ភ្នំពេញ: មជ្ឈមណ្ឌល​វប្បធម៌ និង​វិទ្យាសាស្ត្រ​រុស្ស៊ី (RCSC) ប្រចាំ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​បាន​រៀបចំ​ការសម្ដែង​ល្ខោន​រឿង Dostoevsky and We ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី​ ២០០ នៃ​អ្នកនិពន្ធ​រុស្ស៊ី Fyodor Mikhailovich Dostoevsky និង​ចូលរួម​អបអរ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ក្នុង​ការបើក​ប្រទេស រួមទាំង​ពិធីបុណ្យ ការតាំងពិព័រណ៍ និង​ការសម្តែង​ល្ខោន ជា​គ្រឹះ​ដ៏សំខាន់​នៃ​ជីវិត​វប្បធម៌​។

Dostoevsky and We ជា​ល្ខោន​និយាយ អមដោយ​តន្ត្រី ការរាំ ច្រៀង និង​វីដេអូ រយៈពេល ៧៥ ​នាទី​។

ល្ខោននិយាយ​នេះ​បង្កើតឡើង​តាមរយៈ​សាច់រឿង The Village of Stepanchikovo and its inhabitants របស់​អ្នកនិពន្ធ​រុស្ស៊ី Dostoevsky អំពី​ម្ចាស់​ដី​ចិត្តល្អ Nastasya ដែលមាន​ក្មួយប្រុស​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ St. Petersburg មកលេង​។ លោក Foma ដែល​សោយរាជ្យ​នៅក្នុង​ផ្ទះ Nastasya តែងតែ​ធ្វើបាប​សមាជិក​គ្រប់គ្នា​ក្នុងផ្ទះ គ្មាន​អ្នកណា​អាច​ប្រឆាំងនឹង​គាត់​បានឡើយ​។ តែ​ជម្លោះ​ធ្ងន់ធ្ងរ ដែល​កើតឡើង​ត្រូវបាន​ដោះស្រាយ​ដោយ​មិន​នឹកស្មាន​ដល់​។

លោក Vitaly Smyshlyaev អ្នកសរសេរ​បារ៉ូល​ជនជាតិ​រុស្ស៊ី​បាន​ឱ្យដឹងពី​ជោគជ័យ​នៃ​កម្មវិធី និង​ភាពរីករាយ ដែល​ក្រុម​របស់លោក​បាន​សម្ដែង​នៅលើ​ឆាក បន្ទាប់ពី​អាក់ខាន​ជិត​ ១ ​ឆ្នាំ ដោយសារ​កូវីដ​។

និស្សិត​ខ្មែរ​ចូលរួម​បង្កើត​ការសម្ដែង​ជា​ឃ្លីបវីដេអូ​ផ្ញើ​ពី​រុស្ស៊ី​មកវិញ​។ រូបថត សហការី

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​បើទោះជា​វា​ជា​ល្ងាច​ថ្ងៃ​សុក្រ ចុងសប្ដាហ៍ ចរាចរណ៍​មមាញឹក យើង​រំភើបចិត្ត​ណាស់ ដែល​មាន​ភ្ញៀវ​ជាង ១៤០ ​នាក់​មក​ចូលរួម​។ ប្រតិកម្ម​របស់​ទស្សនិកជន​អំឡុងពេល និង​ក្រោយ​ការសម្តែង​បង្ហាញ​ពី​ភាពកក់ក្តៅ និង​គាំទ្រ ដែល​ធ្វើឱ្យ​អ្នក​សម្ដែង​របស់​យើង ដែល​មិនមែន​ជា​អ្នកជំនាញ​អី មាន​កម្លាំងចិត្ត និង​ភាពធូរស្រាល​ក្នុង​ការសម្ដែង និង​ច្រៀង​»​។

លើសពីនោះ អ្នកចូលរួម​ជាច្រើន​បាន​សម្ដែង​ភាពរីករាយ កោតសរសើរ​ចំពោះ​ការសម្ដែង​ទៅកាន់​ប្រធាន​មជ្ឈមណ្ឌល RCSC អ្នកនាង Irina Tsatsulina ​និង​អ្នក​សម្ដែង​ទាំងអស់​មាន​ទាំង​ការសូម​ថតរូប​ជុំគ្នា​ដោយ​ទឹកមុខ​រីករាយ​ទៀតផង​។

