ភ្នំពេញ: នំ​ខ្មែរ​ជាច្រើន​ប្រភេទ​មកពី​តាម​តំបន់ តាម​ខេត្ត​មួយៗ ត្រូវបាន​ប្រមូលផ្ដុំ​មក​នៅ «​ភូមិ​យើង​» ដោយ​មិនចាំបាច់​ឱ្យ​អ្នក​ចូលចិត្ត​នំនែក និង​អាហារសម្រន់​ខ្មែរ ធ្វើដំណើរ​រាប់សិប​គីឡូម៉ែត្រ​ទៅដល់​ទីតាំង​ធ្វើ​ផ្ទាល់​។​

​ម្ចាស់​ហាង​អន​ឡាញ «​ភូមិ​យើង​»​លោក តុង វ៉េង​រ៉ុង បានបញ្ជាក់​ច្បាស់​ពី​គុណភាព និង​ប្រភព​ស្រុកភូមិ​ដែល​ផលិត​អាហារ​ទាំងនោះ​ផងដែរ​។​

​លោក​ផ្ដើម​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កល​ក់​នំ និង​អាហារ​ល្បី​តាម​ស្រុក​នានា​កាលពី​ខែកក្កដា ឆ្នាំ ​២០២០​។​

​ម្ចាស់​ហាង វ័យ ២៧ ​ឆ្នាំ រូបនេះ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​យើង​មិនទាន់មាន​ហាង​បើក​លក់​តែម្ដង​ទេ​។ សព្វថ្ងៃ​យើង​ធ្វើការ​លក់​តាម​អន​ឡាញ តែ​យើង​កំពុង​រៀបចំ​ហាង​។ ក្នុងអំឡុង​ខែធ្នូ​នេះ យើង​សង្ឃឹមថា​អាច​បើក​ដំណើរការបាន​»​។

​លោក​បាន​ឱ្យដឹងទៀតថា​៖ «​តាមពិតប្រវត្តិ​របស់ខ្ញុំ​ចេញពី​សេដ្ឋកិច្ច​កសិកម្ម​អភិវឌ្ឍន៍ជនបទ តែ​ការបើក​ជា​ហាង​នំ​ខ្មែរ​នេះ ព្រោះ​ជា​ចំណង់​​ចំណូលចិត្តរបស់​គ្រួសារ​ខ្ញុំ​។ បន្ទាប់ពី​គាត់​ឈប់​ធ្វើការ គាត់​ផ្ដោតលើ​ការងារ​លក់​នំ​ខ្មែរ​នេះ​រហូតមក​»​។​

​បញ្ជាក់​ពី​ហេតុផល ដែល​ដាក់ឈ្មោះ​ហាង «​ភូមិ​យើង​» លោក​ថា ព្រោះ​គោលដៅ គឺ​ចង់​ប្រមូលផ្ដុំ​ផលិតផល​ល្បីៗ ប្រចាំខេត្ត ប្រចាំ​តំបន់ នៅ​កម្ពុជា​យកមក​បញ្ចូល​គ្នា​នៅក្នុង​ហាង​។ អតិថិជនដែល​កុម្ម៉ង់​ទៅ​ទទួលទាន បន្ទាប់ពី​ភ្លក្ស​រសជាតិ នឹង​នឹក​ចាំ​ផលិតផល​នៅ​ភូមិ​នេះ ឬ​តំបន់​នេះ​បាន​ជាក់ច្បាស់​។​

​លោក​បាន​បន្តថា​៖ «​ដោយសារ​តែមាន Concept បែបនេះហើយ បាន​យើង​យកពាក្យ «​ភូមិ​យើង​» ព្រោះ​វា​សំដៅ​ទៅលើ​លក្ខណៈ​តំបន់​ផ្ទាល់ តាម​ប្រភេទ​ផលិតផល​មួយៗ​។ ពេល​យើង​ដាក់ឈ្មោះ​នេះ ធ្វើឱ្យ​អ្នក​ដែល​គេ​ស្គាល់ «​ភូមិ​យើង​» ដឹងថា នំ​ហ្នឹង​ជា​ប្រភេទ​នំនៅ​តំបន់​របស់គាត់​»​។​

