ភ្នំពេញ៖ សិល្បការិនី​របាំ ​​៥ ​នាក់ ​ពាក់​ក្បាល​ក្ងោក គ្រង​ឈុត​​​ពណ៌​ឆើត​ត្រដាង​ស្លាប កន្ទុយ​លាត​បក់​រវ៉ិកៗ កំពុង​​ធ្វើ​ចលនា​ល្វតល្វន់​​តាមចលនា​​បក្សី​​ទាំង​ទឹកមុខ​ញញឹម​ក្នុងការ​សម្ដែង​​ក្បាច់របាំ​បុរាណ​ក្រុម​​ជនជាតិ​​ដើម​ភាគតិច សាន់ដា ឥណ្ឌូនេស៊ី​។

របាំ​នេះ ​ភាសា​ឥណ្ឌូនេស៊ី​ហៅ​ថា មីរ៉ាក់ ឬ​របាំក្ងោក​ត្រូវបាន​គេ​យក​មក​សម្ដែង​​ក្នុង​កិច្ច​បើក​កម្មវិធី ដំណើរកម្សាន្ត​កូន​កាត់ (Hybrid Familiarization trip) ក្រោម​ប្រធានបទ «ដំណើរ​ទៅកាន់​ទឹកដី​សាន់ដា​»។

កម្មវិធី​នេះ​រៀបចំ​​ដោយ​ស្ថានទូត​សាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០២១​ ដោយ​ប្រារព្ធ​ធ្វើ​​​តាមអនឡាញ​ពី​ចាវ៉ា​ខាងលិច អមដោយ​កម្មវិធី​នៅនឹង​កន្លែង​​ផ្ទាល់ ក្រោម​ការ​ចូលរួម​ពី​អាជ្ញាធរ​ មន្ត្រី​ទេសចរណ៍ តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ អ្នកសារពត៌មាន និង​តារា​​​បណ្ដាញសង្គម​ចូលរួម​នៅ​​ភ្នំពេញ​។

លោក​ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ស៊ូដឺមេន ហាសេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នេះ​គឺជា ដំណើរ​កម្សាន្ត​កាត់ លើកទី១ ក្នុង​គោលបំណង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​ រវាង​សមាគម​ទេសចរណ៍ អ្នក​រៀបចំ និង​ភ្នាក់ងារ​ទេសចរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​»។

លោក​​បន្ត​ថា៖ «វា​ក៏​ដើម្បី​ណែនាំ និង​​អញ្ជើញ​ប្រជាជន​កម្ពុជា​ឱ្យ​ទទួល​បាន​បទពិសោធ​​ទេសចរណ៍​អនឡាញ​​ទៅកាន់​ចាវ៉ាខាងលិច និង​បង្កើត​បរិយាកាស​នៃ​ជនជាតិ​សាន់ដា តាម​រយៈ​ការសម្តែង​របាំ ​តន្ត្រី ម្ហូប សម្លៀកបំពាក់ វប្បធម៌ ប្រជាជន និង​ដំណើរ​កម្សាន្ត​ប្រវត្តិសាស្ត្រ​ឯសារមន្ទីរ​អាស៊ី-អាហ្វ្រិក​ ដែល​មាន​តាំង​រូប ព្រះបាទ​នរោត្តម ព្រះសីហនុ ពេល​ទៅធ្វើ​កិច្ចប្រជុំ​ទីនោះ​តាំងពី​ឆ្នាំ ១៩៥៥​»។

សកម្មភាព​អ្នកចូលរួម ជាច្រើន​នាក់​បង្ហាញពី​ភាពរីករាយ ហាក់ដូច​បាន​ទៅ​កាន់​ទឹកដី​នោះ​ផ្ទាល់ ដោយ​ខ្លះ​ដើរ​​មើល​សម្លៀកបំពាក់ សម្ភារ​ប្រើប្រាស់ ភ្លក់​នំចំណី​ ថតរូប​ជាមួយ​ជនជាតិ​ឥណ្ឌូនេស៊ី និង​ខ្លះ​ក៏​សន្ទនា​ដោះដូរ​ពី​វប្បធម៌​រវាង​ប្រទេស​ទាំង​២ ដែល​មាន​វប្បធម៌​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​។

