ភ្នំពេញៈ បទ «Are You Ok?» របស់​កញ្ញា តន់ ចន្ទសីម៉ា នៅ​ផលិតកម្ម​ហ្គាឡាក់ស៊ី ផ្ទុះ​ការគាំទ្រ​ខ្លាំង ក្នុង​បណ្តាញ​សង្គម ដោយ​មាន​អ្នកទស្សនា ១០០ លាន​ដង (100M Views) តែត្រឹម​រយៈពេល ១ ខែ​។

នេះ​បើ​យោងតាម​ការបង្ហោះ​សារ​ពី​សំណាក់​តារាចម្រៀង​ស្រី និង​លោក យឹម តាស្រង់ ជា​អ្នកចាត់ការ​ទូទៅ​ផលិតកម្ម​ហ្គាឡាក់ស៊ី ដែលមាន​ឃ្លា​ដូចគ្នា​ទាំងស្រុង​ថា​៖ «100M Views ត្រឹមតែ ៣១ ថ្ងៃ ជា​លើកដំបូង! ​ដោយ​សេចក្តី​រីករាយ និង​គោរព អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ដែល​បាន​គាំទ្រ​ដល់ CAM-POP GALAXY NAVATRA»​។

កាល​ពី​បទចម្រៀង​កែសម្រួល​ថ្មី «Are You Ok?» ដែល​បកស្រាយ​ដោយ​តារាចម្រៀង​ស្រី រាង​តូចច្រឡឹង សំឡេង​ធ្ងន់​កញ្ញា តន់ ចន្ទសីម៉ា ផ្ទុះ​ការគាំទ្រ​យ៉ាងច្រើន​មាន​ចំនួន ៦០ លាន​ដង (60M) តែត្រឹម​រយៈពេល ២ សប្តាហ៍​នោះ ម្ចាស់​បទ​ក៏​បាន​ប្រកាស​ឧបត្ថម្ភ​ប្រាក់​ចំនួន ១០០ លាន​រៀល ដើម្បី​ទ្រទ្រង់​វិស័យ​សិល្បៈ​បុរាណ​ផងដែរ​។

នៅថ្ងៃនោះ គេ​ក៏​ឃើញ​អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម​ហ្គាឡាក់ស៊ី​លោក យឹម តាស្រង់ បង្ហើប​ជា​សារ​នៅ​ហ្វេសប៊ុក​ថា​៖ «​ចូលរួម​អបអរ​នូវ​សន្តាន​ចិត្ត​របស់​ប្អូន!​ជោគជ័យ​ធំ​ណាស់​ប្អូនស្រី​គ្រាន់តែ ៣ ក្រុមហ៊ុន​សោះ​ទទួល​បាន​ជាង ៥០ ម៉ឺន​ដុល្លារ​ទៅហើយ បើ​ត្រឹមតែ​បានឮ​គេ​ថា ខ្ញុំ​ប្រាកដជា មិន​ជឿ​ឡើយ តែ​នេះ​ជា​កិច្ចការ​ខ្ញុំ​ធ្វើ​ផ្ទាល់​»​។

គួរបញ្ជាក់​ដែរថា នៅ​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ចេញ​ទិដ្ឋាការ​បទចម្រៀង​- «Are you ok»? របស់​ផលិតកម្ម​ហ្គាឡាក់ស៊ី ណាវ៉ាត្រា អាច​ផលិត MV ខារ៉ាអូខេ​ថ្មីបាន​។ លុះ​បន្ទាប់មក​ផលិតកម្ម​ក៏បាន​ធ្វើការ​កែតម្រូវ​ចំណុច​ខ្វះខាត ស្របតាម​លក្ខខណ្ឌ​របស់​ក្រសួង ដោយ​បទចម្រៀង​មួយ​នេះ​បាន​បញ្ចេញ Full MV ផ្លូវការ​នៅ​ថ្ងៃទី​ ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ហើយ​ក៏បាន​បំបែក​កំណត់ត្រា​ថ្មី​ក្លាយ​ជា​ចម្រៀង​ទី​ ១ ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​នូវ​ចំនួន​អ្នកទស្សនា​ច្រើន ( Viewers) រហូតដល់ ៤ លាន​ដង​ក្នុង YouTube ត្រឹមតែ ២៤ ម៉ោង​តែប៉ុណ្ណោះ​។

កាន់តែ​ពិសេស​ទៀត​នោះ បន្ទាប់ពី​បាន​កែសម្រួល​នូវ​ចំណុច​ខ្វះខាត ឬ​លើសលស់​នូវ​អត្ថន័យ ក្រោយ​ទទួលរង​ការរិះគន់​កាលពី​ចេញ​លើកដំបូង និង​ក្រោយពី​បាន​ទិដ្ឋាការ​ទទួលស្គាល់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មក​នោះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បាន​លក់​សិទ្ធិ​ផលិត​បន្ត​បទ​- «Are You Ok?» ដែលជា​ការចេញ​លើក​ទី​ ២ របស់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ចិន GESTOS ដើម្បី​ពង្រីក​វិសាលភាព​នៃ​វិស័យ​ចម្រៀង​សម័យ​ទំនើប​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ កន្លងមក​៕