ភ្នំពេញៈ ក្រោយពី​ចេញ MV បទ​ចម្រៀង​ថ្មី «​ទ្វារ​បេះដូង​» ដែល​និពន្ធ​ទំនុកច្រៀង​ខ្លួនឯង មាន​បញ្ចូល​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ចម្រុះ និង​ឧស្សាហ៍​បង្ហោះ​រូបភាព គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ​ដ៏​ស្រស់ស្អាត​ជារឿយៗ​នោះ ស្រាប់តែ​ពេល​ថ្មីៗ​នេះ អ្នកនាង ពេជ្រ សោភា លើក​ជា​សំណើ​មួយ​ដល់​អ្នកគាំទ្រ ឱ្យ​ឈប់​ប្រើ​រូបភាព​ខ្លួន​បញ្ចូល​នៅក្នុង​ទម្រង់​សិល្បៈ​តន្ត្រី​ថៃ​។​

​ប្រាកដ​ណាស់​ថា តារាចម្រៀង​ស្រី​ល្បី​នៅ​ហង្ស​មាស​រូបនេះ ពិតជា​កម្រ​ឃើញ​មានការ​​គ្រង​ឈុត​សម្លៀកបំពាក់​បែប​បុរាណ​ខ្លាំងណាស់ ទើបតែ​មួយរយៈ​ពេល​ថ្មីៗ​​ប៉ុណ្ណោះ ពោលគឺ​ក្រោយពី​ចេញ​បទ​​ចម្រៀង «​ទ្វារ​បេះដូង​» នោះមក​។ នេះ​បើ​យោងតាម​ការសង្កេត​រប​ស់​ក្រុម​អ្នក​​តាមដាន​ពី​ជីវិត​ឯកជន​របស់​អ្នកនាង ពេជ្រ សោភា​។

​ជាក់ស្តែង​អ្នកនាង ពេជ្រ សោភា បង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួនតាម​ហ្វេ​ស​ប៊ុ​ក ពេល​ស្លៀកពាក់​ឈុត​បុរាណ​ជា​តួអង្គ​ព្រះ​នាង​​សីតា ក្នុង​ស្នាដៃ​អក្សរសិល្ប៍​រឿង​ «​រាមកេរ្តិ៍​» នោះ​ថា​៖ «​នេះ​ជា​លើក​ទី​១ ​ក្នុង​ឆាកជីវិត​​របស់ខ្ញុំ ក្នុងនាម​ជា​កូន​ខ្មែរ ១ ​រូប ដែល​បាន​គ្រង​ឈុត​តួអង្គ​នាង​សីតា ក្នុង​ទម្រង់ (​របាំ​​បុរាណ​) រូបរាងកាយ ខ្ញុំ​ពុំដែល​គ្រង​ឈុត​បុរាណ​នេះ ឈុត​នេះ​បានធ្វើឱ្យ​ខ្ញុំ​ចងចាំ​ការលះបង់​របស់​ដូនតា​យើង សិល្បករ សិល្បការិនី បុរាណ​ចាស់ៗ ដែល​ខិតខំ​ថែរក្សា​​យ៉ាង​យកចិត្ត​ដាក់​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​ឈាមជ័រ ពណ៌​របស់​​សិល្បៈ​ខ្មែរ​»​។​

​មិនតែប៉ុណ្ណោះ​តារាចម្រៀង​ស្រី​រូបនេះ ក៏​ឆ្លៀត​លើកយក​សុភាសិត​ខ្មែរ ១ ​ឃ្លា មក​ចោទសួរ​ដល់​ក្រុម​អ្នកគាំទ្រ ឱ្យជួយ​ផ្តល់​ចម្លើយ​ផងដែរ​ថា​៖ «​ស្លឹកចេក​ផ្ងារ ស្លឹក​ចារ​ផ្កាប់ ផែនដី​ក្រឡាប់ យក​ធាតុ​ទៅ​ទុក​ឯណា​?» ដែល​រំលេច​រូបភាព​ខ្លួន ស្លៀកពាក់​ឈុត​បុរាណ​នោះ​។​

​តែមួយ​រយៈ​មកនេះ ទំនង​ជាមាន​ការយក​រូបភាព​ទាំងនោះ ទៅប្រើ​​ប្រាស់​ខុស​បំណង​របស់​តារាចម្រៀង​​ស្រី​ឈរជើង​យូរ​នៅ​ហង្ស​មាស​ហើយ​ទើប​អ្នកនាង ពេជ្រ សោភា បានចេញ​សារ​សំណូមពរ​ដល់​អ្នកគាំទ្រ​ខ្លួន​មួយ​​រំពេច​។ ដោយ ពេជ្រ សោភា បង្ហើរ​សារ​ជា​សំណូមពរ​យ៉ាងខ្លី​​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ចិត្ត​ហ្វេ​ន​របស់ខ្ញុំ សូមកុំ​យក​រូប​​ភាព​ខ្ញុំ ប្រើប្រាស់​ក្នុង​បទ​ភ្លេង​របស់​សៀម ឬ​ក្នុង​សាច់ភ្លេង​រឿង​របស់​សៀម​ (​ថៃ​)»​។​

​មិន​បង្អង់​យូរ​ក៏មាន​អ្នក​​គាំទ្រ​បែប​ឈឺ​ឆា្អ​លពី​វប្ប​​ធម៌​ខ្មែរ​ចេញ​សារ​លើក​​ឡើង​តប​នឹង​សារ​សំណូមពរ​របស់ ពេជ្រ សោភា ភ្លាមៗ​ថា​៖ «​ថៃ ឬ​សៀម ចាំតែ​ចាប់​​កំហុស​ខ្មែរ​យើង​ទេ រូប​ពាក់ព័ន្ធ​នឹង​ឈុត​បុរាណ​ពួក​សៀម​តែង​​តែ​និយាយថា​ យើង​ចម្លង​ពី​វា ថ្នាក់​បទ​ចម្រៀង​ដែល​បង ទេព បូ​ព្រឹក្ស ទើបតែ​ចេញ វា​នៅតែ​រិះគន់ថា ​ចម្លង​ពី​គេ យ៉ាប់​ណាស់​!»​។​

​ក្រុម​អ្នកគាំទ្រ​នេះ បាន​បន្តទៀតថា​៖ «​ពិសេស​អ្នក​ដែល​ចូលចិត្ត​ប្រៀបធៀប​ប្រទេស​កម្ពុជា និង​​ប្រទេស​គេ ទាំង​ដែល​ខ្លួន​ជា​ខ្មែរ​សោះ បែរជា​លើកស្ទួយ​គេ ភ្លេច​ដើមកំណើត​ឯង បើ​អាចឈប់​ទៅ ខ្មែរ​យើង​ខ្លះ​យក​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ហើយ​ដាក់​បទ​ចម្រៀង​សៀម (​បទ​ចម្រៀង​​បុរាណ​) ពេលខ្លះ​ខ្ញុំ​អត់​យល់​ពី​ពួកគាត់​សោះ​?»៕