
ប្រជាជនគោរពរូបសំណាកព្រះ ដែលត្រូវបានប្រគល់ត្រឡប់មកអារាមនេប៉ាល់វិញ ពីសហរដ្ឋអាមេរិក។ AFP
ក្រុងកាត្មាន់ឌូ៖ រូបចម្លាក់ដែលមានអាយុកាលរាប់សតវត្សរ៍នៃព្រះហិណ្ឌូចំនួន២ ត្រូវបានដំឡើងឡើងវិញនៅអារាមមាតុភូមិ ក្នុងរដ្ឋធានីកាត្មាន់ឌូប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍។ នេះជារយៈពេលជិត៤០ឆ្នាំបន្ទាប់ពីចម្លាក់ត្រូវបានលួចហើយក្រោយមកបានលេចវត្តមានឡើងនៅក្នុងសហរដ្ឋអាមេរិក។
រូបសំណាកថ្មរបស់ព្រះនាងលក្ម្សី និងព្រះនរាយណ៍ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសនេប៉ាល់ដោយសារ មន្ទីរសិល្បៈដាឡាស់ និង FBI បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែដោយសកម្មជននិងមន្ត្រីអាមេរិកនិងនេប៉ាល់។
រូបសំណាកបុរាណត្រូវបានគេលួចយកពីប្រាសាទក្នុងឆ្នាំ១៩៨៤ហើយវាស្រាប់តែបានបង្ហាញខ្លួននៅសារមន្ទីរក្រុងដាឡាស ៦ឆ្នាំក្រោយមកដោយខ្ចីប្រាក់ពីអ្នកប្រមូលវត្ថុសិល្បៈបុរាណ។
ស្នាដៃរូបសំណាកនេះមានអាយុកាលចន្លោះពីសតវត្សរ៍ទី១២និងទី១៥ហើយវាគឺជាវត្ថុបុរាណវប្បធម៌ ១ក្តាប់តូចដែលបានប្រគល់ជូនប្រទេសនេប៉ាល់ពីសារមន្ទីរបរទេសនិងអ្នកប្រមូលទិញនៅឆ្នាំនេះ។
អាចារ្យសូត្រធម៌និងអ្នកស្រុកលេងភ្លេងប្រពៃណីខណៈរូបសំណាកនេះត្រូវបានដង្ហែទៅកាន់ព្រះវិហារដែលត្រូវបានប្រក់ដោយកម្រងផ្កានិងផ្កាភ្ញីរុក្ខជាតិ ដើម្បីស្វាគមន៍ការមកដល់។
រូបសំណាកត្រូវបានគេយកមកដាក់នៅលើខឿនថ្មដើមរបស់វាដោយរូបសំណាកចម្លងដែលអ្នកស្រុកបានគោរពបូជាជំនួសវិញត្រូវបានរំកិលផ្លាស់ទៅឈរក្បែរចម្លាក់ដើម។

ក្បួនដង្ហែស្វាគមន៍រូបសំណាកព្រះ ដែលត្រូវបានប្រគល់ត្រឡប់មកអារាមនេប៉ាល់វិញ ពីសហរដ្ឋអាមេរិក។ AFP
លោក Dilendra Raj Shrestha នៃយុទ្ធនាការស្តារបេតិកភណ្ឌនេប៉ាល់បាននិយាយថា៖ «យើងសប្បាយចិត្តខ្លាំងណាស់ការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេលពី៣ ទៅ ៤ឆ្នាំបានទទួលផ្លែផ្កាហើយគ្រប់គ្នាកំពុងប្រារព្ធពិធីដ៏អស្ចារ្យនេះ»។
លោកបានបន្ថែមថាឧបករណ៍ចាប់សញ្ញាឡាស៊ែរនិងកាមេរ៉ា CCTV ឥឡូវនេះត្រូវបានដំឡើងនៅក្នុងប្រាសាទដើម្បីការពាររូបសំណាកពីការប៉ុនប៉ងលួច។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសនេប៉ាល់ Randy Berry បាននិយាយថា៖ «យើងកំពុងមើលឃើញការចាប់ផ្តើមនៃនិន្នាការមួយដើម្បីនាំយកព្រះរបស់នេប៉ាល់មកវិញពីសហរដ្ឋអាមេរិកពីអឺរ៉ុបពីប្រទេសផ្សេងទៀតមកកាន់ប្រទេសដើមកំណើត»។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថានេះជាលើកដំបូងនៃការប្រារព្ធពិធីបែបនេះ»។
ប្រទេសនេប៉ាល់មានជំនឿសាសនាយ៉ាងជ្រាលជ្រៅហើយប្រាសាទហិណ្ឌូនិងពុទ្ធសាសនាព្រមទាំងកន្លែងបេតិកភណ្ឌនៅតែជាផ្នែកសំខាន់នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជន។
ប៉ុន្តែទីតាំងជាច្រើនត្រូវបានបោះបង់ចោលនូវរូបចម្លាក់និងផ្ទាំងគំនូរដែលមានអាយុកាលរាប់សតវត្សរ៍មកហើយរួមទាំងបង្អួចឈើមានគ្រឿងលម្អនិងសូម្បីតែទ្វារដែលជារឿយៗត្រូវបានគេលួចបន្ទាប់ពីប្រទេសនេះបានបើកទូលាយដល់ពិភពខាងក្រៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។
សាស្ត្រាចារ្យ Erin L. Thompson បាននិយាយថា៖ ខ្ញុំគិតថាមានការផ្លាស់ប្តូរជាសកល...ប្រទេសជាច្រើនកំពុងទាមទារវត្ថុបុរាណរបស់ពួកគេមកវិញ»។
វត្ថុបុរាណចំនួន៦ ត្រូវបានប្រគល់ជូនប្រទេសនេប៉ាល់ក្នុងឆ្នាំនេះហើយអាជ្ញាធរកំពុងស្វែងរកបន្ថែមទៀតពីប្រទេសបារាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស៕ AFP

រូបសំណាកត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសនេប៉ាល់ ដោយសារមន្ទីរសិល្បៈដាឡាស់។ AFP