ក្រុងគុនមីង៖ ប្រអប់ផ្កាកុលាបផ្កាលីលីនិងផ្កាខានេសឹនប្រមូលផ្តុំគរលើគ្នាខណៈដែលតារាបណ្ដាញសង្គម កញ្ញា ខាយខាយ និយាយទៅកាន់ស្មាតហ្វូនរបស់នាង ចេញពីស្ទូឌីយោតូចមួយនៅឯទីផ្សារផ្កាដ៏ធំបំផុតរបស់អាស៊ីដែលមានអតិថិជនរាប់ពាន់នាក់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាពីឈុតផ្កា និងតម្លៃពិសេសប្រកាសចេញពីមាត់របស់នាង។
អ៊ីខមមើកស៍គឺជាអាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសចិន ហើយតារាបណ្ដាញសង្គម និងអ្នកលក់ដោយផ្សាយផ្ទាល់កាក់កបនឹងរបរបង្ហាញផលិតផលម៉ាកប្រណីតនិងគ្រឿងសម្អាង ជាដើម។
ឥឡូវនេះឧស្សាហកម្មរុក្ខជាតិ និងផ្ការបស់ប្រទេសចិន ដែលមានតម្លៃប៉ាន់ស្មាន១៦០ពាន់លានយន់ (២៥,១ ពាន់លានដុល្លារ) កំពុងដំណើរការលើទីផ្សារអនឡាញដូចគ្នា។
មនុស្សកាន់តែច្រើននាំគ្នាទិញផ្កាដោយខ្លួនឯងតាមរយៈស្មាតហ្វូនរបស់ពួកគេ។ ការលក់រាយតាមអ៊ីនធើណិតឥឡូវនេះតំណាងឱ្យជាងពាក់កណ្តាលនៃចំណូលរបស់វិស័យនេះ។
ហាងលក់ទំនិញដែលត្រូវប្រើពេលលក់ ៨ ម៉ោង តែសម្រាប់កញ្ញា ខាយខាយ អាយុ ២៣ ឆ្នាំវិញ នាងអាចលក់ដាច់អស់ត្រឹម ១ ប៉ប្រិចភ្នែកប៉ុណ្ណោះ។
នាងពពាយនាយថា៖ «ផ្កា ៥ បាច់ តម្លៃត្រឹម ៣៩,៨ យន់ (៦,២៥ ដុល្លារ) ប៉ុណ្ណោះសម្រាប់អ្នកដែលបញ្ជាទិញភ្លាមៗឥឡូវនេះ»។
នាងប្រាប់ទីភ្នាក់ងារ AFP ថា៖ «នៅពេលអ្នកលក់អ្វីមួយក្នុងរយៈពេលយូរមនុស្សនាំគ្នាល្បីតៗគ្នា វាគឺជារឿងធម្មតាទេ។
យ៉ាងណាមិញ នាងទទួលស្គាល់ថា ប្រាក់ចំណូលពីការលក់នេះមិនទៀងទាត់ទេ។
ឈរនៅក្បែរមិត្តភក្ដិនាងដែលត្រៀមប្រអប់ក្រដាសកាតុងធ្វើកេសដឹកជញ្ជូនផ្កា នាងបានពន្យល់ថា៖ «ការលក់ផ្កាមានភាពខុសប្លែកគ្នាក្នុងរដូវមមាញឹកនិងរដូវមិនសូវមានតម្រូវការ។ដូច្នេះប្រាក់ចំណូលប្រចាំថ្ងៃរបស់អ្នកផ្សាយផ្ទាល់គឺប្រែប្រួលខ្លាំង។អ្វីដែលខ្ញុំអាចនិយាយបានគឺអ្នកធ្វើការកាន់តែច្រើនអ្នកនឹងកាន់តែមានលាភសំណាង»។
តម្រូវការផ្កាកាត់បានកើនឡើងក្នុងប្រទេសចិនដោយសារស្តង់ដានៃជីវភាពរស់នៅបានកើនឡើង។ ខេត្តយូណានភាគខាងត្បូងជាចំណុចកណ្តាលនៃការរីកដុះដាលនៃទីផ្សារផ្កានោះដោយសារអាកាសធាតុអំណោយផលពេញ ១ឆ្នាំ។
ទីក្រុងគុនមីង ត្រូវបានគេចាត់ទុកថាមានទីផ្សារផ្កាធំជាងគេនៅអាស៊ីនិងធំជាងគេទី២ ក្នុងពិភពលោកបន្ទាប់ពីទីផ្សារផ្កា Aalsmeer ក្នុងប្រទេសហូឡង់។
