
កញ្ញា ឆន ស្រីណេត នារីខ្មែរកម្ពុជាក្រោមដំបូងដែលក្លាយជាកញ្ញាឯករងទី១ នៃការប្រកួតកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២១។ រូបថត ហ្វេសប៊ុក, កញ្ញា ស្រីណេត និងតួប្រុសលោក សុជាតិ សមាជិកក្រុមក្មេងខ្មែរ។ រូបថត សហការី
ភ្នំពេញៈ ក្រោយពីខ្លួនបានបើកទំព័រសករាជថ្មីមួយ ដែលជាស្ត្រីមានឈាមជ័រកូនខ្មែរកម្ពុជាក្រោមដំបូងចូលរួមកម្មវិធីប្រកួតប្រជែងកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១ រហូតបានលទ្ធផលជាប់ជាកញ្ញាឯករងទី១ រំលងមិនបានប៉ុន្មានផង ក៏ស្រាប់តែកញ្ញា ឆន ស្រីណេត ក្តាប់បានឱកាសអភិវឌ្ឍខ្លួន មកក្លាយជាតារាសម្តែងក្នុងកុនអប់រំខ្លីដំបូង នៅផលិតកម្មសាស្ត្រាហ្វីម។
កញ្ញា ឆន ស្រីណេត មានវ័យ ២៤ ឆ្នាំ មានកម្ពស់ ១,៦៥ ម៉ែត្រ ជាស្ត្រីខែ្មរកម្ពុជាក្រោមដំបូងគេ ដែលបានចុះឈ្មោះចូលរួមការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២១ ដោយពុំធ្លាប់មានឡើយ នារយៈពេល ៤ ជំនាន់មកហើយក្នុងកម្មវិធីប្រកួតមួយនេះ។
កញ្ញា ឆន ស្រីណេត មានស្រុកកំណើតនៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោមមានមុខរបរជាគ្រូបង្ហាត់កាយសម្ព័ន្ធឯករាជ្យ ដែលអាចបង្រៀនតាមផ្ទះ ឬតាមក្លិប និងជាតារាម៉ូដែល Freelance បានមករស់នៅក្នុងរាជធានីភ្នំពេញជាង ៣ ឆ្នាំ ចេះនិយាយ ៤ ភាសា ហើយបានដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១ នេះ។
កញ្ញាក៏បានបង្ហើបឱ្យដឹងអំពីអារម្មណ៍ដែលខ្លួនចាប់បានឱកាសសម្រាប់ការអភិវឌ្ឍខ្លួនពីតារាម៉ូដែល មកក្លាយជាតួឯកស្រីជាលើកដំបូង ក្នុងកុនអប់រំខ្លី ផលិតកម្មសាស្ត្រាហ្វីម ដោយសម្តែងជាមួយតួប្រុសលោក សុជាតិ ជាតារាចម្រៀងនៃសមាជិកក្រុមក្មេងខ្មែរនោះថា៖ «បើនិយាយពីអារម្មណ៍វិញ ដូចជាមិនសូវល្អប៉ុន្មានទេ សម្រាប់ការថតកុននេះ ព្រោះជារឿងខ្លួនមិនដែលធ្លាប់មានបទពិសោធ។ តែដោយសារក្តីស្រឡាញ់ និងការតាំងចិត្តនោះ ទើបនាងខ្ញុំអាចសម្របខ្លួន និងព្យាយាមសម្តែងបានតាមស្ថានភាពជាក់ស្តែង ឬអាចទទួលយកបានសម្រាប់ការសម្តែងដំបូងនេះ»។
កញ្ញា ឆន ស្រីណេត បន្តឱ្យដឹងថាកុនខ្លីដំបូង ដែលមានចំណងជើងថា «ទោះអាក្រក់ ឬល្អ ក៏នៅតែស្រឡាញ់» នោះបន្ថែមថា៖ «កុននេះ ខ្ញុំបានថតចប់ហើយ តែពុំទាន់ដឹងថា កុននេះនឹងត្រូវគេចាក់បញ្ចាំងនៅពេលណានៅឡើយនោះទេបង!ទោះជាយ៉ាងណាក្តី ក៏ខ្ញុំសប្បាយចិត្តសម្រាប់ឱកាសក្លាយជាអ្នកសម្តែងនេះផងដែរ»។
គួរបញ្ជាក់ដែរថា កញ្ញា ឆន ស្រីណេត វ័យ ២៤ ឆ្នាំ កម្ពស់ ១,៦៥ ម៉ែត្រ ដែលជាស្ត្រីខែ្មរកម្ពុជាក្រោមដំបូងគេ តាំងចិត្តមោះមុតក្នុងការចុះឈ្មោះចូលរួមការប្រកួតកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ ២០២១ ដែលពុំធ្លាប់មានពីមុននោះឡើយ នៅក្នុងប្រវត្តិ ៤ ជំនាន់ចុងក្រោយនេះ ដោយកញ្ញាទទួលបានតំណែងកញ្ញាឯករងទី១៕