​ភ្នំពេញៈ គម្រោង «​ចាប៉ី និង​អនាគត​» ជា​ស្នាដៃ​ផ្ដួចផ្ដើមឡើង​ដោយ​តន្ត្រីករ​ចាប៉ីដងវែង​លោក គាត សុ​គីម ហើយ​លោក​ទទួលបាន​មូលនិធិ​ដំឡើង​ស្នាដៃ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សម្រាប់​ត្រៀម​សម្ដែង​ក្នុង​កម្មវិធី​រដូវ​​វប្បធម៌ «​ទង្វើ​ថ្ងៃនេះ ផល​តបស្នង​ថ្ងៃ​​ស្អែក​» ដែល​នឹង​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ ​២០២២ ខាងមុខនេះ​។

លោក សុ​គីម ដែលជា​តន្ត្រីករ និង​ជា​នាយក​សាលា​ភ្លេង​មិត្ត​តន្ត្រី បានបង្ហាញ​ចំណាប់អារម្មណ៍​ទាំង​រំភើប​ថា នេះ​គឺជា​ឱកាស​ដ៏​ពិសេស ក្នុងការ​​បង្ហាញ​ចាប៉ីដងវែង ក្នុង​ទម្រង់​ច្នៃ​ប្រឌិត​ថ្មី ដែល​ភាគច្រើនបំផុត​កម្រឃើញ​ចាប៉ី​ក្នុង​ទម្រង់​ផ្សេងៗ​ណាស់​។ លោក​បន្តថា​៖ «​ជាទូទៅ គេ​ស្គាល់​ថា ជា​អ្នក​ចាប៉ី​គឺ​ត្រូវតែ​ជា​អ្នក ដែល​ចេះ​ច្រៀង​ផង និង​ប្រគំ​ផង ព្រោះតែ​គេ​មិនបាន​ចាប់អារម្មណ៍​ថា តាំងពី​យូរលង់់​មកហើយ​ចាប៉ី​ត្រូវបាន​ប្រគំ​ក្នុង​ទម្រង់​ផ្សេងៗ​ដូចជា ភ្លេង​ការ​បុរាណ មហោរី និង​អារក្ស​ជាដើម​។ ហើយ​បច្ចុប្បន្ននេះ គេ​ក៏​អាច​យក​ចាប៉ី​ទៅ​បង្កើតជា​ស្នា​ដៃ​ថ្មី​ថែម​ទៀតផង​»​។​

ស្នាដៃ​នេះ​នឹង​បង្ហាញ​អំពី​ដំណើរ​វិវឌ្ឍន៍​ចាប៉ីដងវែង ចេញពី​ទម្រង់​ភ្លេងបុរាណ និង​ដំណើរ​រុករក​ស្វែងយល់​អំពី​ទម្រង់​ថ្មីៗ​នៃ​តន្ត្រី​តាម​វប្បធម៌​នីមួយៗ យកមក​រួមបញ្ចូល​គ្នា​លើ​ឆាក​តែមួយ​។ គួរបញ្ជាក់​ដែរ សមាជិកដែល​សម្ដែង​ក្នុង​ស្នាដៃ​នេះ មាន​ចំនួន ៧​ រូប ដែល​មកពី​កម្ពុជា ជប៉ុន ស៊ុយអែត និង​អង់​​គ្លេ​ស ហើយ​កម្រង​បទ​ចម្រៀង ដែល​នឹង​បង្ហាញ​គឺ​បាន​ដកស្រង់​ចេញពី​តំបន់​នានា ជុំវិញ​ពិភពលោក​រួមមាន​អាស៊ី អាហ្វ្រិ​ក អឺរ៉ុប និង​អារ៉ាប់​ផងដែរ​។ ជាពិសេស មាន​បទ​ភ្លេង​តែង​ថ្មី ដោយ​ប្រើប្រាស​ឧបករណ៍់​ចាប៉ីដងវែង ជា​គោល​ផងដែរ​។​

ស្នាដៃ «​ចាប៉ី និង​អនាគត​» មាន​គោលបំណង​បំផុសគំនិត​ថ្មី​មួយ​កាន់​​តែ​ទូលាយ​លើ​ឧបករណ៍​ចាប៉ីដងវែង ដើម្បី​ទាក់ទាញឱ្យមាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ​អំពី​ចាប៉ី និង​ដើម្បីឱ្យ​ទស្សនិកជន​ខ្មែរ​ទទួលបាន​អារម្មណ៍​ថ្មី និង​ប្លែក​ជាមួយ​កម្រង​បទ​ចម្រៀង ដែលមាន​ចម្រុះ​វប្បធម៌​មួយ​នេះ​។

ក្រៅពី​ស្នាដៃ «​ចាប៉ី និង​អនាគត​» គឺ​នៅមាន​ស្នាដៃ​ ៣ ទៀត ដែល​នឹងត្រូវ​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រដូវ​វប្បធម៌​នេះដែរ រួមមាន​ឈ្មោះ «​ផ្ទះ​កសិដ្ឋាន​ធម្មជាតិ​» ជា​ទម្រង់​ល្ខោននិយាយ ឈ្មោះ «​ស​កេរ​» ជា​ទម្រង់​របាំ​សហ​សម័យ​បែប​ឌីជីថល និង​ឈ្មោះ​ «Rhythm-​ចង្វាក់​» ជា​ទម្រង់​តន្ត្រី​សហ​សម័យ​បែប​ឌីជីថល​។ កម្មវិធី​រដូវ​វប្បធម៌ រៀបចំឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ​២០២២​។

ចង់ដឹង​អំពី​កម្មវិធី​លម្អិត សូម​ទំនាក់​ទំនង ០៨៦ ៨៩៥ ៥៥៦ ឬ​អ៊ី​មែ​ល chandaly@cambodianlivingarts.org៕