​ភ្នំពេញ: ផ្ដើម​ពី​វេលា​ដ៏​លំបាក​អំឡុងពេល​កម្ពុជា​កំពុង​ប្រយុទ្ធ​​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ដែល​គ្រា​មុន​ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ជិត​ ១​ ពាន់​នាក់ វា​មិន​ត្រឹមតែ​ជះ​​ឥទ្ធិពល​ដល់​ការរស់រាន​របស់​ពល​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បាន​បង្អាក់​លទ្ធភាព​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​ផ្ទុក​ជំងឺ​កាច​សាហាវ​ផងដែរ​។

​រូបភាព​មុខ​វត្ដ​ឧណ្ណាលោម ជាមួយ​សំណេរ​ភាសា​សរសេរថា «​ខែសីហា រាជធានី​ភ្នំពេញ​» ទូរទស្សន៍​អន្ដរជាតិ NHK World បាន​ផ្សព្វផ្សាយ​បេសកកម្ម​មនុស្សធម៌​ក្នុងការ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ផ្ទុក​ជំងឺមហារីក​ពី​សំណាក់​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ក្រោម​ចំណងជើង​ថា «​សង្គ្រោះ​ជីវិត​កុមារ​នៅ​ជប៉ុន​» ទៅកាន់​ពិភពលោក​នៅ​ថ្ងៃទី ​១ និង​ទី​ ២ ធ្នូ ឆ្នាំ​ ២០២១​។​

​វេជ្ជបណ្ឌិត យូ​ស៊ីអូ​កា ហ៊ី​ដេ​តុ ជា​គ្រូ​ពេទ្យវះកាត់​កុមារ បាន​និយាយ​នៅក្នុង​វីដេអូ​ទូរទស្សន៍ NHK World រយៈពេល ២៨​ នាទី​នៃ​កម្មវិធី Side by Side ថា​៖ «​ជប៉ុន​មាន​មន្ទីរ​កុមារ​មួយ​ក្នុងចំណោម​ប្រជាជន ១​ លាន​នាក់​។ តែ​នៅ​កម្ពុជា វិទ្យាស្ថាន​ជំនាញ​បែបនេះ​កាន់តែ​កម្រ​ខ្លាំង​ថែមទៀត​។ កុមារ​ជាច្រើន​បាន​ស្លាប់​ដោយសារ​កង្វះ​ការព្យាបាល និង​លុយកាក់​»​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​ចង់ឱ្យ​មជ្ឈមណ្ឌល​របស់​យើង​រីក​ធំ​ជាង​នេះ ដើម្បី​ទទួល​ការព្យាបាល​កុមារ​កាន់តែច្រើន និង​បង្កើត​ស្ដង់ដា​សម្រាប់​ការព្យាបាល​អ្នកជំងឺ​»​។

លោក យូស៊ីអូកា (រូបអង្គុយ) ជាគ្រូពេទ្យ​វះកាត់​កុមារ ​ក្នុង​វីដេអូ​ទូរទស្សន៍ NHK World។ រូបថត សហការី

​យ៉ាងណាមិញ វិបត្ដិ​កូ​វីដ បាន​បង្ក​ការលំបាក​កាន់តែខ្លាំង​ចំពោះ​សកម្ម​-​ភាព​ជួយសង្គ្រោះ​កុមារ ជាពិសេស ការធ្វើដំណើរ​របស់​អ្នកឯកទេស​ជំងឺមហារីក​មកពី​ប្រទេស​ជប៉ុន និង​ការ​បញ្ជូន​កុមារ​មហារីក​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជប៉ុន​ផ្ទាល់​។

​លោក​វេជ្ជបណ្ឌិត ដែល​បាន​បង្កើត​អង្គការ​បេះដូង​ដំបូង​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា អំឡុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ រូបនេះ បាន​បន្ដ​ក្នុង​វីដេអូ​ថា​៖ «​ការ​វះកាត់​ប្រកបដោយ​ភាពស្មុគស្មាញ​ត្រូវបាន​ធ្វើឡើង​ពី​សំណាក់​ក្រុមការងារ​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជប៉ុន​​រៀងរាល់ខែ​។ ឥឡូវនេះ សកម្មភាព​ទាំងនេះ ត្រូវបាន​ផ្អាក ពីព្រោះ​ពួក​គាត់​មាន​ការងារ​ធ្វើ​។ ដូច្នេះ ការធ្វើ​ច​ត្ដា​ឡី​ស័ក ​២​សប្ដាហ៍​ក្នុងប្រទេស​ទាំងសងខាង មែនហើយ​! វា​ពិតជា​លំបាក តែ​គ្មាន​ជម្រើស​ឡើយ​»​។