នំកន្ត្រំ និង​ចេកឆាប ចេកពងមាន់ នាំយក​មក​ពី​ស្រុក​ស្គន់។ រូបថត សហ​ការី

​បច្ចុប្បន្ន ហាង​មាន​ប្រភេទ​នំ និង​អាហារសម្រន់ ប្រហែល​ជាង ១០ ​ប្រភេទ រួមមាន នំកន្ត្រំ មកពី​កំពង់ចាម នំខ្ញី នំ​ចង្កឹះ នំ​ត្រចៀកកណ្ដុរ ប្រភេទ​ចេកឆាប ចេក​រមូរ ចេកពងមាន់ ចេកណាំវ៉ា ចេកស្នាប់មុខ នាំ​មកពី​ស្គន់ ម្សៅជ្រែ អ្នក​លើកដែក កោះធំ ខ្នុរ​ក្រៀម ផលិត​ដោយ​កសិករ​នៅ​កំពង់ចាម ឆៃប៉ូវ​ផ្អែម និង​ងៀត​ពស់ នាំចូល​ពី​ស្រុក​ស្អាង កោះធំ​។​

​ផលិតផល​ភាគច្រើន គឺមាន​នៅក្នុង​ស្តុក​ស្រាប់ តែដោយសារ​ខាង​ហាង ផ្ដោតទៅលើ​គុណភាព ដូច្នេះ លោកថា លោក​យកមក​តែ​ល្មម ស្មាន​ជាមួយ​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង​។​

​ចំពោះ​ងៀត​ពស់​មាន​តិចតួច និង​មិន​ទៀងទាត់ ដោយ​អ្នកភូមិ​នេសាទ​ត្រី​បែប​ប្រពៃណី ហើយ​ពេល​មាន​ជាប់​ពស់ ​១ ​ក្បាល ​២ ​ក្បាល ទើប​គាត់​ប្រមូលយក​ទៅធ្វើ​ងៀត​ពស់​។

​តម្លៃ​នំ និង​អាហារ «​ភូមិ​យើង​» ចន្លោះ​ពី ១ ​ម៉ឺន ទៅ ២ ​ម៉ឺន​រៀល ក្នុង ១ ​ប្រអប់ ឬ ១​ គីឡូក្រាម អាស្រ័យ ទៅតាម​ប្រភេទ​ផលិតផល​។ សម្រាប់​នំ ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​គឺ នំកន្ត្រំ​។​

​ភាព​ប្លែក​ទី​១ របស់​ហាង លោក​ថា ព្រោះ​ពួកគាត់​បាន​ប្រមូល​ផលិតផល​ប្រចាំ​តំបន់ នឹង​ព្យាយាម​កែច្នៃ​ទៅលើ​រសជាតិ​ខ្លះៗ ដើម្បី​តម្រូវ​ទីផ្សារ ទី​២ ការ​វេច​ខ្ចប់ មាន​ស្ដង់ដា និង​អនាម័យ ជាពិសេស​ផ្ដោតទៅលើ​គុណភាព​។​

​លោក​លើកឡើងថា​៖ «​ផលិតផល​​ខ្មែរមួយចំនួន​ទុក​មិនបាន​យូរ​ទេ ដូចជា​នំកន្ដ្រំ បើ​ទុក​លើសពី ៤-៥ ​ថ្ងៃ គឺ​វា​ឡើង​រឹង​។ សម្រាប់​នំ ដែល​ចូលមក​ហាង​យើង មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ដើម្បី​លក់​ចេញ​។ បើសិនជា​វា​ដល់​កាលកំណត់ ដែល​គុណភាព​វា​ធ្លាក់ចុះ​ហើយ គឺ​យើង​មិន​លក់​ចេញ​ទេ​។ យើង​យកមក​ស្រស់ៗ និង​ពី​អ្នក ដែល​យើង​ទុកចិត្តបាន​»​។​

