
តារាស្រីពូកែក្បាច់រាំ និងចង្វាក់រ៉េប តី វ៉ៃម៉ាលុយ ក្នុងបទចម្រៀង Peekaboo អូមវ៉ាក់អឺ។ ហ្វេសប៊ុក
ភ្នំពេញ៖ នៅទីបំផុតមុខមាត់ពិតរបស់ម្ចាស់បទចម្រៀងចង្វាក់រ៉េបដែលមានសំឡេងលះបង្ហើរបទ «Peekaboo» គឺជាតារាចម្រៀងស្រីចំណូលថ្មីនៅផលិតកម្មរាម កញ្ញា តី វ៉ៃម៉ាលុយ ក្រោយផលិតកម្មបានបញ្ចេញតែសំឡេងប៉ុន្មានសប្តាហ៍តាមបណ្តាញសង្គមមកនោះ។
នេះបើតាមការចេញសារស្វាគមន៍របស់ផលិតកម្មរាម តាមគេហទំព័រផ្លូវការថា៖ «មុខម្ចាស់បទ «Peekaboo» និងស្វាគមន៍កញ្ញា តី វ៉ៃម៉ាលុយ អ្នកចម្រៀង រ៉េប រាំ និងនិពន្ធចម្រៀង មកកាន់ផលិតកម្មរាម»។
តារាចម្រៀងស្រីវ័យក្មេង វីរៈ កែវពុធវត្តី ហៅ តី ដែលមានទេពកោសល្យចេះតែងនិពន្ធទំនុកច្រៀង និងរាំ និងច្រៀងរ៉េបរូបនេះ ក៏បានថ្លែងពីអារម្មណ៍រីករាយរបស់ខ្លួនផងដែរថា៖ «នាងខ្ញុំ តី ពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលត្រូវបានផលិតកម្មរាម ជ្រើសរើសរូបនាងខ្ញុំជាសិល្បករ «Rapper»និងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃនេះ!នាងខ្ញុំសប្បាយចិត្តណាស់ ដែលបានទទួលនូវសមិទ្ធផលថ្មីដ៏អស្ចារ្យសម្រាប់ខ្លួនឯង ហើយនេះក៏ជាកាដូពិសេសពីនាងខ្ញុំជូនទៅដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នាផងដែរ ព្រោះបើគ្មានអ្នកទាំងអស់គ្នា នាងខ្ញុំក៏មិនមានថ្ងៃនេះដែរ។ ចាប់ពីថ្ងៃនេះ នាងខ្ញុំ តី ជាកម្មសិទ្ធិរបស់ រាម តទៅដោយក្តីគោរព តី រាម»។

តារាស្រីពូកែក្បាច់រាំ និងចង្វាក់រ៉េប តី វ៉ៃម៉ាលុយ បានប្រកាសចូលជាសមាជិកផលិតកម្មរាម។ ហ្វេសប៊ុក
ដោយឡែកតារាចម្រៀងស្រីមានរហស្សនាមថ្មី «រាជិនីសំឡេងធម្មជាតិ» អ្នកនាង មាស សុខសោភា ដែលជារៀមច្បងសិល្បៈ និងបច្ចុប្បន្នជាតារាចម្រៀងរួមទ្រនំរាមនោះ បានអបអរសាទរសិស្សប្អូនផងដែរថា៖ «ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯង បានបងពិតជាមានមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង»។
គួរកត់សម្គាល់ផងដែរថា ផលិតកម្មរាមដ្បិតតែជាផលិតកម្មទើបតែបង្កើតថ្មីមែនប៉ុន្តែផលិតកម្មមួយនេះបានព្យាយាមសម្រិតសម្រាំងពីគុណភាពនៃការផលិតរបស់ខ្លួនឱ្យមានកម្រិតស្ដង់ដាខ្ពស់មិនចាញ់ផលិតកម្មចាស់ធំៗនោះឡើយក្នុងវិស័យសិល្បៈចម្រៀង។
ជាពិសេសផលិតកម្មរាម ក៏ជាទ្រនំថ្មីរបស់តារាចម្រៀងជើងចាស់ល្បីៗ២ដួងផងដែរ ដូចជាកញ្ញាមាស សុខសោភា អតីតជ្រកនៅទ្រនំចាស់ផលិតកម្មថោនចំនួន ៩ ឆ្នាំ និងលោក ដួង វីរៈសិដ្ឋ ជាម្ចាស់ពានរដូវកាលទី១នៃកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក «I am A Singer Cambodia» ដែលជាអតីតតារាចម្រៀងប្រុសជ្រកនៅទ្រនំចាស់ផលិតកម្មហង្សមាស៕

តារាស្រីពូកែក្បាច់រាំ និងចង្វាក់រ៉េប តី វ៉ៃម៉ាលុយ បានប្រកាសចូលជាសមាជិកផលិតកម្មរាម។ ហ្វេសប៊ុក

តារាស្រីពូកែក្បាច់រាំ និងចង្វាក់រ៉េប តី វ៉ៃម៉ាលុយ ក្នុងបទចម្រៀង Peekaboo អូមវ៉ាក់អឺ។ ហ្វេសប៊ុក

តារាចម្រៀង មាស សុខសោភានិងតារារ៉េប តី វ៉ៃម៉ាលុយ អតីតក្រុមរាំរបស់នាង។ ហ្វេសប៊ុក

តារាស្រីពូកែក្បាច់រាំ និងចង្វាក់រ៉េប តី វ៉ៃម៉ាលុយ បានប្រកាសចូលជាសមាជិកផលិតកម្មរាម។ ហ្វេសប៊ុក