​លោក ហ៊ី​ដេ​តុ បាន​និយាយ​មុនពេល​ទូរទស្សន៍​អន្ដរជាតិ​ជប៉ុន​មួយ​នេះ​បង្វែរ​កាមេរ៉ា​ទៅ​ផ្ដោតលើ​កុមារី​តូច​កើត​មហារីក​ម្នាក់ ដែល​កំពុង​ទទួល​ការវះកាត់​ដ៏​សំខាន់​មួយ​ថា​៖ «​បើ​ខ្ញុំ​មិន​មក​ទីនេះ កុមារ​ទាំងអស់នេះ​នឹងមិន​មានសង្ឃឹម​ឡើយ​។ នេះ​គឺជា​ការ​​ស្លាប់​រស់​របស់​កុមារ​នៅ​កម្ពុជា​»​។

​នៅក្នុង​វីដេអូ​នោះ​ក៏បាន​រៀបរាប់​អំពី​ដំណើរ​ដើមទង​នៃ​ការបង្កើត​អង្គកា​រេបះ​ដូង​ជប៉ុន និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ក្នុង​ឆ្នាំ​ ២០១៨ ក្នុង​មន្ទីរពេទ្យបង្អែក​ពញាឮ​នៃ​ខេត្ដ​កណ្ដាល ជាទី​ដែល​លោក​​វេជ្ជបណ្ឌិត​ប្រើ​ជំនាញ​របស់ខ្លួន​វះកាត់​កុមារ​មហារីក​ជាច្រើន​នាក់​ផងដែរ​។

​ក្រៅពី​បេសកកម្ម​ព្យាបាល​កុមារ​​មហារីក មជ្ឈមណ្ឌល​ក៏បាន​បណ្ដុះ​​បណ្ដាល​វេជ្ជបណ្ឌិត​ជំនាញ​ក្នុងស្រុក ដែល​លោក ហ៊ី​ដេ​តុ ចង់ឱ្យ​ពួកគេ​អាចធ្វើ​ការវះកាត់​កុមារ​មហារីក​រហូតដល់ ៩០​ ភាគរយ​។

វេជ្ជបណ្ឌិត​វ័យក្មេង​កម្ពុជា ហោ ប៊ីស៊ីផាន លើ NHK World អន្តរជាតិ​។ រូប សហការី

​លោក​បានឱ្យដឹងថា​៖ «​យើង​មាន​ផែនការ​រយៈពេល ១០​ ឆ្នាំ ​ដើម្បី​បង្កើត​ក្រុមការងារ​មួយ ដែល​អាច​ដោះ​​ស្រាយ​ការវះកាត់ ៩០ ​ភាគរយ​។ ឥឡូវយើង​ត្រូវ​បង្កើនល្បឿន​ផែនការ​បន្ថែមទៀត​។ តើ​មាន​នរណា​ដឹងថា ពេលណា​នឹងមាន​វិបត្ដិ​ជំងឺ​សកល​មក​បន្ដទៀត​? ក៏​ប្រហែលជា​អាចមាន​សង្គ្រាម ហើយ​ការហោះហើរ​លើ​អាកាស​ត្រូវបាន​បញ្ឈប់​ទាំងស្រុង​។ ការបណ្ដុះបណ្ដាល​គ្រូពេទ្យ ត្រូវតែ​ធ្វើឡើង​ឱ្យបាន​ឆាប់​បំផុត​»​។

