ក្រុង​ឡុងដ៍៖ បុគ្គលិក​ពេទ្យ​នៅ​ចក្រ​ភពអង់គ្លេស ត្រូវ​ធ្វើ​ការយ៉ាង​ញាប់ដៃញាប់ជើង ក្រោយ​ពី​បុរស​ម្នាក់​បាន​មក​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់​ដោយ​មាន​គ្រាប់​កាំភ្លើង​សល់​ពី​សម័យ​សង្គ្រាម​លោកលើកទី២ ដោតជាប់ក្នុងរន្ធ​គូទ​។

ប៉ូលិស​នៅGloucestershire ភាគ​ខាង​លិច​ប្រទេស​អង់គ្លេស បាន​និយាយថា​ ប៉ូលិស និង​អ្នក​ជំនាញ​អាវុធ​យុទ្ធភណ្ឌ ត្រូវបាន​ខល​ហៅ​ តែ​ក្រុម​គ្រូ​ពេទ្យ​បាន​យក​គ្រាប់​នោះ​ចេញ​ដោយ​សុវត្ថិភាព​មុន​ពេល​ពួកគេ​មកដល់​។

ប៉ូលិស​បាន​ឱ្យដឹង​ក្នុង​សេចក្ដីថ្លែង​ការណ៍ថា៖ «​ប៉ូលិស​បាន​ទៅដល់​មន្ទីរពេទ្យ Gloucestershire Royal Hospital កាលពី​ព្រឹក​ថ្ងៃពុធ ក្រោយ​ពីមាន​ការ​រាយ​ការណ៍​ថា អ្នក​ជំងឺ​ម្នាក់​ជួប​ហេតុ​ការណ៍​មុត​គ្រាប់​កាំភ្លើង​ជាប់ក្នុងរន្ធគូទ​ប៉ុន្តែគ្រាប់​នោះ ត្រូវបាន​យកចេញ​មុន​ពេល​ប៉ូលិស​ទៅដល់​ ហើយ​ក្រុម​អង្គភាព​កម្ចាត់​គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ត្រូវបាន​ទាក់ទង​ឱ្យ​មក​មន្ទីរពេទ្យ​ផង​ដែរ​។ ពួកគេ​បាន​អះអាង​ថា គ្រាប់​យុទ្ធភណ្ឌ​នោះ​ខូចប្រសិទ្ធភាពទៅហើយ ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​មហាជន​ឡើយ​»។

រូបតំណាង៖ បុគ្គលិក​ពេទ្យ​សង្គ្រោះ​​បុរស​ម្នាក់​ដែលរន្ធគូថ​មាន​​ជាប់​គ្រាប់​កាំភ្លើង​សល់​ពី​សម័យ​សង្គ្រាម​លោកលើកទី២។

អ្នក​នាំពាក្យ​កង​កម្លាំង​ម្នាក់​ បាន​បន្ថែមថា​៖ «​យើង​អាច​បញ្ជាក់​ថា កង​កម្លាំង​កម្ទេច​គ្រឿង​ផ្ទុះ​ត្រូវបាន​ហៅ​ឱ្យ​មក​កាន់​មន្ទីរពេទ្យ Gloucestershire តាម​សំណើ​របស់ប៉ូលិស​មូលដ្ឋាន​»។

កាសែត The Sun ដែល​រាយ​ការណ៍​ពីឧប្បត្ដិហេតុ​នេះ បាន​ផ្សាយថា អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​អត្ដសញ្ញាណ​រូប​នេះ បាន​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា លោក «​រអិល​ជើង​ដួលអុកគូទ​លើ​គ្រាប់កាំភ្លើង​នោះ​»។

កាទូសគ្រាប់​កាំភ្លើងនោះ មានប្រវែង ១៧គុណនឹង ៦​សង់ទីម៉ែត្រ មាន​ចុង​ស្រួច​ ជាគ្រាប់ដែលផលិត​ឡើង​សម្រាប់បាញ់​ទម្លុះ​ដែក​រថក្រោះ​។

ប្រភព​បាន​បន្ដថា​៖ «​វាគ្រាន់តែ​ជា​ដែកធម្មតា​ប៉ុណ្ណោះ អ៊ីចឹង វា​មិន​បង្ក​ឱ្យ​ផ្ទុះ​ឡើយ​»។

ជន​រង​គ្រោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​ និង​បាន​ធូរ​ស្បើយ​វិញ​ហើយ​៕ AFP/HR