ភ្នំពេញៈ​ ​ក្រោយពី​បង្ហាញ​មុខមាត់​ពិតជា​សាធារណៈ​មក​នោះ តារាចម្រៀង​ប្រុស​រលក​ក្រោយ​នៅ​សាន់​ដេ សុខ មេសា ហៅ នាយ​ចឺម កាន់តែ​ស្អិតល្មួត​នឹង​ម្ចាស់​ចិត្ត​ថ្មី គឺ​ស្រស់ស្អាត សាច់​សខ្ចី​ឈ្មោះ សេង សុ​ឃីម តែ​ពួកគេ​ពុំទាន់​មាន​គម្រោង​គិតគូរ​រឿង​រក​វេលា​ចូល​រោង​ជ័យ​នៅឡើយ​ទេ​។​

​នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​តារា​ចម្រៀង​ប្រុស​នៅ​សាន់​ដេ នាយ ​ចឺម ខណៈ​មហា​ជន​សង្កេតឃើញថា តារាចម្រៀង​ប្រុស​ដែល​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង​រូបនេះ កាន់តែ​បង្ហាញ​សម្ព័ន្ធភាព​យ៉ាង​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ម្ចាស់​បេះដូង​ថ្មី ដែលជា​តារា​ស្រី​ថត​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម និង​ជា​ថៅកែ​លក់​ផលិតផល​រក្សា​សម្រស់​នេះ​ជាងគេ បើ​ធៀប​នឹង​គូ​មុនៗ​។​

​នាយ​ចឺម ម្ចាស់​បទ «​ថ្លៃទឹកដោះ​» ដែលជា​បទ​ថ្មី​ទើប​ចេញ​នៅ​ផលិតកម្ម​សាន់​ដេ ដោយមាន​វត្តមាន​គូស្នេហ៍​ថ្មី​ស្រី​ស្រស់ សេង សុ​ឃីម ថត​សម្តែង MV ជាមួយ​ដែរនោះ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ពួកយើង​កំពុងតែ​ត្រូវ​ការប្រើ​ពេលវេលា ដើម្បី​មើលចិត្ត​គ្នា​បន្តិចទៀត​សិន ហើយ​រឿង​រៀបការ យើង​អត់​ទាន់​គិត​នៅឡើយ​ទេ​បង​!»​។​

​ដោយសារ​មើលឃើញថា គូស្នេហ៍​ក្រោយ​របស់​នាយ​ចឺម មាន​សាច់​-​ឈាម​ស្រស់ថ្លា សខ្ចី និង​ត្រេ​មុខ​ដូច​កូនកាត់ ហើយ​ពេលខ្លះ​ក៏មាន​ស្លៀកពាក់​បែប​ប្រពៃណី​អ៊ិ​ស្លាម​ទៀតផង​នោះ​ ទើប​មានការ​សង្ស័យ​មន្ទិល​ថា ស្រី​ស្រស់ សេង សុ​ឃីម ទំនងជា​កូនកាត់​ចិន ឬ​កូនកាត់​ចាម​។​

តែ​តារាចម្រៀង​ប្រុស​ដែល​អភិវឌ្ឍ​ខ្លួន​ពី​តារា​កំប្លែង មាឌ​ល្អិត​ចិត្តធំ សម្បុរ​ស្រអែម តែ​សម្បូរ​ក្តី​ស្នេហ៍​នាយ​ចឺម បានបញ្ជាក់​ប្រាប់ថា​៖ «​គាត់​ជា​កូនចៅ​អ្នក​ខេត្តកំពង់ចាម ហើយ​ជា​កូនកាត់​ខ្មែរ​-​ចិន​។ គាត់​ជា​អ្នក​ប្រកប​មុខ​ជំនួញ និង​ទទួល​ថត​តែ​ស្ប៉ត​ផ្សាយ​ផលិតផលតែ​​ប៉ុណ្ណោះ ហើយ​មិន​ទទួល​ថត​សម្តែង​នោះទេ​»​។​

​បើតាម​សង្កេត សម្ព័ន្ធភាព​ស្នេហ៍​ថ្មី​រវាង​តារាចម្រៀង​ប្រុស​នៅ​សាន់​ដេ ឈ្មោះ​ពិត សុខ មេសា ហៅ នាយ​ចឹ​ម និង​ស្រី​ស្អាត​សាច់​ខ្ចី សុ​ឃីម បាន​បើកចំហ​ចាប់ពី​ឃើញ ពួកគេ​បង្ហាញ​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម នៅ​ថ្ងៃ​មង្គល​​ការ​តារាចម្រៀង​ស្រី​នៅ​សាន់​ដេ អ្នកនាង វីរៈ និច្ច តាំងពី​ពាក់កណ្តាលខែតុលា ឆ្នាំ​ ២០២១​។​

​កាន់តែច្បាស់​នោះ​ នាយ​ចឺម បាន​រៀបរាប់​តាម​ហ្វេ​ស​ប៊ុ​ក សារ​-​ភាព​ពី​បេះដូង​ខ្លួន​ថា​៖ «​មាន​មនុស្ស​ស្រី​ជា​ច្រើន ដែល​ចូលក្នុង​ជីវិត​បង ដែល​ឃើញតែ​ផល​ប្រយោជន៍​តែ​អូន គឺ​ខុស​​គ្នា មិនអាច​ប្រៀបធៀប​គ្នា​បាន​។ អូន​ជាម​នុស្ស​ស្រី​តែ​ម្នាក់​ដែល​ធ្វើឱ្យ​បង​ព្រម​ឈប់​ត្រឹម​អូន​! អូន​ជាម​នុស្ស​ស្រី ដែល​នៅ​ពីក្រោយ បង​គ្រប់​-​ពេល សុំ​អូន​កុំ​ខ្វល់​ពីស​ម្តី​អ្នក​ដទៃ សុំ​ត្រឹម​អូន​ជឿជាក់​បង អូន​ជា​គ្រប់យ៉ាងរ​បស់បង ធ្វើ​គ្រប់យ៉ាង​គឺ​ដើម្បី​អូន រឿង​អ្វី​ក៏ដោយ មុន និង​-​ក្រោយ គេ​គង់តែ​ដឹង​ការពិត​»​។​

​នាយ​ចឺម តារាចម្រៀង​ប្រុស​នៅ​-​សាន់​ដេ រូបនេះ បាន​បន្តទៀតថា​៖ «​អូន​មិន​ខ្លាច នឹង​នៅ​ពីក្រោយ​បង​ឈរ​មើល​ភាពជោគជ័យរ​បស់បង​ឡើយ អ្វីដែល​អូន​ខ្លាច​គឺ​ពេល​បង​ជោគជ័យ អ្នក​នៅ​ពីក្រោយ​បង មិនមែនជា​អូន​»៕