NHK World ក៏បាន​បង្ហាញ​ពី​ប្រ​វ​ត្ដិ និង​សកម្មភាព​របស់​វេជ្ជបណ្ឌិត​ក្នុងស្រុក​ម្នាក់​ឈ្មោះ ហោ ប៊ី​ស៊ី​ផាន ដែល​លោក​មានបំណង​ចូលរួម​បេសកកម្ម​ជាមួយ​លោក​វេជ្ជបណ្ឌិត​ជប៉ុន និង​បង្កើន​ជំនាញ​របស់ខ្លួន​កាន់តែខ្លាំង​។

​វេជ្ជបណ្ឌិត កា​កា​ហ្ស៊ុ ម៉ា​រី​កុ ប្រធាន​ផ្នែក​ជំងឺ​កុមារ បានផ្ដល់​បទ​សម្ភាស​ថា​៖ «​ពួកគេ​ចង់​ការពារ​ប្រជាជន​របស់​ពួកគេ​ដោយ​ខ្លួនឯង​។ វិបត្ដិ​កូ​វីដ​បាន​ជះឥទ្ធិពល​អាក្រក់​ណាស់​ទៅហើយ តែ​វា​បានធ្វើឱ្យ​ពួកគេ [​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា​] កាន់តែ​មានការ​តាំងចិត្ដ​ខ្ពស់​ថែមទៀត​។ ខ្ញុំ​ចង់ឱ្យ​លោក ប៊ី​ស៊ី​ផាន ក្លាយជា​វេជ្ជបណ្ឌិត​កម្ពុជា​ដឹកនាំ​មន្ទីរពេទ្យ​នេះ​។ ខ្ញុំ​ចង់ឱ្យ​ម​ជ្ឈ​មណ្ឌល​ព្យាបាល​ជំងឺ​កុមារ បេះដូង ក្លាយជា​មន្ទីរពេទ្យ​លោក ប៊ី​ស៊ី​ផាន និង​ជាទី​កន្លែង​សម្រាប់​អ្នកជំនាញ​វ័យក្មេង​មក​ទទួល​ការបណ្ដុះបណ្ដាល​»​។

​លោក​វេជ្ជបណ្ឌិត​វ័យក្មេង ហោ ប៊ី​ស៊ី​ផាន បាន​និយាយថា​៖ «​នាពេល​អនាគត ខ្ញុំ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​វះកាត់​កុមារ​ម្នាក់​ដ៏​ល្អ ជាពិសេស ជួយ​កុមារ​តូចៗ ដែល​ត្រូវការ​ការ​វះកាត់ និង​ការយក​ចិ​ត្ដ​ទុកដាក់​»​។

ការ​បណ្ដុះបណ្ដាល​​គ្រូពេទ្យ​ក្នុង​ស្រុក​ពី​សំណាក់​វេជ្ជបណ្ឌិត​ជប៉ុន។ រូបថត សហការី

​ដោយសារ​វិធានការ​សុខាភិបាល​កម្ពុជា​ត្រូវបាន​បន្ធូរបន្ថយ ដែល​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ពី​បរទេស​មិនចាំបាច់​ធ្វើ​ច​ត្ដា​ឡី​ស័ក​ទៀត លទ្ធ​​ភាព​សម្រាប់​គ្រូពេទ្យ​ជំនាញ​បន្ដ​កិច្ចការ​សង្គ្រោះ​កុមារ​កម្ពុជា​ទៀត​។

​យោងតាម​អ្នកនាង រ៉េមី ហូ​រី​កា​វ៉ា ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​បេះដូង​ជប៉ុន បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​លោក​វេជ្ជបណ្ឌិត យូ​ស៊ីអូ​កា នឹង​មកកាន់​កម្ពុជា​ពី​ប្រទេស​ជប៉ុន ​ដើម្បី​ធ្វើការ​វះកាត់​កុមារ​បន្ថែមទៀត​នា​សប្ដាហ៍​ក្រោយ​។ លោក​នឹង​អាច​ស្នាក់​​នៅ​យូរ​ជាង​គម្រោង​ដោយសារតែ​ការដែល​មិនចាំបាច់​ធ្វើ​ច​ត្ដា​ឡី​ស័ក​»​។

​ទស្សនា​វីដេអូ​ពី​បេសកកម្ម​អង្គការ​បេះដូង​ជប៉ុន​តាម​តំណ​ភ្ជាប់ https://www3.nhk.or.jp/nhkworld/en/ondemand/video/2037082/៕