លោក​ក៏បាន​ឱ្យដឹងពី​ហេតុផល ដែល​លោក​ដាក់ឈ្មោះ​សាច់រឿង Dostoevsky and We ដែលថា​៖ «Dostoevsky បាន​សរសេរ​សៀវភៅ​កាលពី ១៥០ ​ឆ្នាំមុន ប៉ុន្តែ​សំណួរ​ទាំងអស់​ដែល​គាត់​បានដាក់​នៅក្នុង​ប្រលោមលោក​របស់​គាត់ នៅតែ​មាន​ជាប់ទាក់ទង​មកដល់​ជីវិត​ផ្ទាល់ខ្លួន និង​សង្គម​របស់​យើង​សព្វថ្ងៃនេះ​»​។

ក្នុង​ការជ្រើសរើស​សាច់​រឿងនេះ មក​សម្ដែង​ក្នុងឱកាស​នេះ លោក Vitaly បញ្ជាក់ថា អ្នកនិពន្ធ Dostoevsky បាន​រងទុក្ខ​ជាច្រើន​ក្នុង​ជីវិត ប៉ុន្តែ​នៅក្នុង​សៀវភៅ​របស់គាត់​តែងតែ​មាន​ចន្លោះ​សម្រាប់​ក្តីសង្ឃឹម និង​ជំនឿ​នាពេល​អនាគត​។

សិល្បករ​សម្ដែង​ល្ខោន​ដើម្បី​ឧទ្ទិស​ដល់​អ្នកនិពន្ធ​ជនជាតិ​រុស្ស៊ី​។ រូបថត សហការី

ដូចនេះ វា​ជា​ឱកាស​ដ៏ល្អ​មួយ ដើម្បី​រំឭក​ដល់​ប្រជាពលរដ្ឋ​អំពី​ការបើក​ប្រទេស​កម្ពុជា​ក្រោយ​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តទៀតថា ពួកគាត់​បាន​បញ្ចូល​វីដេអូ​ជាច្រើន​នៅក្នុង​ផលិតកម្ម ពីព្រោះ​វីដេអូ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​វប្បធម៌​យុវវ័យ​នាពេល​បច្ចុប្បន្ននេះ​។

លោក​បានឱ្យដឹងថា​៖ «​យើង​ក៏​សង្ឃឹមថា ការសម្ដែង​របស់​យើង​នឹង​ជំរុញ​យុវជន​ឱ្យ​អាន​សៀវភៅ​។ យ៉ាងហោច​ណាស់​អ្នកចូលរួម​នៅក្នុង​ផលិតកម្ម​បាន​ងាក​ទៅរក​សៀវភៅ​របស់ Dostoevsky ផងដែរ​»​។

សិល្បករ​សម្ដែង​សរុប​មាន​ចំនួន ២៧ ​នាក់​ទាំង​មនុស្សពេញវ័យ សិស្សសាលា​មធ្យម និង​បឋមសិក្សា​។ សិល្បករ ១៤ ​នាក់​ត្រូវបាន​ចូលរួម​ដោយផ្ទាល់ ហើយ ១៣ ​នាក់​មកពី​រុស្ស៊ី កាហ្សាក់ស្ថាន និង​កម្ពុជា បានរៀបចំ​ជា​វីដេអូឃ្លីប​។

របៀបវារៈ សាច់រឿង​សង្ខេប​របស់​រឿង​មាន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ ដោយមាន​អ្នក​ចែកជូន​ទស្សនិកជន​នៅ​ច្រកចូល​នៃ​សាល​សម្ដែង​។

លោក Vitaly ជា​អ្នករៀបចំ​កម្មវិធី​នៅ​សហគមន៍​សិល្បៈ Phnom Paint ​ថា​៖ «​ខ្ញុំ​គិតថា សាច់រឿង និង​កម្មវិធី​ទាំងមូល ត្រូវបាន​យល់​យ៉ាងច្បាស់​ពី​ទស្សនិកជន​គ្រប់រូប ព្រោះ​យើង​បាន​បង្កើត​នូវ​សិល្បៈ​ចម្រុះ ដែលមាន​ទាំង សោកនាដកម្ម កំប្លែង វីដេអូ ការរាំ តន្ត្រី និង​ល្ខោននិយាយ ហើយ​សាច់រឿង​ផ្ទាល់​ស្ដីអំពី​ទំនាក់ទំនង​គ្រួសារ ដែល​ផ្សារភ្ជាប់​ទៅគ្រប់​គ្នា មិន​ថា​ជាតិ​សាសន៍​ណាមួយ​»​។

