​ភ្នំពេញ: Rise គឺជា​កម្មវិធី​អាហា​​រូបករណ៍​មួយ ដែល​កំពុង​ស្វែងរក យុវជន​វ័យក្មេង​ដែលមាន​អាយុ ១៥-១៧ ​ឆ្នាំ ​ដែល​ស្ដែងចេញ​សក្ដានុពល​នៅ​គ្រប់​វិស័យ និង​ជំនាញ ដើម្បី​ជួយ​គាំទ្រ​ដំណើរ​ជីវិត​របស់​ពួកគេ​ពេញ​ ១ ​ជីវិត រួមមាន អាហារូបករណ៍ ឱកាស​ក្នុងការ​អភិវឌ្ឍ​អាជីព កញ្ចប់​ឧបករណ៍​បច្ចេកវិទ្យា និង​ការឧបត្ថម្ភ​ចូលរួម​កម្មវិធី​ជាច្រើន​ទៀត ជា​ទុន​ជួយ​ពួកគេ​បង្កើន​ចំណេះដឹង អំឡុងពេល​ដោះ​​ស្រាយ​បញ្ហា​សម្រាប់​ពិភពលោក​។​

​ឆ្នាំមុន​ដែលជា​ឆ្នាំ​ដំបូង​របស់ Rise មិនមាន​សិស្ស​ខ្មែរ​ចូលរួម​ច្រើន​នោះទេ ព្រោះ​កង្វះ​ទទួល​ព័ត៌មាន​បាន​ទូលំទូលាយ​។ យ៉ាងណាមិញ​កញ្ញា ធី ជូ​លី ដែល​បានបញ្ចប់​ការសិក្សា​ពី​សាលារៀន​សុវណ្ណ​ភូមិ បន្ទាយ​មាន​​ជ័យ បាន​ក្លាយជា​បេក្ខភាព​ម្នាក់​ក្នុងចំណោម​អ្នកឈ្នះ ១០០ ​នាក់ ​ពី​កម្មវិធី Rise ដោយ​រួមចំណែក​ស្ដែង​នូវ​សមត្ថភាព​យុវជន​កម្ពុជា​ទៅកាន់​ពិភពលោក​។

​បច្ចុប្បន្ននេះ និស្សិត​កម្ពុជា​រូបនេះ​កំពុង​បន្ត​ការសិក្សា​ដោយ​ទទួលបាន​អាហារូបករណ៍​ថ្លៃ​សិក្សា​ ១០០ ​ភាគ​រយ នៅ​វិទ្យាស្ថាន IPU Tertiary Institute ប្រទេស​នូ​វែ​ល​សេ​ឡង់​។

​សញ្ញា​ជោគជ័យ​នៅ​ឆ្នាំ​ដំបូង Rise ក៏បាន​ទាក់ទង​មក​សាលា Liger Leadership Academy ដើម្បី​ជំរុញ​ការចូលរួម ផ្សព្វផ្សាយ និង​កៀរគរ​យុវជន​-​យុវតី​ឱ្យបាន​រឹតតែ​ច្រើន​។​

​លោក ឃី​ធ ស៊ីម​សិន អ្នក​សម្រប​សម្រួលការ​សិក្សា​នៅ Liger Leadership Academy បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ឆ្នាំនេះ ជា​ឆ្នាំ​ទី​២ របស់​កម្មវិធី Rise ហើយ Rise បាន​ទាក់ទង​មក​ពួកយើង ដោយសារតែ​អ្នកតំណាង​របស់​ពួកគេ​ម្នាក់​បាន​ជួប ហើយ​មានការ​ចាប់អារម្មណ៍​ចំពោះ​អតីត​សិស្ស​របស់​យើង​ម្នាក់ ដែល​កំពុង​សិក្សា​អាហារូបករណ៍​នៅ Dartmouth (​សហរដ្ឋអាមេរិក​)» ។

​ដោយ​កម្មវិធី Rise ត្រូវ​នឹង​បេសកកម្ម​របស់​សាលា ឆ្នាំនេះ​សិស្សានុសិស្ស Liger Leadership Academy ដែល​គ្រប់​អាយុ​ទាំងអស់​ក៏បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​បំណង​ផ្សព្វផ្សាយ​ឥទ្ធិពល​វិជ្ជមាន​នៃ​កម្ពុជា​។

