ក្រុងរ៉ូម៖ បុរស​អ៊ីតាលីម្នាក់​ដែល​ចង់​បាន​វិញ្ញាបនបត្រ​វ៉ាក់សាំង​កូវីដ​ខ្លាំងពេក​​ តែ​មិន​ព្រម​ចាក់វ៉ាក់សាំង​ពិតប្រាកដ បានព្យាយាម​លេងល្បិចលាត់​​ដៃ​ក្លែង​ក្លាយ​​ឱ្យ​បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង។ នេះ​បើ​យោង​តាម​មន្ដ្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ។

ទោះជាមាន​ពណ៌សម្បុរ​ដូច​ស្បែក​ធម្មជាតិមែនតែគ្មាន​នរណា​ភ្លើ ដល់ថ្នាក់​មើល​មិន​ដឹងថា ជា​ស្បែក​ស៊ីលីកូន​នោះទេ ហើយ​បុរស​វ័យ​ខ្ទង់ ៥០​ឆ្នាំរូបនេះ ត្រូវបាន​គេ​រាយ​ការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន​ពេល​ជួប​ហេតុការណ៍​នេះ​កាលពី​រាត្រី​ថ្ងៃព្រហស្បតិ៍​នៅក្រុង​ Biella ភាគ​ពាយព្យ​ប្រទេស​អ៊ីតាលី។

ប្រមុខ​រដ្ឋាភិបាលប្រចាំ​តំបន់​ Piedmont លោក​ អាល់ប៊ើត ស៊ីរីយ៉ូ បាន​ឱ្យដឹង​ក្នុង​សេចក្ដីថ្លែង​ការណ៍​លើ​ហ្វេសប៊ុក​ថា៖ «​ករណី​នេះ​ពិត​ជា​គួរ​ឱ្យចង់​សើចខ្លាំង​ណាស់​ បើ​វា​មិន​ធ្ងន់ធ្ងរ​ទេ​នោះ»។

លោក​បាន​បន្ដថា៖ «ករណីនេះ​មិនអាច​អត់ឱនឱ្យ​បានទេ ដោយសារតែ​សហគមន៍​ទាំង​មូល​ពិតជា​បាន​លះបង់​ខ្លាំង​ណាស់​ចំពោះការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងមួយ​នេះ​ ទាំង​ការ​ស្រោច​ស្រង់​ជីវិត​មនុស្ស ការ​ចំណាយ​របស់សង្គម និង​សេដ្ឋកិច្ចជាតិ​»។

រឿងរ៉ាវដៃ​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ​នេះ បានកើតឡើង​មុន​ពេល​ច្បាប់​រឹត​បន្ដឹងរបស់​អ៊ីតាលី​ចូលជាធរមាន​នៅ​ថ្ងៃចន្ទ​នេះ​សម្រាប់អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩។

ដៃស៊ីលីកូន​ត្រូវបាន​ប្រើសម្រាប់អ្នក​មិនចង់ប៉ះម្ជុល ដើម្បីទទួល​បានបណ្ណចាក់វ៉ាក់សាំងរួច។

តាំងពី​ខែ​សីហា ការបង្ហាញ​ «បណ្ណបៃតង» ឬ (Green Pass) បញ្ជាក់​ពី​ការបាន​ចាក់វ៉ាក់សាំង​ ឬ​ទើប​ជាសះស្បើយពីជំងឺកូវីដ ឬ​តេស្ដ​អវិជ្ជមាន​ ត្រូវបាន​អនុញ្ញាត​សម្រាប់​ការ​ចូល​ក្នុង​បរិវេណ​អគារ​បិទជិត ដូចជា ភោជនីយដ្ឋាន សារមន្ទីរ រោង​ភាពយន្ត សាល​មហោស្រព និង​ចូលរួម​ព្រឹត្ដិការណ៍​កីឡា​នានា។

ប៉ុន្ដែ​ចាប់​ពីថ្ងៃទី៦ ខែ​ធ្នូមក សកម្មភាពទាំង​នេះ​នឹងត្រូវបាន​រឹត​បន្ដឹង​ចំពោះអ្នក​កាន់បណ្ណ​ពណ៌​បៃតងដិត ឬ «Super Green Pass» ដែល​ត្រូវបាន​ចេញ​ឱ្យសម្រាប់​តែអ្នក​បាន​ចាក់​វ៉ាក់សាំង​ ឬ​ទើប​ជាសះស្បើយ​ពី​ជំងឺកូវីដប៉ុណ្ណោះ។

បណ្ណបៃតង​ស៊េរី​ចាស់​ត្រូវបាន​ពន្យា​រឱ្យ​ប្រើ​ត្រឹម​ខែ​តុលា​នៅតាម​ទីកន្លែង​ការងារ និង​បន្ដ​មាន​សុពលភាព​សម្រាប់​មូលហេតុការងារ​ប៉ុណ្ណោះ ដែល​មានន័យ​ថា អ្នក​អត់​ទាន់​ចាក់​វ៉ាក់សាំង​អាចទៅធ្វើ​ការ​ធម្មតាបាន ​ដោយ​គ្រាន់តែ​បង្ហាញ​លទ្ធផល​តេស្ដ​អវិជ្ជមាន។

ការ​រឹតបន្ដឹងថ្មី ដែលបង្ក​ឱ្យ​មាន​ការ​តវ៉ា​រប៉េះរប៉ោះ​នៅតាម​ទីប្រជុំជន ​ទូទាំង​ប្រទេស​អ៊ីតាលី​នា​ចុង​សប្ដាហ៍​ថ្មីៗនេះ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ដ​ក្រោយ​មាន​ករណី​ឆ្លង​កើន​ឡើង​ ក៏ដូចជា​ក្ដី​បារម្ភ​នៃ​វីរុស​បំប្លែង​ខ្លួន​ អូមីក្រុង។

អ៊ីតាលីគឺជា​ប្រទេស​នៅអឺរ៉ុប​ដំបូងគេ ​ដែល​រង​​ការ​ផ្ទុះជំងឺ​កូវីដ​នៅ​ដើម​ឆ្នាំ​២០២០ តែ​បច្ចុប្បន្ន ​ស្ថានភាពបាន​ធូរ​ស្រាល​ច្រើន​ជាង​បណ្ដាប្រទេស​ភូមិ​ផងជិតគ្នា។ កាលពី​ថ្ងៃព្រហស្បតិ៍ អ៊ីតាលី មាន​ការ​ឆ្លង​ថ្មី​ ១៦៨០០​ករណី​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ និងអ្នកស្លាប់ ៧២​នាក់។

ចំនួន​ប្រជាជន​ចាក់វ៉ាក់សាំងអាយុ ១២​ឆ្នាំ​៨៥​នាក់​បាន​ទទួល​វ៉ាក់សាំង​គ្រប់​ដូស ហើយ​សប្ដាហ៍​នេះ​ពលរដ្ឋ​ពេញ​វ័យ​ត្រូវបាន​លើក​ទឹកចិត្ដ​ឱ្យ​មកទទួល​ដូសជំរុញ​ថែមទៀត​៕ AFP/HR