​ភ្នំពេញ: ល្មូ​ន​ជើង ​៤ ​ក្រឡា​ពេញ​ខ្លួន​សំយុង​កន្ទុយ​វែង​ធ្លាក់​ក្បែរ​ជញ្ជីង​ថ្លឹង រីឯ​សាច់​លាប​គ្រឿង​អាំង​លើ​ចង្អើរ​ភាយ​ក្លិន​ឈ្ងុយ​ដល់​អតិថិជន​ឈរ​ក្បែរ​តូប​រទេះ​ រង់ចាំ​សាច់​ក្រពើ​ឆ្អិន​។​

​ដ្បិតតែ​ការទទួល​ទាន​សាច់​ក្រពើ​មាន​ជា​យូរ​មកហើយ តែ​ប្រជាប្រិយ​​ភាព​សាច់​ក្រពើ​អាំង គឺជា​ទំនោរ​ដ៏​ពេញនិយម​ថ្មី​មួយ​។​

​នៅ​រទេះ​ស្លាក Nice Cow លោក ហាក់ វី​រ៉ាត់ ព្យួរ​ក្រពើ​ឆៅៗ​ទាំងមូល ទាក់​ចំណាប់អារម្មណ៍​អ្នកដំណើរ​ឆ្លង​​កាត់ ដែលមាន​ប្រតិកម្ម​ខុសៗ​គ្នា​។​

​ក្រៅពី​អ្នក​មកសុំ​ថតរូប និង​សួរនាំ អ្នកខ្លះ ទោះ​ខ្លាចរអា​នៅតែ​ទ្រាំ​សាក​រសជាតិ​ដ៏​កំពុង​ល្បី​លើ​ទីផ្សារ​នេះ​។​

​ដើមឡើយ​លោក វី​រ៉ាត់ មាន​លក់​តែ​គោដុត​ទឹកប្រហុក​ទេ ប៉ុន្តែ​ក្រោយ​មក លោក និង​បងប្អូន​ជីដូនមួយ ក៏​ពិភាក្សាគ្នា​ចង់​ថែម​មុខម្ហូប​ថ្មី​។ តាមរយៈ​យូ​ធូប លោក​បាន​ឃើញថា សាច់​​ក្រពើ​មានការ​ពេញនិយម តែមាន​តែ​ដោត​ចង្កាក់​។ លោក​ក៏​គិតថា ដើម្បីឱ្យ​ប្លែក​ជាងគេ​គួរតែ​សាក​ដាក់លក់​ទាំង​ឆៅ រួច​អាំង​ជូន​ភ្ញៀវ​ភ្លាមៗ​វិញ​។​

​លោក ហាក់ វី​រ៉ាត់ ជា​មេ​ចុងភៅ និង​អ្នកគ្រប់គ្រង​របរ​នេះ​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ថា​៖ «​យើង​បាន​យ​កវាម​កសាក​​ល្បង​អាំង ហើយ​ឃើញថា មិនមាន​ក្លិន [​ធុំ​ឆ្អាប​] សាច់​ផុយ និង​ឆ្ងាញ់​។ យើង​ក៏​សម្រេចយក​វា​មក​ដាក់លក់​។ មកទល់ពេលនេះ​ គឺជា​ង ​១ ​ខែ​ហើយក៏​ឃើញថា វា​ដើរ​ល្អ​ដែរ​»​។​

សាច់ក្រពើប្រឡាក់គ្រឿង​អាំង​ភ្លាមៗ​ ប្រើពេល​ពី ៧ ទៅ ៨​ នាទី​។ហេង ជីវ័ន

​អ្នកមាន​បទពិសោធ​ធ្វើ​ចុងភៅ​ក្នុង​ហាង​បងប្អូន​ជាច្រើន​ឆ្នាំ​រូបនេះ ឱ្យដឹង​ដែរ​ថា សាច់​ក្រពើ​ទាំងអស់នេះ​ ត្រូវ​​បាន​យកមក​ពី​ខេត្តសៀមរាប តាម​ក្រុមហ៊ុន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​។​

​ដូច្នេះ​លោក​ឱ្យគេ​ដឹកជញ្ជូន​មក​ដោយ​ឥត​បារម្ភ​ថា ​វា​ជា​សាច់​មិន​ស្របច្បាប់ ឬ​ចាប់ពី​តំបន់​អភិរក្ស​ឡើយ​។

​លោក​និយាយថា​៖ «​យើង​មាន​ម៉ូយ ២​ កន្លែង​។ យើង​យក​ក្រពើ​ម្ដង ១០០-២០០ ​គីឡូ ប្រហែលជា​បាន​ក្រពើ​ ៤០-៥០ ​ក្បាល​។ យើង​លក់​តែ ៣​ ថ្ងៃ​អស់ហើយ​។​ ពេលខ្លះ​កន្លែង ​១ ​អត់​ក្រពើ​ពី​ ៥ ​គីឡូ​ឡើង យើង​រក​ ១ ​កន្លែង​ទៀត ព្រោះ​សាច់​ក្រពើ​ដែល​ឆ្ងាញ់ មាន​អាយុ​ពី ២-៣ ​ឆ្នាំ ដែល​គេ​ចិញ្ចឹម​យក​ចន្លោះ​ពី ​៥ ​ទៅ​ ១០​ គីឡូ​»​។​