ឆ្នាំ​មុន កញ្ញា ធី ជូលី ស្ថិត​ក្នុង​ចំណោម​អ្នក​ឈ្នះកម្មវិធី Rise ១០០​នាក់​ជុំវិញ​ពិភពលោក។ រូបថត សហ​ការី

​ក្រៅពី​សិស្ស​នៅ​សាលា​របស់លោកអ្នកសម្របសម្រួល​ការ​សិក្សា​រូបនេះ​ក៏​អំពាវនាវ​ផងដែរ​ថា សិស្សានុសិស្ស​ផ្សេងទៀត​គួរតែ​ចូលរួម ដោយសារ​កម្ពុជា​កំពុង​អភិវឌ្ឍ និង​ត្រូវការ​យុវជន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា ធ្វើ​ការដក​ពិសោធ​បញ្ហា និង​អនុវត្ត​គំនិត​ផ្ទាល់​របស់​ពួកគេ​។

​ទន្ទឹមនឹង​រំលេច​ពី​សារៈសំខាន់​នៃ​ឱកាស​ឱ្យ​សិស្ស​បញ្ចេញ​គំនិត​ធ្វើឱ្យ​ពិភពលោក​ប្រសើរឡើង​នោះ លោក ស៊ីម​ស៊ិន បាន​រំលេច​ភាព​ពិសេស​នៃ​កម្មវិធី​ខាងលើនេះ​ថា​៖ «Rise គឺជា​ឱកាស​ឥតខ្ចោះ ក្នុង​ការធ្វើ​កិច្ចការ​ទាំងនោះ​។ វា​ផ្ដល់ឱ្យ​យុវជន​មាន​បទ​​ពិសោធ​ដ៏​មានតម្លៃ ក្នុងការ​ពង្រឹងសមត្ថភាព និង​ទំនុកចិត្ត​ក្នុងការ​បន្តការងារ​នេះ​ទៅ​ថ្ងៃមុខ​។ ចំណុច​ពិសេស អ្នក​ដែល​ឈ្នះ​នឹង​អាច​ទទួល​​បាន​អាហារូបករណ៍​ទៀតផង​»​។​

​ផលប្រយោជន៍​ទទួលបាន​សម្រាប់​អ្នកឈ្នះ​កម្មវិធី​ប្រកួត​ប្រកួតប្រជែង Rise គឺមាន​ច្រើន​ទម្រង់​។ ឱកាស និង​អត្ថប្រយោជន៍​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​អាច​បត់បែន​បាន ស្របតាម​តម្រូវការ​របស់​អ្នកឈ្នះ និង​វិ​វ​ឌ្ឍ​ទៅតាម​ពេលវេលា​។​

​អ្នកឈ្នះ​នឹង​មានឱកាស​ដាក់ពាក្យ​ស្នើសុំ​អត្ថប្រយោជន៍​ពី​បណ្តាញ​ដៃគូ​របស់ Rise ទាំងអស់ ដោយមាន​ឱកាស​ភ្ជាប់​ទៅនឹង​កម្មវិធី​រួមមាន អាហារូបករណ៍​នៅ​អនុវិទ្យាល័យ ឱកាស​ហ្វឹកហាត់​ការងារ និង​អត្ថ​ប្រយោជន៍​ផ្សេងទៀត​។​

​អ្នកឈ្នះ​នឹង​មានឱកាស​ទទួលបាន​មូលនិធិ ដើម្បី​យក​អនុវត្ត​ការពិសោធ​ជាមួយ​គំនិត​ច្នៃប្រឌិត​របស់ខ្លួន ក្នុងការ​ដោះស្រាយ​បញ្ហា​ធំៗ​នៅក្នុង​សហគមន៍​ខ្លួន​ផ្ទាល់ ឬ​ជុំវិញ​ពិភព​លោក​។ រីឯ​ការគាំទ្រ​ផ្នែក​អប់រំ សំដៅលើ​ឱកាស​ដាក់​ពាក្យសុំ​អាហា​រូប​​ករ​ណ៍​បន្ត​ការសិក្សា​។​