ជារៀងរាល់ថ្ងៃនៅម៉ោង៣រសៀលការដេញថ្លៃផ្កាកុលាបចាប់ផ្តើមនៅក្នុងបន្ទប់ដ៏ធំដែលអ្នកទិញជាង ៦០០ នាក់ចែករំលែកការផ្គត់ផ្គង់ប្រចាំថ្ងៃនៅពីក្រោយអេក្រង់របស់ពួកគេ។
លោក ចាង តាវ ទទួលខុសត្រូវផ្នែកដឹកជញ្ជូនរបស់ទីផ្សារផ្កាបាននិយាយថា៖ «យូណានតំណាងឱ្យប្រហែល៨០ភាគរយនៃផលិតផលផ្កានៅក្នុងប្រទេសចិនហើយ ៧០-៨០ ភាគរយនៃផ្កាដែលលក់បាន សុទ្ធតែឆ្លងកាត់បន្ទប់ដេញថ្លៃរបស់យើង»។
លោកបញ្ជាក់ថា៖ «តួលេខនោះតំណាងឱ្យជាមធ្យមជាង ៤ លានផ្កាដែលត្រូវបានលក់ជារៀងរាល់ថ្ងៃ។ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់របស់ចិនយើងលក់បាន ៩,៣ លានផ្កាក្នុង ១ ថ្ងៃ»។
ផ្កាទាំងនេះត្រូវបានដឹកជញ្ជូនទូទាំងប្រទេសចិនក្នុងរយៈពេល ៤៨ ម៉ោង។
នៅផ្នែកលក់រាយនៃទីផ្សារតារាបណ្ដាញសង្គមម្នាក់ទៀតគឺប៊ីស៊ីស៊ីបង្ហាញផ្កា និងបាច់ផ្កាពីតូបដើម្បីលក់ដល់អតិថិជនអនឡាញរបស់នាងផ្ទាល់។
ស្លៀករ៉ូបប្រពៃណីចិនដែលគេស្គាល់ថាជាឈុតហាន់ហ្វូឆ្លងពីកន្លែង ១ ទៅកន្លែង ១ ជាមួយទូរស័ព្ទភ្ជាប់នឹងដងសែលហ្វ៊ីតារាវ័យ ៣២ ឆ្នាំរូបនេះមានអ្នកគាំទ្រប្រមាណ ៦ ម៉ឺននាក់។
នាងរើសផ្កាបង្ហាញនៅលើអេក្រង់របស់នាង ខណៈអតិថិជនស្រូតទម្លាក់ការបញ្ជាទិញ។
កញ្ញា ប៊ី ស៊ីស៊ី បានចាប់ផ្តើមផ្សាយបន្តផ្ទាល់កាលពីដើមឆ្នាំមុននៅពេលដែលប្រទេសចិនត្រូវបានញាំញី ដោយសារជំងឺរាតត្បាត Covid។
នោះហើយជាពេលដែលនាងបានដឹងថា មនុស្សម្នាចង់ឃើញផ្កាតាមអ៊ីនធើណិតដែលពួកគេលែងអាចចេញទៅទិញនៅខាងក្រៅបានទៀតហើយ។
ឥឡូវនេះជាថ្ងៃល្អហើយនាងនិយាយថានាងអាចលក់ផ្កាបាន ១៥ ម៉ឺនយន់ (២៣ ៥០០ ដុល្លារ) ក្នុងរយៈពេល ៣ ម៉ោងនៃការផ្សាយផ្ទាល់។
នាងយកកម្រៃជើងសាប្រហែល ១០ភាគរយ ហើយនាងមានជំនឿចិត្តពីការរីកចម្រើននៃអនាគតពាណិជ្ជកម្មនេះ។
នាងនិយាយថា៖ «មនុស្សឱ្យតម្លៃលើពិធីសាសនាកាន់តែច្រើនផ្កាផ្តល់អារម្មណ៍រីករាយហើយយុវវ័យចាប់ផ្ដើមចូលចិត្តទិញផ្កា»។
លោក ឈាន ចុងជុន ប្រធានសាជីវកម្មផ្កា Dounan ដែលជាអង្គភាពធំជាងគេមួយនៅលើទីផ្សារផ្កា បាននិយាយថា តម្រូវការផ្កាហាក់ដូចជាមិនចេះរីងស្ងួតទេ។
លោក ឈាន លើកឡើងថា៖ «ការទិញផ្ការៀងរាល់សប្តាហ៍បានក្លាយជាទម្លាប់នៅក្នុងគ្រួសារជាច្រើន។ ខ្ញុំគិតថាថ្ងៃណាមួយផ្កានឹងក្លាយជាតម្រូវការដ៏សំខាន់ដូចជាខ្យល់ និងទឹកដែរ»៕ AFP