី​ទំនុក​​ភ្លេង និង​សម្រួល​តន្ត្រី​លោក យ៉ង់ ពៅ មក​ក៏​សម្រេច​បង្កើតជា​ឆា​ណែ​ល​យូ​ធូប​មួយទៀត ដើម្បី​បញ្ចូល​បទ​ចម្រៀង ដែលជា​ការរក្សា​ទុក​នូវ​ស្នាដៃ​ខ្លួន បាន​ខំ​បង្កើត​មក​។ ដោយពេល​នោះ​លោក យ៉ង់ ពៅ គាត់​ប្រាប់ថា ក្រែងលោ​បទ​ចម្រៀង​រប​ស់​ខ្ញុំ​ទាំងនេះ​អាច​បាន​ផលប្រយោជន៍​ខ្លះ​ពី​ក្រុមហ៊ុន YouTube»​។

​កវី​ជន​រូបនេះ​បន្តថា​៖ «​នៅ​ឆ្នាំ​ ២០១៨ ក៏៏​ទទួលបាន​ការគាំទ្រពី​អ្នកគាំទ្រ​តាម Mai Vathana Channel YouTube​។ មកដល់ពេលនេះ បទ​ចម្រៀង​នៅ​ឆា​ណែ​ល​វ​ឌ្ឍ​នា មាន​ប្រហែលជា ៥០-៦០ បទ ដោយមាន​ទាំង​បទ​ចម្រៀង​ជា​ប្រភេទ Audio ប្រហែល ២០-៣០ បទ ហើយ​សល់​ពី​ហ្នឹង​ គឺជា​បទ​ចម្រៀង​ដែលមាន​ការថត​សម្តែង​កាយវិការ (MV) តាម​អត្ថន័យ​នៃ​បទ​នីមួយៗ​។ ភាគច្រើន​នៅ​ឆា​ណែ​ល​នេះ យើង​ផ្តោត​សំខាន់​លើ​ការផលិត​បទ​ចម្រៀង​បែប​មនោសញ្ចេតនា ស្នេហា​ស្រុកស្រែ​ចម្ការ និង​លក្ខណៈ​បែប​ខ្មែរ​»​។​

​ព្រោះតែ​បទ​ចម្រៀង​នីមួយៗ ទាមទារ​លក្ខណៈ​ផ្ចិតផ្ចង់​តាម​ក្បួនខ្នាត​នោះ ការចំណាយ​ពេលវេលា​ទាំង​និពន្ធ​ទំនុកច្រៀង ទំនុកភ្លេង ការសម្រួល​តន្ត្រី ការ​​ថត​សំឡេង និង​ការថត​សម្តែង​ផងដែរ​នោះ ត្រូវ​ស៊ីពេល​ចន្លោះ​ពី​កន្លះ​ខែ​ទៅមួយ​ខែ ទើប​អាច​ផលិត​បាន​ចម្រៀង ១ បទ​ពេញ​​លេញ​។

​លោក ម៉ៃ វ​ឌ្ឍ​នា បញ្ជាក់​ឱ្យដឹងថា​៖ «​យើង​អាច​និយាយបានថា ចម្រៀង ១ បទ អាច​ស្មើនឹង​សាច់រឿង​កន្លះ​រឿង ឬ ១ រឿង ព្រោះ​ស្នាដៃ​ចម្រៀង​ខ្មែរ​យើង មាន​លក្ខណៈ​ជា​ស្នាដៃ​សិល្បៈ​អក្សរសិល្ប៍​។

​អ៊ីចឹង ១ បទ ធ្វើ​យ៉ាងតិច​ប្រើពេល​កន្លះ​ខែ ទៅ ១ ខែ ខណៈ​ការ​តែង​និពន្ធ​អាច​ប្រើពេល​មួយថ្ងៃ​ទៅ ២ ថ្ងៃ តាក់តែង​ជា​ករណី​មាន​អារម្មណ៍ល្អ​»​។​

​លោក​បន្ថែមថា​៖ «​យើង​មាន​តន្ត្រីករ​ដ៏​ចំណាន​លោក យ៉ង់ ពៅ ជា​អ្នកបច្ចេកទេស​សំឡេង ជា​អ្នកលេង​ហ្គី​តា បាស់ និង​សូ​ឡូ និង​លេង​ព្យា​៉​ណូ ខណៈ​លោកគ្រូ អ៊ុក សំអាត គឺជា​អ្នកនិពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី ដ៏​ប៉ិនប្រសប់ ហើយ​ខ្ញុំ (​ម៉ៃ វ​ឌ្ឍ​នា​) ជា​អ្នក​តែង​ទំនុកច្រៀង​។ សម្រាប់​បទ​ចម្រៀង​យើង​ថត​នៅ​ស្ទូ​ឌី​យោ​ចំនួន ២-៣ តាំងពីដើម​។ ក្នុងនោះ​មាន​ស្ទូ​ឌី​យោ របស់លោក គង់ ពិសិដ្ឋ និង​ស្ទូ​ឌី​យោ Live Band សម្រាប់​ថត​បែប​ប្រគំ​ជា​ក្រុម (Band) ផងដែរ​»​។

