ក្រុង​វែលលីងតុន៖ ប្រទេស​ប្រជុំកោះ​ឃុក (The Cook Islands) កាល​ពីថ្ងៃ​សៅរ៍ បាន​កត់ត្រា​ករណី​អ្នក​ជំងឺ​កូវីដ ១៩ ជា​លើកដំបូង​ ចាប់តាំងពី​ពិភពលោក​ធ្លាក់​ក្នុង​វិបត្ដិ​សុខុមាលភាព​សកលលើក​ដំបូង ខណៈ​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ដ៏​តូចមួយ​នេះ​បាន​ប្រកាស​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ទេសចរ។

ដែនកោះ​ដែល​មាន​ប្រជាជនសរុប​តែ ១៧០០០​នាក់ មានអត្រា​ចាក់វ៉ាក់សាំង​ច្រើន​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​ពលរដ្ឋគ្រប់​អាយុ​ ៩៦​ភាគរយ​ទទួលបាន​ការ​ចាក់​វ៉ាក់សាំងគ្រប់​ដូស។

នាយករដ្ឋ​មន្ដ្រី ម៉ាក ប្រោន បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ករណីដំបូង​នេះ​ត្រូវបាន​រក​ឃើញ​លើ​កុមារា​ម្នាក់​អាយុ ១០​ឆ្នាំ ដែល​កំពុង​ធ្វើ​ចត្ដាឡីស័ក ក្រោយ​ពី​មក​ធ្វើដំណើរ​តាម​ជើង​ហោះហើរ​ជាមួយ​ក្រុម​គ្រួសារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

កុមារា​រូប​នោះ​ត្រូវបានគេដឹង​ថា​បាន​ធ្វើដំណើរមកពី​ប្រទេស​នូវែលសេឡង់។

រូបតំណាង៖ ប្រទេស​ប្រជុំកោះ​ឃុក (The Cook Islands) បាន​កត់ត្រា​ករណី​អ្នក​ជំងឺ​កូវីដ១៩ ជា​លើកដំបូង។ AFP

លោក ប្រោន បាន​បន្ដថា​៖ «​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​វេលា​ដែល​យើង​បើក​ព្រំដែន​ឡើង​វិញ។ ការ​បើកប្រទេស​សាកល្បងនេះ បាន​បង្ហាញ​ពី​សមត្ថភាព​នៃការ​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​»។

ប្រទេស​ដែន​កោះ ដែល​បាន​បិទ​ព្រំដែន​ប្រជុំកោះ​ចំនួន១៥ របស់ខ្លួន​ ពេល​ផ្ទុះ​ការ​រាត​ត្បាតលើក​ដំបូង បាន​ប្រកាស​ផែនការ​បន្ដ​ការ​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​ធ្វើ​ចត្ដាឡីស័ក​ជាមួយ​ប្រទេស​នូវែលសេឡង់​ នៅ​ថ្ងៃទី១៤ ខែ​មករា​ខាង​មុខ។

ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​ជាមួយ​នូវែលសេឡង់ ត្រូវបាន​អាក់ខាន​តាំងពី​ដើម​ឆ្នាំ ពេល​មាន​ការ​ផ្ទុះ​ការ​រីករាល​ដាល​នៅ​ អូកលែន៕ AFP/HR