​កម្មវិធី​ផ្ដោតលើ​ចាវ៉ា​ខាង​លិច​ត្រូវ​បាន​​លោក​ឯកអគ្គរដ្ឋទូត​ឱ្យដឹង​ថា ​ក្នុង​​បំណង​​​បង្ហាញ​សក្តានុពល​​គ្រប់​ជ្រុង ដែល​អាច​ស្វាគមន៍​ភ្ញៀវ​គ្រប់​ប្រភេទ មិនថា ​សម្រាប់​អ្នកចូលចិត្ត​ដំណើរ​ផ្សងព្រេង អ្នកចូលចិត្ត​ទិញ​ទំនិញ ស្វាមី​ភរិយា​ក្នុង​ដំណើរ​ក្រេបចន្ទ​​ទឹក​ឃ្មុំ អ្នកជំនួញ គ្រួសារ ឬ​មិត្តភក្តិ​។

លោក ស៊ូដឺមេន បាន​បន្ត ថា៖ «ចាវ៉ា​​ខាងលិច​​មាន​ជាង ៤០០ តំបន់​​​កម្សាន្ត​ ទាំង​ធម្មជាតិ និង​កែច្នៃ ជារួម​មាន​​សមុទ្រ ភ្នំ ព្រៃ បឹង ទឹកធ្លាក់ និង​កន្លែង​វប្បធម៌​​ប្រវត្តិសាស្ត្រ​ដ៏ច្រើន»​។

អ្នកចូលរួម​ប្រគំ​បទ អារ៉ាប់ពីយ៉ា ដោយប្រើ​ឧបករណ៍​តន្ត្រី​ប្រពៃណី អាំងឃ្លុង (Angklung) របស់ឥណ្ឌូនេស៊ី។ រូបថត សហ​ការី

ប៉ុន្តែ​ក្រៅពី​ចាវ៉ា​ខាងលិច លោក​បាន​បន្ថែម​ទៀត​ថា ​ឥណ្ឌូនេស៊ី​​មាន​កោះ​ចំនួន ១៧ ៥០៤ និង​ជនជាតិ​​ភាគតិច ១ ៣៤០ ​ក្រុម មានន័យថា ​គ្រប់​ទី​កន្លែង​ ដែល​អ្នកទេសចរ​ទៅ ពួកគេ​នឹង​ទទួលបាន​បទពិសោធ​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត បេតិកភណ្ឌ និង​ចំណុច​ទាក់ទាញ​ខុសៗគ្នា​។

កោះបាលី ​ជា​ទិសដៅ​ដំណើរកម្សាន្ត​មួយ​ដ៏​ល្បី ប៉ុន្តែ​ «បាលី​ថ្មី» ដែល​វា​មាន ៥​ កន្លែង​ធំៗ​ ដែល​អ្នកទេសចរ​ក៏​មិន​គួររំលង ដូចជា ​បឹង ថូបា (Toba Lake) ប្រាសាទ​បូរ៉ូប៊ូឌួរ (Borobudur) ​ដែល​ជា​ប្រាសាទ​ព្រះពុទ្ធ​ធំ​ជាងគេ​​លើ​ពិភពលោក ឡាបូន បាចូ (Labuan Bajo) ជា​ទឹកដី​ ដែល​សម្បូរ​​សត្វព្រៃ ទាំង​លើ​គោក និង​​ក្នុង​ទឹក កោះ​ម៉ាន់ដាលីកា (Mandalika) សម្បូរ​ដោយ​ឆ្នេរ​ខ្សាច់ និងឆ្នេរខ្សាច់ លីគូប៉ាង (Likupang)។

