​ភ្នំពេញៈ ទើបតែ​បាន​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​បេ​ក្ខ​នារី​ជា​កញ្ញាឯក​តំណាងឱ្យ​កម្ពុជា ក្នុង​ការប្រកួត​អន្តរជាតិ Miss Grand International 2021 នៅ​ប្រទេស​ថៃ រំលង​ទៅ​ថ្មីៗ ស្រាប់តែ​តារាចម្រៀង​ស្រី​ល្បី ពេជ្រ សោភា ក៏​ងា​កមក​ខំ​ខ្នះខ្នែង​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ខ្មែរ ដើម្បី​ជួយ​ដល់​តំណាង​កញ្ញាឯក​ចក្ក​​វា​ឡ​កម្ពុជា ក្នុង​ការប្រកួត​អន្តរជាតិ Miss Universe 2021 នៅ​អ៊ី​ស្រា​អែលវិញ​ម្តង​។

​ដោយមាន​ចំណែក​ចូលរួម​ជួយឧបត្ថម្ភ​ប្រាក់​ជួយ​ដល់​សំឡេង​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​តារាចម្រៀង​ស្រី ពេជ្រ សោភា ផងដែរ​នោះ រាជិនី​សម្រស់​កម្ពុជា ក្នុង​ការប្រកួត​អន្តរជាតិ Miss Grand International 2021 នៅ​ថៃកញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា វ័យ​២៣​ ឆ្នាំ បាន​វិល​មក​មាតុប្រទេស​វិញ នាំ​លទ្ធផល​ពាន ​Top10 ផ្នែក Popular Vote​។ យ៉ាងណាមិញ ការ​​ប្រកួត​អន្តរជាតិ Miss Universe 2021 ដែល​រៀបចំ​នៅ​ទីក្រុង​អេ​ឡា​ត (Eilat) ប្រទេសអ៊ី​ស្រា​អែល នឹង​ចាប់ផ្តើម​ការ​​ប្រកួត​ថ្ងៃទី ​១២ ខែធ្នូ នា​ចុង​សប្តាហ៍​នេះ ហើយ​តារាចម្រៀង​ស្រី​ល្បី នៅ​ហង្ស​មាស ពេជ្រ សោភា ក៏​ចង់ឱ្យ​កម្ពុជា​ទទួលលទ្ធផល​ល្អ​កម្រិត​ណាមួយផងដែរ តាម​សំឡេង​បោះឆ្នោត​ជួយ​​គាំទ្រ​ពី​បងប្អូន​ខ្មែរ​។ ការប្រកួត​ឆ្នាំនេះ មាន​តំណាង​រាជិនី​​សម្រស់​កញ្ញាឯក​ចក្ក​វា​ឡ​កម្ពុជា ឆ្នាំ​២០២១ កញ្ញា ងិន ម៉ា​រ៉ា​ឌី ហៅ ងិន រ៉ូ​ហ្សា មាន​វ័យ ២២ ឆ្នាំ​។​

​អ្នកនាង ពេជ្រ សោភា បង្ហើរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​នេះ​ជា​លុយ ដែល​ខាង​ខ្ញុំ​ទទួលបាន​ពី​បងប្អូន​យប់មិញ​សម្រាប់ Vote (​បោះឆ្នោត​) ជូន Miss Universe Cambodia យើង បងប្អូន​អាច​បន្ត Vote (​បោះឆ្នោត​) ជូន​គាត់​បាន​តាមរយៈ App Miss Universe ឬក៏​អាច​ផ្ញើ​តាមរយៈ​នាង​ខ្ញុំ​ក៏បាន​។ ABA (001884812) Than Kimsan សម្រាប់​បងៗ​ណា​ដែល​គាត់​ផ្ញើ​ហើយ​គាត់​អាច​ថត​​ស្គ្រី​ន (Screen Shot) ដាក់ចូល​ខម​មិន (Comment) បាន​»​។​

​កញ្ញា ងិន ម៉ា​រ៉ា​ឌី ហៅ រ៉ូ​ហ្សា បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​ចេញដំណើរ​ធ្វើជា​តំណាងឱ្យ​កម្ពុជា​ក្នុងការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​ពិភពលោក ឆ្នាំ​ ២០២១ លើក​ទី​៧០ នៅ​ទីក្រុង​អេ​ឡា​ត (Eilat) ប្រទេសអ៊ី​ស្រា​អែល ដោយមាន​បេ​ក្ខ​​ភាព​ចូលរួម​ប្រកួត​ចំនួន ៨០ ប្រទេស​។​

​កញ្ញា រ៉ូ​ហ្សា មាន​កម្ពស់​ ១,៦៥ ម៉ែត្រ វ័យ ២២ ឆ្នាំ កើត​នៅ​ភ្នំពេញ គឺជា​បេក្ខភាព ១ រូប របស់​កម្ពុជា ដែល​បានដាក់​ពាក្យ​ចូលរួម​ការប្រកួត​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា ឆ្នាំ​ ២០២១ ក្រោយពី​បាន​ត្រៀមខ្លួន​រយៈពេល​ ១ ​ឆ្នាំ​មក​។

​កញ្ញា រ៉ូ​ហ្សា មាន​ដើមទុន​អាជីព​ដំបូង ជាតា​រា​ម៉ូ​ដែល និង​បទពិសោធ ការងារ​​សង្គម​សិល្បៈ រយៈពេល ៦ ឆ្នាំ គួបផ្សំ​រូប​សម្ផស្ស សមត្ថភាព និង​ទេព​​កោសល្យ​នោះ ទើប​​បាន​ជំរុញ​ឱ្យ​ទឹកចិត្ត​ស្រី​ស្អាត​រាង​តូច​ច្រឡឹង មាន​សុទិដ្ឋិនិយម​ខ្លាំង និង​​បាន​គ្រង​តំណែង​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំឆ្នាំ ​២០២១៕