ក្រុង​រ៉ៃ​ក្យា​វិក​: ស្រា​បៀរនា​រដូវ​គ្រិស្ត​ស្មាស់​ដែល​ផលិត​ពី​គ្រាប់​សណ្ដែក​ហោ​ឡាន់​តាវ និង​ជ្រក់ស្ពៃ​​ក្ដោប​ស្វាយ ក្លាយជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​នៅ​អ៊ីស្លង់ និង​លក់ដាច់​អស់​គ្មាន​សល់​ត្រឹម​ពេល​ប៉ុន្មាន​ម៉ោង​។​

​ផលិត​នៅ​សិប្បកម្ម​បិតស្រា​ដ៏​តូច​​មួយ​នៅ​ក្រុង​រ៉ៃ​ក្យា​វិក បង្កើត​រូបមន្ត​ស្រា​បៀរ Ora Jolabjor ប្រែ​ថា​ស្រា​បៀរ​គ្រិស្ត​ស្មាស់ ផលិត​ដោយ​ទទួល​ឥទ្ធិពល​ពី​គ្រឿងផ្សំ​អាហារ​ពេល​ល្ងាច​នៅ​អ៊ី​ស្លង់​។​

​ពិធីជប់លៀង​គ្រិស្ត​ស្មាស់​នៅ​ទីនោះ​មិន​ចោល​ទេ សណ្ដែក​ហោ​ឡាន់​តាវ និង​ស្ពៃក្ដោប​ស្វាយ ជាមួយ​ភ្លៅ​ចៀម​ឆ្អើរ និង​ដំឡូងបារាំង​ឆឹង​ផ្អែម​។​

​ស្រា​បៀរ​ថ្មី​នេះ ដែលមាន​ផ្ទុក​កម្រិត​ជាតិ​អាល់កុល ៥,២​ ភាគរយ និង​បាន​ផ្ដួចផ្ដើម​ផលិត​ពី​លោក Valgeir Valgeirsson ជា​អ្នកជំនាញ​បិត​​ស្រា​បៀរ​ដ៏​ល្បីល្បាញ​។​

​លោក​សាង​កេរ្តិ៍ឈ្មោះ​តាមរយៈ​ការ​​ច្នៃ​ស្រា​បៀរ នា​រដូវ​បុណ្យ​គ្រិស្ត​ស្មាស់ ដែល​ប្រើ​គ្រឿងផ្សំ​ប្លែកៗ រួមមានសារាយសមុទ្រ គល់​ខ្ទឹម​ស្រស់ និង​ត្រី​ក្រៀម​។ បុរស​ពុកចង្កា​ល្បាយ​អាចម៍​​ខ្លា វ័យ ៥១ ​ឆ្នាំ​រូបនេះ​ថា​៖ «​ស្រា​បៀរ​ធ្វើ​ពី​ត្រី​កាលណោះ ពិតជា​មាន​រស​​ជាតិ​ចម្លែក​បន្តិច​»​។​

​ការច្នៃ​លើក​នេះ លោក​លាយ​គ្រាប់​សណ្ដែក​ហោ​ឡាន់​តាវ​ជាមួយ​ស្ពៃ​​ក្ដោប ស្រូវ​ម៉ា​ល់ ហប់ និង​ក្លាំង​ពូ​។​

​សិប្បកម្ម​ស្រា​បៀរ​លោក​អាច​ផលិត​បាន​ប្រមាណ ៥ ​ម៉ឺន​លីត្រ ​ក្នុង ១ ​ឆ្នាំ មិន​ស្មើនឹង​ទឹក ១ ​តំណក់​នៃ​សមុទ្រ​ស្រា​បៀរ​ផលិត​ដោយ​ក្រុមហ៊ុន​ធំៗ​ក្នុង​ពិភពលោក​ផង ប៉ុន្តែ​ការចេញលក់ ៦​ ពាន់​លីត្រ​ដំបូង ប្រើពេល​ត្រឹម​​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ធ្វើឱ្យ​លោក​ត្រូវ​បន្ថែម ១៨ ០០០ ​លីត្រ​ទៀត​។​

​នៅ​អ៊ី​ស្លង់​ដែលមាន​ប្រជាជន​សរុប ៣៧​ ម៉ឺន​នាក់ ប្រពៃណី​ទទួលទាន​សណ្ដែក​ហោ​ឡាន់​តាវ និង​ស្ពៃក្ដោប​​ស្វាយ ជា​អត្តសញ្ញាណ​បុណ្យ​គ្រិស្ត​ស្មាស់​នៃ​ប្រទេស​នេះ​៕ AFP