ក្រុងអាម៉ាន់៖ បុរស​ហ្ស៊កដានី ម្នាក់​ឈ្មោះ មូហាមម៉េដ ម៉ាល់ហាស មាន​ក្ដីសុបិន​ចង់​ក្លាយ​ជា​អ្នកបើកបរ យន្តហោះ​ហើយ​ពេលនេះ ស្ថិតក្នុងវ័យ​ ៧៦ ​ឆ្នាំ លោក​កំពុង​តែ​ហោះហើរ​ខ្ពស់​កប់​ពពក​នៅក្នុង​បន្ទប់បញ្ជា​យន្ដហោះ​ដែល​លោក​សាងសង់ឡើង​នៅ​ក្នុង​ផ្ទះ ក្នុង​បន្ទប់​ជាន់​ក្រោម​​ដី​។

លោក ម៉ាល់ហាស បាន​ប្រាប់ AFP ថា​៖ «​តាំងពី​ដើម​មក ក្មេង​ប្រុស​​ម្នាក់​​តែងតែ​សម្លឹង​មើល​ហ្វូង​បក្សី​នៅ​លើ​មេឃ និង​ប៉ង​ចង់​ហោះហើរឱ្យបាន​នៅថ្ងៃ​ណាមួយ​»។ ពេល​នៅ​ពីក្មេង លោក​ចូលចិត្ដ​លេង​បង្ហើរ​ខ្លែង​ និង​ងឿងឆ្ងល់​ថា តើ​ហេតុ​អ្វី​បាន​ជា​ក្រដាស​អាច​ហើរ​បាន​ខ្ពស់​បែប​នេះ?​។

អង្គុយ​ក្នុង​បន្ទប់​ដែល​កសាង​ឡើង​តាម​លំនាំបន្ទប់បើកបរ​យន្ដហោះ​ Boeing 737-800 ដែល​បាន​ចំណាយ​ពេល​ ៣​ឆ្នាំ​ លោក​បន្ថែមថា​៖ «​ក្ដី​បំណង​ និង​ការ​ស្រឡាញ់​ការ​ហោះហើរ​បាន​ជ្រួតជ្រាប​ពេញ​ហឫទ័យ​។ បេះដូង​របស់​ខ្ញុំ​តែងតែ​ស្រមើស្រមៃ​នៅ​លើ​វេហាស៍​ ហើយ​ក្ដី​សុបិន​របស់​ខ្ញុំ​គឺចង់​ក្លាយជា​ពីឡុត​ម្នាក់ប៉ុន្ដែ​កាលៈទេសៈ​មិន​អំណោយ​ផល​សោះ​»។

លោក មូហាមម៉េដ ម៉ាល់ហាស ស្ថិត​ក្នុង​បន្ទប់​បើកយន្ដហោះដែល​លោក​សាងសង់ឡើង​នៅ​បន្ទប់​ក្រោមដី​​ក្នុងផ្ទះរបស់លោក​​។ AFP

លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​មន្ទីរពេទ្យ​ពី​សាកលវិទ្យាល័យ​ក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ​១៩៦៩ និង​បន្ដធ្វើ​ការងារ​ជាមួយ​ឪពុក​នៅ​មន្ទីរពេទ្យ​ក្រុង​អាម៉ាន់ ដែល​គ្រួសារ​របស់​លោក​បាន​បង្កើត​ឡើង​។

ថ្ងៃមួយ​លោកបាន​ចូលរួម​ហ្វឹកហ្វឺន​នៅមូលដ្ឋាន Royal Jordanian Air Academy ក្នុង​ឆ្នាំ​១៩៧៦ ដោយ​តស៊ូ​ក្រោក​ពីព្រលឹម​ដើម្បី​រៀន​បើកបរ​យន្ដហោះ​។ នៅ​ឆ្នាំ​២០០៦ លោក​អាចបើកបរយន្ដហោះ​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប VR។ លោក​បន្ដ​ចូលរួម​ជាមួយ​ក្លិប​ស្ទូឌីយូ​ហោះហើរ​ ដែល​ពួកគេ​អាច​បើកបរ​យន្ដហោះ​ស្ទើរតែ​ដូច​ការពិត​។

ពេលនេះ លោក ម៉ាល់ហាស បាន​ចូល​និវត្ដន៍ហើយ​ តែ​ក្ដី​បំណង​ ប្រាថ្នាក្លាយ​ជា​ពីឡុត បែរជា​កាន់តែ​ពុះ​កញ្ជ្រោល​ឡើង​។

បុរស​ហ្ស៊កដានី​អាយុ ៧៦​ឆ្នាំ បង្ហាញ​បន្ទប់​បញ្ជា​យន្ត​ហោះ ដែល​ស្ថិត​នៅ​ក្នុងផ្ទះ ក្នុងបន្ទប់ក្រោមដី។ AFP

អង្គុយ​នៅ​ចំពី​មុខ​អេក្រង់ធំៗ​ចំនួន ៣ បំពាក់​ដោយកុងតាក់ និង​ប្រព័ន្ធ​បញ្ជា​ស្អេកស្កះ បន្ទប់​បញ្ជា​ការហោះហើរ​ដែលច្នៃ​បង្កើតឡើងដោយ​ខ្លួន​ឯង លោក ម៉ាល់ហាស បាន​ហោះ​ឆ្លងកាត់​ទ្វីប​ ​តាមរយៈចុង​ម្រាម​ដៃ។

សម្ភារ​យន្ដហោះរបស់លោក​ទាំង​អស់ សុទ្ធតែ​ទិញមកពី​ផ្សារ​ក្នុង​ស្រុក រួមទាំង កៅអី​យន្ដហោះ​ដែលត្រូវបាន​ដោះ​ចេញ​ពី​រថយន្ដ​ក្រុង​។ អេក្រង់​បង្ហាញ​រូបភាព​ពពក និង​លើវេហាស៍ ដងទន្លេ ព្រៃ​ព្រឹក្សា និង​វាលខ្សាច់​នៅខាងក្រោម​ ទាំងអស់នេះលោកថែមទាំងអាច​ជ្រើសរើស​ទេសភាពទៅតាម​រដូវកាលបានទៀតផង។

ការងារ​ ៣​ឆ្នាំ​របស់​លោក​ ដោយ​មាន​ជំនួយ​ពី​មិត្ដភក្ដិ​ ដែល​ជា​វិស្វករ​អេឡិចត្រូនិកផងនោះ​ បាន​ធ្វើឱ្យ​លោក​ចំណាយ​ប្រាក់អស់​ ៨៤០០​ដុល្លារ៕ AFP/HR

ស្ថិត​ក្នុង​បន្ទប់ក្រោមដី បុរស​ហ្ស៊កដានី​កំពុង​តែ​ហោះហើរ​ខ្ពស់​កប់​ពពក ស្របតាម​​ក្ដីសុបិន​ចង់​ក្លាយ​ជា​ពីឡុត​ ១រូប។ AFP