​ភ្នំពេញៈ នាពេលនេះ ស្រី​ស្រស់​ជា​កញ្ញា​ឯក​តំណាងឱ្យ​កម្ពុជា Miss World Cambodia ឆ្នាំ ​២០២០ កញ្ញា ភុំ សោ​ភ័​ណ្ឌ កំពុង​តែមាន​វត្តមាន​នៅ​ទីក្រុង San Juan នៃ​ប្រទេស​ព័រ​តូ​រី​កូ ដើម្បី​ចូលរួម​ការប្រកួត​អន្តរជាតិ គឺ​កញ្ញាឯក​ពិភពលោក​លើក​ទី​៧០ ប្រចាំឆ្នាំ​ ២០២១ (Miss World 2021)​។​

​រាជិនី​សម្រស់ ដែល​បាន​គ្រង​មកុដ Miss World Cambodia ឆ្នាំ​ ២០២០ កញ្ញា ភុំ សោ​ភ័​ណ្ឌ ត្រូវបាន​ជ្រើសរើស​ឱ្យក្លាយ​ជា​បវរ​​កញ្ញា​តំណាង​កម្ពុជាទៅ​ចូលរួម​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ Miss World 2021 ដែល​នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី ​១៦ ខែ ធ្នូ ឆ្នាំ ​២០២១ នៅ​សណ្ឋាគារ​ Hyatt Regency ​ក្នុង​ទីក្រុង San Juan ប្រទេស​ព័រ​តូ​រី​កូ មាន​បេក្ខភាព​ចូល​​រួម​ពិភពលោក​ចំនួន​ជាង ៩០​ប្រទេស​។​

​គ្រាន់តែ​ទៅដល់​ទឹកដី​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​​ប្រកួត Miss World 2021 ភ្លាមនោះ កញ្ញា ភុំ សោ​ភ័​ណ្ឌ ស្រី​ស្រស់​តំណាងឱ្យ​កម្ពុជា ក៏​បង្ហើប​ឱ្យដឹងពី​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​របស់ខ្លួន​ភ្លែត ប្រាប់​ប្រិយមិត្ត​អ្នកគាំទ្រ ខណៈ​កញ្ញា​បាន​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ​៣ ខែ ធ្នូ ឆ្នាំ ​២០២១​។ កញ្ញា ភុំ សោ​ភ័​ណ្ឌ ប្រាប់ថា​៖ «​ខណៈពេល​នេះ ខ្ញុំ​បានមក​ដល់​ប្រទេស​ព័រ​តូ​រី​កូ ដោយ​សុវត្ថិភាព​ហើយ​! អរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​បាន​នឹក និង​ចាំ​សួរសុខទុក្ខ​ពី​ការធ្វើដំណើរ​របស់ខ្ញុំ​។ អរគុណ​ក្រុមការងារ​ដែល​ខិតខំ ដើម្បី​ការប្រកួត​មួយ​នេះ ដើម្បី​ប្រទេសជាតិ​មួយ​នេះ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព អរគុណ​ចា៎​!»​។​

​កញ្ញាឯក​រូបនេះ នឹង​ក្លាយជា​កញ្ញាឯក​ទី​២ របស់​កម្ពុជា ដែល​ត្រូវ​បង្ហាញ​នូវ​សមត្ថភាព​​រូប​សម្រស់​ ​និង​ទេព​​កោសល្យ នៅលើ​ឆាក​អន្តរជាតិ ក្នុងការ​ប្រកួត​លំដាប់​ពិភពលោក Miss World បន្ទាប់ពី​កញ្ញា វី ស្រី​វីន ដែលជា​ម្ចាស់​មកុដ Miss World Cambodia 2019 ដែល​ធ្លាប់បាន​ចេញទៅ​ប្រកួត​កម្មវិធី Miss World 2019 នៅ​ចក្រភព​អង់គ្លេស កន្លងមក​។​

​បច្ចុប្បន្ន កញ្ញា ភុំ សោ​ភ័​ណ្ឌ ដែលមាន​វ័យ ១៩ ​ឆ្នាំ កម្ពស់ ១៧០ ​ស​.​ម កំពុង​សិក្សា​នៅ​សាកល​​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លើ​មុខ​​ជំនាញ​រដ្ឋបាល​​សាធារណៈ ហើយ​សម្រាប់​ការប្រកួត​នេះ កញ្ញា​នឹង​យក​ឈុត​ជា​តំណាង​ជាតិ​ឈ្មោះថា «​យក្ស​រាមសូរ​» យកទៅ​បង្ហាញនៅលើ​ឆាក​​អន្តរជាតិ​ឆ្នាំ ​២០២១ ​នេះដែរ​៕