ល្ខោននិយាយ អមតន្ត្រី រាំ ច្រៀង និង​វីដេអូ មាន​រយៈពេល ៧៥ ​នាទី​។ រូបថត សហការី

អ្នកនិពន្ធ​រុស្ស៊ី Dostoevsky បាន​ចំណាយពេល​ច្រើន​នៅ​អាស៊ី ហើយ​គំនិត​ចម្បង​របស់លោក​គឺ​នាំយក​វប្បធម៌​អឺរ៉ុប និង​អាស៊ី​ឱ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​គ្នា​។ ជាក់ស្ដែង ភាគច្រើន​នៅក្នុង​វប្បធម៌​លោកខាងលិច តែងតែ​មាន​សាច់រឿង ដែល​តួអង្គ​ចូល​ជាមួយ​ក្រុម​ល្អ ដើម្បី​តទល់​នឹង​អាក្រក់​។

ប៉ុន្តែ​ឥទ្ធិពល​នៃ​វប្បធម៌​អាស៊ី​លើ​ការងារ​របស់ Dostoevsky ត្រូវបាន​បង្ហាញ​ក្នុង​វីដេអូ​មួយ​ដោយ​និស្សិត-ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី ហើយ​សារ​របស់​លោក Dostoevsky គឺ «​ភាពស្រស់ស្អាត​នឹង​ជួយ​ពិភពលោក​» ដែល​នេះ​វា​ផ្សារភ្ជាប់​ជាមួយ​ពុទ្ធភាសិត​មួយ​ថា «​ពៀរ​រមែង​រំងាប់​ដោយ​ការមិន​ចងពៀរ​»​។

មជ្ឈមណ្ឌល RCSC និង​អ្នក​ស្ម័គ្រចិត្ត​មកពី​សហគមន៍​សិល្បៈ Phnom Paint ​បាន​ធ្វើ​ការងារ​រៀបចំ​យ៉ាងច្រើន ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង​។ ជា​អកុសល មុន​ការសម្ដែង​ផ្ទាល់ ១០ ​ថ្ងៃ សិល្បករ​មួយចំនួន​ដែលជា​និស្សិត​ខ្មែរ​ត្រូវ​ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​រុស្ស៊ី​វិញ ធ្វើឱ្យ​ចុងក្រោយ​ពួកគេ​សម្រេចចិត្ត​បង្កើត​ការសម្ដែង​ជា​ឃ្លីបវីដេអូ​ផ្ញើ​ពី​នាយ​សមុទ្រ​មកវិញ​។

ប្រៀបធៀប​ទៅនឹង​ការសម្ដែង​ឆ្នាំមុន លោក​ថា​៖ «​វា​ពិបាក​បន្តិច​ដែរ​ក្នុង​ការជំរុញ​ចិត្ត​ឱ្យ​សិល្បករ​ហ្វឹកហាត់​ឡើងវិញ ឯ​ទស្សនិកជន​ក៏​ស្ទើរតែ​បាត់បង់​ទម្លាប់​នៃ​ការចូលរួម​ជួបជុំ​ក្នុង​កម្មវិធី​នានា​។ ប៉ុន្តែ ជារួម​គឺ​វា​មិនអាក្រក់​ពេក​ទេ ពេល​កៅអី​នៅតែ​ពេញ​ក្នុង​រោង​សម្ដែង​»​។

លោក Vitaly បានបញ្ចប់​ដោយ​ឱ្យ​ទស្សនិកជន​រង់ចាំ​នូវ​កម្មវិធី​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ឆាប់ៗ​នេះ​មជ្ឈមណ្ឌល RCSC នឹងមាន​ការអញ្ជើញ កុមារ​រុស្ស៊ី និង​ខ្មែរ​មក​ចូលរួម​សម្ដែង​រឿងនិទាន​ក្នុង​ឱកាស​ចូលឆ្នាំ​សកល បន្ថែម​ពី​នោះ​ក៏មាន​គម្រោង​ផលិត​ខ្សែភាពយន្ត​ពី​សាច់រឿង Dostoevsky and We ផងដែរ​៕