​លោក ស៊ីម​ស៊ិន បាន​និយាយថា​៖ «​សិស្ស​ជាច្រើន​មានការ​ព្រួយបារម្ភ​ពី​ថវិកា​ថា បន្ទាប់ពី​រៀន​ចប់​នឹងធ្វើ​អ្វី អាច​បន្ត​ការសិក្សា​បាន ឬ​យ៉ាងណា ដូច្នេះ​ការចូលរួម​ប្រកួតប្រជែង​នេះ​អាច​ផ្លាស់​ប្ដូរជីវិត​អ្នក​ពេញ​ ១​ ជីវិត​»​។

​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ជំរុញ​សិស្សានុសិស្ស​ទូទាំងប្រទេស​ឱ្យចូល​រួម​ប្រកួតប្រជែង​កម្មវិធី Rise ផងដែរ​។ សម្ទុះ​សិស្ស​​កម្ពុជា​បាន​ចូលរួម​ច្រើន​ក្នុង​តួលេខ​ឈានដល់ ១០ ​ប្រទេស​កំពូល ​ដែលមាន​អ្នកចូលរួម​ច្រើនជាងគេ​។

​លោក ស៊ីម​ស៊ិន បានឱ្យដឹង​ដែរ​ថា​៖ «​ពេល​យើង​ចូលក្នុង​សាលា យើង​ពិតជា​រីករាយ​ណាស់ ដែល​ឃើញ​សិស្សៗ​ពិភាក្សាគ្នា​អំពី​គំនិត​របស់​ពួកគេ ហើយ​យើង​ឃើញ​មាន​កើន​ចំនួន​អ្នកចូលរួម​បំពេញ​ទម្រង់​ច្រើន​ក្នុង​ផេ​ច ហ្វេ​ស​ប៊ុ​ករ​បស់​យើង​ជា​រៀងរាល់ថ្ងៃ​»​។​

អ្នក​ឈ្នះ​កម្មវិធី Rise ឆ្នាំ​មុន ជា​សិស្ស​បញ្ចប់ការ​សិក្សាជាមួយនិទ្ទេស A​​ កញ្ញា ធី ជូលី។ រូបថត សហ​ការី

​ក្នុងការ​ប្រកួតប្រជែង​នេះដែរ អ្នក​​ចូលរួម​មាន ៣ ​ដំណាក់កាល​គឺ​៖ ១. ​ទាញយក​កម្ម​វី​ធី រួច​បង្កើត​វីដេអូ​ណែនាំ​ខ្លួន ដោយ​ថ្ងៃ​ផុតកំណត់​គឺ ថ្ងៃទី​ ២២ ធ្នូ ឆ្នាំ ​២០២១​។ ២. បង្កើត​គម្រោង ដែល​អាចជួយ​សហគម​ន៍​របស់​អ្នក និង​៣. បញ្ចប់​ការប្រកួត​ដោយ​ផ្ដល់​មតិ​ស្ថាបនា​ទៅលើ​គម្រោង​បេក្ខជន​ចូលរួម​ដទៃទៀត​។​

​បេក្ខជន ៥០០ ​នាក់ នឹង​ទទួលបាន​ថវិកា​ចំនួន ១ ០០០ ​ដុល្លារ ហើយ​យុវជន​ចំនួន ១០០​ នាក់ នឹងត្រូវ​បានជ្រើសរើស​ដើម្បី​ទទួលបាន​ជយលាភី​ដែលមាន​តម្លៃ​ស្មើនឹង ៥០ ​ម៉ឺន​ដុល្លារ និង​ការគាំទ្រ​ពេញ ១ ​ជីវិត​។​

​លោក ស៊ីម​ស៊ិន បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ «​វា​គឺជា​ក្ដី​សុបិន​របស់​យើង​ក្នុងការ​ឃើញ​យុវជន​វ័យក្មេង​កម្ពុជា​ច្រើន​នាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយនឹង​ជាការ​រំភើបចិត្ត​មួយ​បើ​ពួកគេ​ឈានទៅដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​»​។​

​តំណ​ភ្ជាប់​កម្មវិធី​ទូរស័ព្ទ https://gethelloorg.page.link/qRT8 ហ្វេ​ស​ប៊ុ​ក @risechallenge2021kh និង​គ្រុប​តេ​ឡេ​ក្រាម https://t.me/joinchat/XHyGNnvV38UwZjZl៕