​ភ្នំពេញ: ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) នៅ​កម្ពុជា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ​៨ ខែ ធ្នូ ឆ្នាំ​ ២០២១ បានរៀបចំ​ពិធី​ជួបជុំ​មួយ ដើម្បី​រំឭក​ខួប ៨០​ ឆ្នាំ របស់ AFD និង​ជា​ឱកាស​សម្ពោធ​ពិព័រណ៍ «​សំឡេង​ស្ត្រី​» ផង​។​

​ចាប់តាំងពី​ពេល​បង្កើតឡើង​ជាង ១​សតវត្សរ៍​ដោយ​ឧ​ត្ត​ម​សេនីយ៍ ហ្សា​ល ដឺ​ហ្គោល AFD បាន​រក្សា​គោល​ការណ៍​មនុស្សធម៌​ក្នុង​ការងារ​ប្រយុទ្ធ​-​ប្រឆាំង​វិសមភាព​នៅក្នុង​ពិភពលោក និង​ការប្រែប្រួល​បរិស្ថាន​។

​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្សា​ក់ ប៉ឺ​ឡេ បាន​ផ្ដើម​សុន្ទរកថា​ថា​៖ «​កម្មវិធី​នេះ​គឺជា​ការ​ប្រារព្ធ​ដល់​ស្ត្រី​ចំណាស់​ម្នាក់​គឺ AFD នេះឯង ដែល​នៅតែមាន​វ័យក្មេង និង​វិ​វ​ឌ្ឍ​ទៅ​មុខជា​រៀងរាល់ឆ្នាំ​។ វា​ត្រូវបាន​ប្រារព្ធ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ​២ ខែ ធ្នូ ឆ្នាំ ២០២១ ហើយនឹង​ធ្វើឡើង​នៅ​ទូទាំង​​ពិភពលោក​នៅ​ទីភ្នាក់ងារ ​AFD​ ទាំង​​អស់​ចាប់ពី​ខែកញ្ញា​ដល់​ចុងឆ្នាំ​»​។

​នៅ​ប្រទេស​កម្ពុជា ទីភ្នាក់ងារ AFD មាន​វត្តមាន​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ហើយ​បាននិងកំពុង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ (​ទឹក និង​ថា​ម​ពល​) ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​វប្បធម៌​។​

​ក្នុង​ប្រវត្តិសាស្ត្រ និង​គម្រោង​នានា ស្ត្រី និង​បុរស​បាន​ផ្លាស់​វេន​គ្នា​ក្នុង​បណ្តា​ទសវត្សរ៍​ចុងក្រោយ ដើម្បី​ជួយ​ជ្រោមជ្រែង និង​រួមគ្នា​កសាង​។ ដូច្នេះ​ក្នុង​ការកសាង​ពិភពលោក ៨០​ ឆ្នាំ បន្តទៀត AFD ច្បាស់​ថា អនាគត​មិនអាច​កសាងឡើង​ដោយ​គ្មាន​វត្តមាន​ស្ត្រី​ចូលរួម​នោះឡើយ​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​៖ «AFD មានបំណង​លើកស្ទួយ​ស្ត្រី​។ ដូច្នេះ​ពិព័រណ៍​ជា​គោលដៅ​ផ្សព្វផ្សាយ ​«​សំឡេង​ស្ត្រី​» កម្ពុជា ដែលមាន​លក្ខណៈ​បណ្ដុះ​គំនិត នៅក្នុង​គម្រោង​គាំទ្រ​ដោយ​ទីភ្នាក់ងារ AFD ក៏ដូចជា​បង្ហាញ​អំពី​ប្រវត្តិ ការផ្ដួចផ្ដើម​គំនិត និង​បញ្ហា​ប្រឈម​របស់​ពួកគេ​»​។​

