ក្រុងហ្សឺណែវ៖ វីរុស​បំប្លែង​ខ្លួន អូមីក្រុង ត្រូវ​បាន​រក​ឃើញនៅក្នុង​ ៣៨ ​ប្រទេសហើយ តែ​មិន​មាន​ករណី​ស្លាប់​ត្រូវបាន​រាយ​ការណ៍​នោះទេ។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ ខណៈ​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស​ខិតខំ​ទប់ស្កាត់​ការ​រីករាល​ដាល​វីរុស​បំប្លែង​ខ្លួនមួយ​នេះ​ ដែលអាច​ស៊ី​ទាំង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​​ផង​ដែរ។

សហរដ្ឋ​អាមេរិក និង​អូស្ដ្រាលី​បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ ក្នុងការ​បញ្ជាក់​ពីវត្ដមាន​ករណី​វីរុស​បំប្លែង​ខ្លួន​ ខណៈ​អូមីក្រុង​ បាន​ឆ្លងទៅ​​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ជាង ៣​លាន​នាក់​រួចទៅហើយ។

អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ខ្លួន​ត្រូវការ​ពេល​ច្រើន​សប្ដាហ៍​ទៀត​ក្នុង​ការ​កំណត់​ថា តើ​អត្រា​ឆ្លងរបស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​មានច្រើន​ដល់​កម្រិត​ណា និង​អាចបង្ក​ហានិភ័យ​ដល់​សុខភាព​ធ្ងន់​ធ្ងរ​កម្រិត​ណា​ ក៏ដូចជា​លទ្ធភាព​នៃការ​ព្យាបាល​ និង​ប្រសិទ្ធភាព​របស់វ៉ាក់សាំងផង។

នាយក​ផ្នែក​គ្រប់គ្រង​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក មីឆែល រីយ៉ាន បាន​និយាយថា​៖ «​យើង​នឹង​ដឹង​ពីលទ្ធផល​​ដែល​មនុស្ស​គ្រប់​រូបកំពុង​អន្ទះសា​ចង់ដឹង»។

អង្គការ​សុខភាព​ពិភពលោក​បាន​បន្ដថា ខ្លួន​មិន​បាន​ឃើញ​របាយការណ៍​មរណភាព​ទាក់ទង​នឹង​វីរុស​អូមីក្រុងទេ តែ​ការ​រីករាល​ដាល​ដ៏​លឿន​របស់វា​បាន​ធ្វើ​ឱ្យ​អង្គការ​មួយ​នេះ​ព្រមាន​ថា វា​អាច​គ្របដណ្ដប់​ លើករណីឆ្លង​ជាង​ពាក់​កណ្ដាល​នៅអឺរ៉ុប​ក្នុង​រយៈ​ពេល​​​ប៉ុន្មាន​ខែ​ខាងមុខ។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ខ្លួន​មិន​បាន​ឃើញមាន​របាយការណ៍​មរណភាព​ទាក់ទង​នឹង​វីរុស​អូមីក្រុងទេ។ AFP

វីរុស​បំប្លែង​ខ្លួន​ថ្មីនេះ ​ក៏អាច​ពន្យឺត​ដំណើរ​ការ​ស្ដារសេដ្ឋកិច្ច​ឡើង​វិញ មិន​ខុសពី​អ្វីដែលវីរុស​ដែលតាធ្លាប់បាន​បង្ក​ឡើង​ដែរ។ នេះ​បើ​យោងតាម​ប្រធាន​មូលនិធិ​រូបិយប័ណ្ណ​អន្ដរជាតិ (IMF) គ្រីស្ដាលីនា ចចហ្គែវ៉ា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ។

លោកស្រី បាន​បន្ដថា​៖ «វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​កំពុង​តែ​ផ្ទុះ​ខ្លាំង​នេះ អាច​បង្អាក់​សម្ទុះ​សេដ្ឋកិច្ច​»។

ការ​សិក្សា​បឋម​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អាហ្វ្រិក​ខាង​ត្បូង ជាទីដែល​អូមីក្រុង ផ្ទុះ​ឡើង​ដំបូងគេ កាលពីថ្ងៃទី២៤ ខែ​វិច្ឆិកា បាន​លើកឡើង​ថា វា​មានអត្រា​ឆ្លង​ខ្ពស់​ជាងវីរុសដែលតា ឬ បេតាដល់ទៅ ៣​ដង​ឯណោះ។

ក្រុម​វេជ្ជបណ្ឌិត​អាហ្វ្រិក​ខាង​ត្បូង​បាន​ឱ្យ​ដឹងថា វា​វាយលុកខ្លាំងលើ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​ ដែល​ត្រូ​វបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យក្នុង​ចំនួន​ដ៏​ច្រើន​តាំងពី​អូមីក្រុង​រីករាល​ដាល តែ​ពួកគេអះអាងថា មិន​ទាន់​ច្បាស់​ថា វា​បណ្ដាល​មកពី​វីរុស​បំប្លែង​ខ្លួន​ថ្មីនេះ​ឬ​យ៉ាងណានៅឡើយ។

វ៉ាស៊ីឡា ចាសាត់ មកពី​វិទ្យាស្ថាន​ជាតិ​សម្រាប់​ជំងឺ​ឆ្លង បាន​និយាយថា​៖ ​«គ្រោះអាក្រក់​កើត​ឡើង​លើ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​នេះ​ឈរ​លើ​កំពូលតារាង​លំដាប់ទី២ បន្ទាប់​ពីអត្រា​មនុស្ស​ចាស់​»។

អូមីក្រុង បាន​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ចំពោះ​យុទ្ធនាការ​បញ្ចប់​វិបត្ដិ​សុខភាព​សកល។ ការ​កើន​ឡើង​នៃ​វីរុស​ដែលតា បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​នៅ​អឺរ៉ុប​ដាក់​ចេញ​វិធាន​ការ​ពាក់​ម៉ាស់ រក្សា​គម្លាត បម្រាម​គោចរ ឬបិទខ្ទប់​ ដែល​ធ្វើ​ឱ្យ​មុខ​ជំនួញ​នានា​លែងហ៊ាន​សង្ឃឹម​ក្នុង​ឱកាស​បុណ្យ​គ្រិស្ដ​សា្មស់​ខាងមុខ​នេះ​រួច​ទៅហើយ​៕ AFP/HR