​លោក​បញ្ជាក់ថា ក្រពើ ៥ ​គីឡូ​សាច់​​ផុយ ហើយ​ស្បែក​ផុយ​។ តែ​ចាប់ពី ៧ ​ទៅ ​១០ ​គីឡូក្រាម​សាច់​វា​រាង​ច្រុបៗ ស្បែក​រាង​ស្វិត​បន្តិច និង​រសជាតិ​ឆ្ងាញ់​ជាង​។ ចំពោះ​ក្រពើ​ទម្ងន់ ១០​ គីឡូ​ឡើង​មិនសូវ​ឆ្ងាញ់​ទេ​។

​អ្នកលក់​វ័យ ២៩ ​ឆ្នាំ រូបនេះ តំណាល​ត្រួសៗ​ពី​របៀប​យក​ក្រពើ​មក​រហូតដល់​យកទៅលក់​ថា​៖ «​ពេល​យើង ទិញ​ពី​គេ​មក យើង​ឱ្យគេ​កាត់​ក្បាល វះ​​ពោះ ធ្វើឱ្យ​ស្អាត មុន​ផ្ញើមក​។ ពេលមកដល់ យើង​យក​វា​លាង​ទឹក លាបប្រេង​រមៀត រួច​យកទៅ​ព្យួរ រោល​ហ្គាស ស​ម្ងួ​តវា រហូតដល់​ស្បែ​កវា​រាង​ក្រហម​ប្រហែលជា ​៧-៨ ​នាទី​»​។​

​លោក​បាន​បន្តថា​៖ «​បន្ទាប់មក យើង​យក​វា​មក​ដាក់​ធុង ដោយមាន​ទឹកកក​ក្រាល​ទាំង​លើ និង​ក្រោម ដើម្បី​កុំឱ្យ​វា​ស្អុយ​។ យើង​ចាប់ផ្ដើម​ទៅ​កន្លែង​លក់​ម៉ោង ៤:៣០​ រសៀល​ដល់​ម៉ោង

១០:៣០ ​យប់ ដោយ​យក​វា​មក​ព្យួរ ហើយ​ពេល​មាន​ម៉ូយ​ទិញ ទើប​យើង​កាប់​ប្រឡាក់សាច់​អាំង​ឱ្យ​»​។​

​សាច់​ក្រពើ​របស់​លោកមា​នល​ក់នៅ ៣​ ទីតាំង ច្បារអំពៅ ទួល​ទំពូង និង​បឹងត្របែក​។ ក្នុង​រទេះ ១ គឺមាន​ក្រពើ ១ ទៅ ២ ​ក្បាល ដោយ​លក់​ក្នុង ១ ​គីឡូក្រាម ​តម្លៃ ៨ ​ម៉ឺន​រៀល​។

សាច់ក្រពើ​អាំង​មានតម្លៃប្រមាណ ៨ ម៉ឺនរៀល ក្នុង​ ១ គីឡូក្រាម។ ហេង ជីវ័ន

​សព្វថ្ងៃ សាច់​ក្រពើ​លក់ដាច់​គួរសម​ដែរ តែបើ​គ្មាន​កូ​វីដ លោក វី​រ៉ាត់ ជឿថា អាច​លក់ដាច់​ជាង​ហ្នឹង​។ តាម​ការ​​សង្កេត លោក​ឃើញថា ភ្ញៀវ​ដែលថា​ ខ្លាចពេល​បាន​សាក​រួច ពួកគាត់​ចាប់​​ចិត្ត សរសើរ​ថា សាច់​ស្រស់ មិន​ឆ្អាប និង​មិន​ដូច​ក្រពើ​គេ​លក់​មុន​នោះទេ​។

​ការលក់​ជា​សាច់​ឆៅ​រួច​ចម្អិន​ភ្លាមៗ ទទួលបាន​រសជាតិ​ឆ្ងាញ់​ជាង​សាច់​ដោត​ចង្កាក់ ព្រោះ​លោក​មានទឹក​​ជ្រលក់​ប្រឡាក់សាច់​ឱ្យ​កាន់តែ​មានឱជារស​។ ភ្ញៀវ​មក​ទិញ​ជា​បន្តបន្ទាប់ ក៏​ជួយ​ផ្សព្វផ្សាយ​តៗ​គ្នា​។​

​រូបមន្ត​ទឹកជ្រលក់​រូបមន្ត​របស់​លោក ​គឺជា​អ្វីដែល​ភ្ញៀវ​ចាប់ចិត្ត​ខ្លាំង ដោយមាន​ជម្រើស ទឹក​កាពិ ទឹក​តៅហ៊ូ ទឹកត្រី​កោះកុង ទឹកប្រហុក និង​អំបិលម្រេច​។ ភ្ញៀវ​ភាគច្រើន​ចូលចិត្ត​ទឹក​តៅហ៊ូ ដែល​ត្រូវ​នឹង​សាច់​ក្រពើ​ខ្លាំង​។ បន្លែ​ផ្ទាប់​សាច់​ក្រពើ​អាំង មិន​ខុសពី​បន្លែ​គោដុត​ទេ​ គឺត្រសក់ ជីរ ចេក​ខ្ចី កញ្ឆែត ត្រកួន និង​ស្ពៃក្ដោប​ជាដើម​។