អ្នកស្រី ទុង សុភាព ចូលរួមពិព័រណ៍ សំឡេង​ស្ត្រី។ រូប Kalle Bergbom/Hanuman

​ក្នុង​កម្មវិធី​នេះដែរ នៅពេលដែល​អ្នកចូលរួម​ដើរ​ជុំវិញ​ទីធ្លា​ជជែក​សំណេះសំណាល​គ្នា ពួកគាត់​បានឃើញ​រូបថត​ស្ត្រី​ជាច្រើនរូប អមដោយ​សេចក្ដី​សង្ខេប​ពីមុខ​ជំនាញ​។ ទោះជា​តួនាទី​ខុសៗ​គ្នា តែ​ពួកគាត់​មាន​ចំណុចប្រសព្វ​រួមមួយ​គឺ ពិសោធ​ធ្លា​ប់រង​ការ​​រើសអើង​ភេទ ដែលនាំឱ្យ​គាត់​ពុះពារ​ជម្នះ​រហូត​ឈានដល់​ចំណុច​មួយ​ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត​។​

​ក្នុងចំណោម​ស្ត្រី​ក្នុង​រូបភាព​នោះ អតីត​អ្នកបម្រើ​ការងារ​តាម​ផ្ទះ និង​ជា​អ្នក​មើលថែ​កុមារ អ្នកស្រី ផេង ស្រី ត្រូវបាន​គេ​មើលរំលង និង​មិន​អើពើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ នៅ​គ្រប់​វិស័យ​រាប់​ចាប់ពី​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​រហូតដល់​អ្នកលក់ដូ​រ​តាមផ្លូវ អ្នករត់​កង់​៣ បាន​ប្រឈមមុខ​នឹង​បញ្ហា​វិសមភាព​យេ​៉​ន​ឌ័​រ​យ៉ាង​ខ្លាំងក្លា​។​

​អ្នកស្រី ស្រី បាន​និយាយថា​៖ «​មនុស្ស​គ្រប់គ្នា​គួរតែ​យល់​អំពី​ទុក្ខ​​លំបាក​ស្ដ្រី​ដែល​ប្រឈម​ក្នុង​ការងារ​បែបនេះ ការរើសអើង និង​កំហឹង​ពី​ម្ចាស់ផ្ទះ​។ គេ​ហៅ​យើង​អ្នកបម្រើ គឺ​ស្មើ​ថា​យើង​អ្នកមាន​វណ្ណៈ​ទាប​»​។​

​សំណាងល្អ ដែល​អ្នកស្រី​បាន​ចូល​ជា​សមាជិក IDEA (​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​) ហើយ​អ្នកស្រីបាន​ក្លាយជា​អ្នក​​ទាមទារ​សិទ្ធិ​របស់​ខ្លួនឯង ដែល​ស្ត្រី​ជាច្រើន​មិនទាន់​ទទួលបាន​។​

​អ្នកស្រី​បន្តថា​៖ «​តាម IDEA ខ្ញុំ​បានទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​ពង្រឹង​អំណាច​ស្ត្រី ដែល​បាន​ជួយ​ឱ្យ​ខ្ញុំ​ក្លាហាន និង​មាន​ទំនុកចិត្ត​ជាង​មុន​ក្នុងការ​ទាមទារ​សិ​ទិ្ធ និង​តស៊ូ​មតិ​សម្រាប់​ខ្លួន​ខ្ញុំ​»​។​

​រីឯ​អ្នកស្រី ទុង សុភាព ជា​អគ្គ​​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​ពង្រឹង​អំណាច​ខ្លួនឯង​របស់​ស្ត្រី​នៅ​កម្ពុជា​។​

​អ្នកស្រី​បានលើកឡើង​ថា​៖ «​កាល​​ពី​សម័យ​ខ្ញុំ​រៀន ស្ត្រី​មានតែ ១,៥% ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្នខ្ញុំ​ឃើញ​ស្ត្រី​ជាច្រើន​មានចំណេះដឹង​ជ្រៅជ្រះ​។ ខ្ញុំ​សូម​បន្ត​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ជំនាន់​ក្រោយ​ជឿជាក់ មាន​ឆន្ទៈ​ថា ពួកគេ​អាចធ្វើ​បាន​។ ប្រសិនបើ​ភ័យខ្លាច ឱកាសល្អៗ​នឹង​កន្លងទៅ​។ គ្មាន​ការងារ​ណា ដែល​ស្ត្រី​មិនអាច​ធ្វើបាន​នោះទេ​។ ឱ្យតែ​យើង​ចង់បាន យើង​ប្រាកដជា​អាច​ទទួលបាន​»​។​