បទ​ «ជំងឺ​បងឆ្លងតាម Facebook» ​ប្រមូលផ្តុំដោយ​កវី​ទំនុកច្រៀង និង​ទំនុក​ភ្លេងល្បីៗ។ រូបថត សហ​ការី

​ទោះបីជា​មិនមាន​តុល្យភាព​នៃ​ការផលិត​បទ​ចម្រៀង និង​ប្រាក់កម្រៃ​ពី​ក្រុមហ៊ុន YouTube និង​បាន​ពី​ការជួយឧបត្ថម្ភ​ពី​សាមីខ្លួន ដែលមាន​រស​និយម ចូលចិត្ត​បទ​ចម្រៀង​មនោ​​ស​ញ្ចេ​ត​នា បែប​ស្រុកស្រែ​នោះ​ក្តី ក៏​អ្នកនិពន្ធ​ទំនុកច្រៀង ដែលមាន​រហស្សនាម​ថា «​កវី​ជន​​បទ​» រូបនេះ នៅតែ​ចង់​បន្ត​នូវ​ឆន្ទៈ​ខិតខំ​និពន្ធ និង​ផលិត​បទ​​ចម្រៀង​បែប​ខ្មែរ​នេះ ក្នុង​គោល​​បំណង​ធំ​រួមមួយ របស់​ក្រុម​កវី​លោក​ផងដែរ​។ លោក ម៉ៃ វ​ឌ្ឍ​នា លើកឡើងថា​៖ «​គោលបំណង​ធំ​គឺ​យើង​ចង់​រក្សា​ទុកជា​ឯកសារ ដែល​បានធ្វើ​ជុំគ្នា ទាំង​អ្នក​តែង​-​និពន្ធ​ទំនុកច្រៀង និង​ភ្លេង​ហើយ​ចង់​សាបព្រោះ​នូវ​អ្វី​ជា​គំរូ ចំណេះ​​ជំនាញ​នៃ​សិល្បៈ​វិធី​តែង​និពន្ធ​បទ​ចម្រៀង​ខ្មែរ ប្រកបដោយ​គុណធម៌ សីលធម៌ ហើយក៏​ចង់​ទប់ស្កាត់​នូវ​ការ​ហៀរ​ចូល ឬ​បាចសាច​នូវ​ឥទ្ធិពល​វប្បធម៌ បរទេស​មិនល្អ​ផងដែរ​នៅក្នុង​វិស័យនេះ​»​។​

​លោក​ក៏បាន​អះអាង​បញ្ជាក់ដែរថា​៖ «​រយៈ ២-៣ ឆ្នាំ ចុងក្រោយ​នេះ ឃើញ​មាន​ភាព​ប្រែ​ប្រួល ឬ​មានការ​កែទម្រង់​ក្នុង​បណ្តា Channel YouTube នៃ​ក្រុម​អ្នក​ផលិត​បទ​ចម្រៀង​ខ្មែរ ដែល​មិនសូវមាន​វិធីសាស្ត្រ​បែប​ខ្មែរ​នោះ​ផងដែរ​ គឺមាន​កែប្រែ​ខ្លះ ដែល​ទំនងជា​មកពី​ការ​​ផ្សព្វផ្សាយ​ពី​ខាង​ខ្ញុំ នា​មួយរយៈពេល​នេះ​»​។

​គួរ​បញ្ជាក់ដែរថា តារាចម្រៀង​ល្បីៗ ដែល​បកស្រាយ​ចម្រៀង នៅ​ផលិតកម្ម ឆា​ណែ​ល​យូ​ធូប​វ​ឌ្ឍ​នា (Mai Vathana Channel YouTube) រួមមាន​ដូចជា​លោក ឯក ស៊ី​ដេ លោក ជិន វ​ឌ្ឍ​នា លោក ឌី ថា​រ៉ែ​ន នាយ ពែ​កមី អ្នកនាង ឆោម ច័ន្ទ​នេ​ត និង​អ្នកនាង ពេជ្រ ចរិយា​៕