​លោក វី​រ៉ាត់ បន្ថែម ថា​៖ «​ប៉ុន្តែ​ក៏មាន​អតិថិជន​ខ្លះ គាត់​សួរ​ពីមុខ​ម្ហូប​ដែល​អាច​ប្រើ​សាច់​នេះ​បាន​។ តាមពិត​ក្រៅពី​អាំង យើង​យក​ឆា​ក្ដៅ ម្ជូរ​​ក្រាក់ បំពង និង​ច្រើន​ទៀត​បាន​។ ដូច្នេះ​អ្នកខ្លះ​គាត់​កុម្ម៉ង់​សាច់​ឆៅ​យើង ១-២​ គីឡូ​ទៅ​សាក​ធ្វើ​ម្ហូប ហើយ​គាត់​ថា​ពិតជា​ឆ្ងាញ់​ប្លែក​ខ្លាំងណាស់​»​។​

​លោក​ប្រើពេល​អាំង​សាច់​ក្រពើ​ចន្លោះ​ពី ៧ ទៅ​ ៨​ នាទី​។ តែ​ដើម្បីឱ្យ​ការងារ​កាន់តែ​លឿន និង​ដើម្បី​កុំឱ្យ​ម៉ូយ​រង់ចាំ​យូរ លោក​ថា លោក​កំពុង​គិត​នឹង​អាំង​ឱ្យ​ឆ្អិន ​៥០ ​ទៅ​ ៧០ ​ភាគរយ​មុននឹង​ព្យួរ ដើម្បី​ចំណេញ​ពេល​ភ្ញៀវ​ចាំ​ត្រឹមតែ​ ៣-៤ ​នាទី​ជាការ​ស្រេច​។​

ក្រពើ​ត្រូវបាន​នាំ​យក​ពីខេត្ត​សៀមរាប ហើយ​សាច់ឆ្ងាញ់​ជាក្រពើ​អាយុ ២-៣​ឆ្នាំ ​ទម្ងន់ ៥ ទៅ​ ១០ គីឡូក្រាម​។ហេង ជីវ័ន

​រយៈពេល​ជាង​ ១ ​ខែ នៃ​ការ​ដាក់លក់​ស្ទាបស្ទង់ លោក​ថា លោក​មានការ​​ពិបាក​តិចតួច​ដែរ ជួនកាល​មេឃ​ភ្លៀង និង​វិបត្តិ​កូ​វីដ​នាំឱ្យ​ស្ងាត់​បន្តិច​ដែរ​។ ទោះបី​ជាមាន​ថ្ងៃ​ខ្លះ រអាក់រអួល​ភ្ញៀវ តែ​និយាយ​ជារួម អាជីវកម្ម​លក់​សាច់​ក្រ​ពើ​ដំណើរ​ការល្អ​។

​លោក​ជឿជាក់ថា​៖ «​នៅ​ថ្ងៃមុខ​នឹង​កាន់តែ​មានការ​ពេញនិយម​ខ្លាំង ដោយសារ​បច្ចុប្បន្ន ខ្ញុំ​មាន​ម៉ូយ​កាន់តែច្រើន ទាំង​ម៉ូយ​ថ្មី និង​ចាស់​។ ខ្ញុំ​កំពុង​គិត​បន្ថែម នាំចូល​ចៀម និង​ពពែ​ពី​ខាង​កំពង់ចាម​មកទៀត​ដាក់​ឱ្យបាន ៤ ​មុខ​។ ចំពោះ​គោ យើង​ចង់​ពន្លះ​​ស្បែក​ជាប់សាច់ ហើយ​លាប​គ្រឿង​ដាក់​ព្យួរ​ដូច​នំអន្សមជ្រូក​»​។​

​លោក​ក៏​បង្ហើប​គម្រោង​ដែរ​ថា​៖ «​ដាច់​ឆ្នាំ​ហ្នឹង យើង​ចង់​រៀប​គម្រោង​ឱ្យ​ប្លែក​ពី​គេ​ថែមទៀត​។ យើង​ក៏​កំពុង​រក​កន្លែង​បើកហាង និង​បើក​ជា​សិទ្ធិផ្ដាច់មុខ​សម្រាប់​អ្នក​ចង់​យកទៅលក់​បន្ត​ជាការ​ចែក​រទេះ​លក់​ជាដើម​»​។​

​លោក​ក៏​ទទួលភ្ញៀវ​ដែល​ចង់​អាំង ដុត​គោ ក្រពើ ចៀម ឬ​ពពែ​ក្នុង​កម្មវិធី​នៅ​គេហដ្ឋាន ដោយ​អាចទាក់ទង​ទូរស័ព្ទ​លេខ ០៩៦ ៦១០ ៤៦ ៤៦ និង ០៣១ ៣១៦ ១១៣៦៕