ស្ត្រី​លើ​វិថីអាជីព​ខុសៗគ្នាមក​ចូលរួម​កម្មវិធី​នេះ។ រូបថត Kalle Bergbom/Hanuman

​នៅ​ពីក្រោយ​រូបថត​ស្ត្រី​ទាំងនេះ គឺជា​ស្នាដៃ​អ្នក​ថតរូប​វ័យក្មេង ម៉ិច សេរី​រ័ត្ន និង​រៀបចំ ដោយ​សមាគម Minor Act ដើម្បី​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​ស្ត្រី​ក្នុងការ​ជម្នះ​ឧបសគ្គ រាំងស្ទះ​ដល់​ឯករាជភាព​របស់​ពួកគេ​។​

​កញ្ញា​ថា ឱកាស​ធ្វើ​ការងារ​ជាមួយ​ស្ត្រី​ទាំងអស់នេះ ផ្ដល់ឱ្យ​កញ្ញា​ទាំង​ភាព​រីករាយ និង​រឿងរ៉ាវ​បង្កប់​ដោយ​ក្ដីសង្ឃឹម និង​ភាពមិន​រីករាយ​ពី​ទុក្ខ​​សោក​ជាច្រើន​ក្នុង​ខ្សែជីវិត​ពួកគាត់​។​

​កញ្ញា​ថា​៖ «​តាមរយៈ​ពួកគាត់ ដែល​តំណាងឱ្យ​សំឡេង​ស្ត្រី​ជាច្រើនរូប​ទៀត ខ្ញុំ​ស​ង្ឃឺ​ម​ថា គ្រប់កន្លែង ដែល​រូបថត និង​អត្ថន័យ​នេះ​បាន​ទៅដល់ និង​ជា​កម្លាំងចិត្ត​ដល់​ស្ត្រី ដែល​ជួបប្រទះ​រឿង​ដូចគ្នា​។ ខ្ញុំ​រីករាយ ដែល​បាន​ឈរ​នៅលើ​អាជីព​របស់ខ្ញុំ ក្នុង​ការជួយ​ចែកចាយ​ដល់​ស្ត្រី ដែល​គិតថា​ត្រូវបាន​គេ​មើលរំលង​»​។​

​លោកស្រី អូ​ហ្វេ​លី បួ​រី​ស នាយិកា​ទី​​ភ្នាក់ងារ AFD ប្រចាំ​កម្ពុជា បាន​គាំទ្រ​ការ​ប្រារព្ធ​ខួប ៨០ ​ឆ្នាំ​នៃ AFD ដោយ​ផ្ដោតលើ​សមភាព​រវាង​ស្ត្រី និង​បុរស​។

​អ្នកស្រី​បន្តថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​ស្ត្រី​ទាំងអស់ ដែល​បាន​យល់ព្រម​ចូលរួម​ក្នុង​គម្រោង​នេះ ដើម្បីឱ្យ​សង្គម​ដឹងថា ស្ដ្រី​មិនគួរ​ត្រូវបាន​បង្ខំ​ដោយ​ផ្នត់គំនិត​ចាស់គំរិល តែ​ជា​កន្លែងដែល​ពួកគេ​អាច​បង្ហាញ​ទេពកោសល្យ​ដោយ​គ្មាន​ព្រំដែន​»​។​

​ការ​ប្រារព្ធ​ខួប AFD ៨០ ​ឆ្នាំ នេះ​ក៏​ជា​ឱកាស​បង្ហាញ​អំពី​ការទូត​បារាំង​ដែល​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព ដែល​ឯកអគ្គរដ្ឋទូត លោក ហ្សា​ក់ ប៉ឺ​ឡេ សំដៅលើ​៖ «​ការ​ការពារ​ផែនដី​ពី​ផលវិបាក​អវិជ្ជមាន​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ធានាបាន​នូវ​អនាគត​មួយ​ប្រសើរ​ជាង​មុន​សម្រាប់​មនុស្ស​ទាំងអស់​»៕

ឯកអគ្គរដ្ឋទូត​ថ្លែងទៅកាន់​អ្នកចូលរួម​កម្មវិធី​​​ប្រារព្ធ​ខួប ៨០ ឆ្នាំ AFD នៅស្ថានទូត​បារាំង។ រូបថត Kalle Bergbom/Hanuman