​លោក វ៉េង​រ៉ុង ចាត់ទុក​អាជីវកម្ម​ជា​រឿង​រីករាយ​មួយ នៅពេលដែល​មានការ​គាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន ដោយ​ខាង​ហាង​អាច​រក្សាបាន​ទាំង​អតិថិជន​ចាស់ និង​ថ្មី​ជា​ហូរហែ​។​

នំត្រចៀកកណ្ដុរស្រួយ​ឆ្ងាញ់​​​ ជាអាហារ​សម្រន់​ខ្មែរ​​ទំពាជក់​មាត់​។ រូបថត សហ​ការី

​យ៉ាងណាមិញ ចំណុច​ខ្វះខាត​ដែល​លោក​ចង់​អភិវឌ្ឍ​បន្ថែម គឺ​ការ​វេច​ខ្ចប់ និង​ការបន្ថែម​ជម្រើស​ផលិតផល​ប្រចាំ​តំបន់​ផ្សេងៗ​ទៀត​។

​ម្ចាស់​ហាង​រូបនេះ​ថា​៖ «​បច្ចុប្បន្ន​រាល់​ការ​វេច​ខ្ចប់ យើង​ប្រើ​ជា​ប្រអប់​ជ័រ តែ​ទៅ​ខាងមុខ ខ្ញុំ​នឹង​ព្យាយាមរ​កអី​ជួយ​ការរក្សា​បរិស្ថាន ដូចជា​ជំនួស​ដោយ​ប្រអប់​ក្រដាស​ជាដើម​»​។​

​លោក​បន្តទៀតថា​៖ «​យើង​ក៏​នឹង​ព្យាយាម​ប្រមូលផ្ដុំ​នូវ​ផលិតផល​ប្រចាំ​តំបន់​ថែមទៀត​ដើម្បីឱ្យ​ងាយស្រួល ដល់​អ្នក​ដែល​គាត់​គាំទ្រ​ផលិតផល​​ខ្មែរ​។ ដូច​ពេលខ្លះ​គាត់​ចង់​ញ៉ាំ​ឆៃប៉ូវ​​ស្អាង គាត់​ទៅ​ស្អាង​។ តែ​ពេល​ភូមិ​​យើង ប្រមូលផ្ដុំ​ផលិតផល ឬ​អាហារ​សម្រន់​ធ្វើ​ដោយ​កសិករ​ផ្ទាល់ ពួកគាត់​រឹតតែ​អាច​ងាយ​ស្វែងរក​ទិញ​។​

​លោក​ក៏​កំពុង​ទាក់ទង​ប្រជាកសិករ​នៅ​អន្លង់វែង ក្នុងការ​បន្ថែម​សាច់​ងៀត​គោ ងៀត​ក្របី និង​ផលិតផល​ល្បី​នៅ​កំពត​គឺ​នំ​រំចេក នំដង្កូវ​ផងដែរ​។

​លោក វ៉េង​រ៉ុង បញ្ចប់​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា តាមពិតទៅ​ប្រជាកសិករ​យើង​មាន​នំ មាន​អាហារសម្រន់ ដែល​រសជាតិ​ឆ្ងាញ់ និង​មាន​រូបមន្ត តាមបែប​ប្រពៃណី ដែល​គាត់​ធ្វើ​តៗ​គ្នា​ពីមុនមក​ច្រើន​»​។

​លោក​អំពាវនាវ​ថា​៖ «​សូមឱ្យ​យើង​ជួយ​បន្ត​ការគាំទ្រ ដើម្បី​រួមចំណែក​រក្សា​ឈ្មោះ​នំ និង​ឱ្យមាន​លើ​ទីផ្សារ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ក៏ដូចជា​ចូលរួម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ឬ​ចំណូល​ប្រជាកសិករ ដែល​គាត់​ជា​អ្នក​ផលិត​នំ​ទាំងអស់​ហ្នឹង​»​។​

«​ភូមិ​យើង​» មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក @ourvillage.store៕