ជំងឺ​រាតត្បាត​បាន​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​ មាន​​ការថយចុះ លោក ស៊ូដឺមេន ថា៖ «ឆ្នាំមុនៗ​ពេល​យើង​ធ្វើ​កម្មវិធី​នេះ គឺ​ធ្វើដំណើរ​ទៅ​ឥណ្ឌូនេស៊ី​ផ្ទាល់។ ប៉ុន្តែ​ឆ្នាំ​នេះយើង​ធ្វើឡើង​តាម​អនឡាញ​ជាមួយ​អ្នកនៅ​ទីនោះ និង​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​នៅ​កម្ពុជា ទទួលបាន​ទាំង​អារម្មណ៍ ឃើញ​ផ្ទាល់ ភ្លក់ និង​បាន​ប៉ះ ដែល​វា​រឿង​ពិបាក​មួយ​ដែរ​»។

លោក​បន្តថា៖ «ជាក់ស្ដែង​គ្រឿងផ្សំ​របស់​ឥណ្ឌូនេស៊ី​ខ្លះ​យើង​ត្រូវ​ឱ្យ​គេ​ផ្ញើ​មក​ ព្រោះ​កម្ពុជា​មិនមាន ហើយ​យើង​ក៏​​បាន​ឱ្យ​អ្នកចូលរួម​លេងឧបករណ៍​ប្រពៃណី​អាំងឃ្លុង (Angklung) នូវ​​បទ​ពេញនិយម​ខ្មែរ​ អារ៉ាប់ពីយ៉ា ដើម្បី​ភ្ជាប់​​វប្បធម៌​ប្រទេស​ទាំង​ ២ និង​ទស្សនាពីសារមន្ទី​​រអាស៊ី-អាហ្វ្រិក»។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ីក្នុងកម្មវិធី​ «ដំណើរ​ទៅកាន់​ទឹកដី​សាន់ដា​»។ រូបថត សហ​ការី

លោកសង្ឃឹម​ថា ​នៅ​ឆ្នាំក្រោយ​កម្ពុជា​​នឹង​បើកដំណើរការ Cambodia Travel Mart ប្រចាំ​ឆ្នាំ​ឡើង​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម និង​មាន​ការទិញ​កញ្ចប់​ដំណើរកម្សាន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​បង្កើត​ការចងចាំ​យូរអង្វែង​ដល់​ទេសចរ​។

ជាមួយគ្នានេះ សង្ឃឹមថាអាចបើក​ឡើង​វិញដំណើរពីភ្នំពេញ ទៅទីក្រុង ហ្សាការតា ​ហើយភ្ញៀវទេសចរ ដែល​ទៅ​​ទស្សនា​ប្រាសាទ​អង្គរវត្ត ក៏អាច​ទៅ​​មើល​បូរ៉ូប៊ូឌួរ តាមរយៈ​ការហោះ​ហើរ​ពីខេត្ត​សៀមរាប និង Yogya-​karta ដើម្បី​ភ្ជាប់​ទៅកាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទាំង ២​ នេះ​​។

ឯកអគ្គរដ្ឋទូត ស៊ូដឺមេន បាន​លើក​ឡើង​​ថា​៖ «ប្រទេស​របស់​យើង​ទាំង​ ២ បាន​ចែករំលែក​ភាព​ស្រដៀង​គ្នា​ជាច្រើន​នៅក្នុង​វិស័យ​ផ្សេងៗ​»។

លោក​បាន​បន្ត​ទៀតថា៖ «ខ្ញុំ​ជឿ​ថា វប្បធម៌​ជា​ផ្លូវ​មួយ​ងាយស្រួល និង​រីករាយ​បំផុត​ក្នុង​ការស្វែងយល់​ពី​គ្នា ហើយ​វា​នឹង​បើកទ្វារ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ នៅក្នុង​វិស័យ​ផ្សេងៗ​រួមទាំង​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​»៕

កម្មវិធី​ចូលរួមដោយមន្ត្រី ទេសចរ និង​តារា​បណ្ដាញសង្គម​។ រូបថត សហ​ការី