​ភ្នំពេញ: នៅពេល​ពន្លឺព្រះអាទិត្យ​ប៉ះ​នឹង​តំណក់ទឹក មនុស្ស​គ្រប់គ្នា​ស្ទើរ​តែ​មិន​ជឿថា ពួកគេ​អាច​ទទួលបាន​បទពិសោធ​ឥន្ទធនូ​នា​រដូវរំហើយ នៅ​ទីតាំង​ជាក់លាក់​មួយ ទាំង​បាតុភូត​​ធម្មជាតិ​ច្រើន​កើតឡើង​នៅ​ភូមិសាស្ត្រ​មាន​ភ្លៀងរលឹម​បើក​ថ្ងៃ​។​

​បើ​មិនមាន​ការបកស្រាយ​ផ្ទា​ល់ពី សិល្បករ វុ​ធ លី​ណូ ដែលជា​អ្នកបង្កើត​គម្រោង​នេះ​ឡើង គ្រប់គ្នា​ទំនងជា​មិន​ជឿ​ទេ ថា​ឥន្ទធនូ​នៅ​១​កន្លែង​អាចទៅរួច​បាន​យ៉ាងដូចម្ដេច​។​

​លោក លី​ណូ ទទួលបាន​គំនិត​តាំងពីដើម​ឆ្នាំនេះ តែ​លោក​បាន​បង្ហើប​ឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ពី​សិល្បៈ​ផ្គុំ​ឥន្ទធនូ បង្កប់​ខ្លឹមសារ កាលពី​ខែកញ្ញា​។

​លោក​ធ្លាប់​ប្រាប់ថា​៖ «​ខ្ញុំ​ចង់​បង្កើត​អ្វីមួយ​ពី​វត្ថុ​ធាតុ​ដែល​មនុស្ស​មិនអាច​ប៉ះ​បាន​។ ខ្ញុំ​ចង់​លើកឡើង​អំពី​ភាព​-​ខុសគ្នា​របស់​មនុស្សជាតិ សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា ក៏ដូចជា​សក្ដា​នុ​​ពល ភាព​អស្ចារ្យ​ដែល​កើតឡើង​ពី​ធាតុ​ផ្សំ​ធម្មជាតិ​។ ខ្ញុំ និង​ក្រុមការងារ​កំពុង​សាកល្បង សង្ឃឹម​អាច​បង្ហាញ​សាធារណជន​នៅ​ចុងឆ្នាំ​នេះ​»​។​

​លោក​បាន​ស្ដែងចេញ​ជា​លទ្ធផល​ពិតមែន​គឺ សិល្បៈ​ផ្គុំ​ឥន្ទធនូ និង​យុទ្ធនាការ «​ខ្ញុំ​ទទួលយក​» ក្រោម​ការគាំទ្រ​ពី​សហគមន៍​ឥន្ទធនូ​កម្ពុជា (RoCK) ស្ថានទូត​កាណាដា និង សួន ឧ​ត្ត​ម កាលពី​ថ្ងៃទី ១១ ខែធ្នូ​។​

សិល្បករ វុធ លីណូ និង​ស្នាដៃផ្គុំឥន្ទធនូ​​។ រូបថត វុធ លីណូ

​លោក​ថា វា​ហាក់ដូច​មិនមែនជា​ការពិត ហើយ​គ្រប់គ្នា ដែល​បាន​ទៅ​ទស្សនា​ផ្ទាល់ សុទ្ធតែ​ទទួលស្គាល់ថា​ វា​ប្រៀប​បីដូច​វេទមន្ត ដែល​ពួកគេ​មិន​ធ្លាប់​គិតថា​ អាច​កើតឡើង​បាន​។​

​សហ​ស្ថាបនិក​គម្រោង ស​-​ស រូបនេះ​ឱ្យដឹង​ដែរ​ថា​៖ «​តាមរយៈ​ការ​​បង្កើត​ឡើងវិញ​នូវ​បាតុភូតធម្មជាតិ និង​ឧតុ​និយមនៃ​ឥន្ទធនូ​នេះ ខ្ញុំ​ចង់​បង្កើត​សិល្បៈ ដែល​ផ្សារភ្ជាប់​ទៅ​មនុស្ស​ទាំងអស់ ហើយ​អនុញ្ញាតឱ្យ​ពួកគេ​ទទួលបាន​បទពិសោធ និង​ភាពស្រស់ស្អាត មិន​គិតពី​អាយុ យេនឌ័រ អត្តសញ្ញាណ វប្បធម៌ ជំនឿ ឬ​ចំណាប់អារម្មណ៍​»​។​

​រំឭក​ទៅដល់​គំនិត​បំផុស ដែលនាំឱ្យ​មានការ​បង្កើត​ឥន្ទធនូ និង​យុទ្ធនាការ «​ខ្ញុំ​ទទួលយក​» លើកដំបូង​របស់ លី​ណូ គឺ​កើតឡើង​នៅពេល​លោក​អង្គុយ​ក្នុង​សួន​។ លោក​ក៏​នឹក​គិតពី​ធម្មជាតិ​ដែល​នាំ​លោក​ឱ្យ​ផ្ដោតទៅលើ​សេចក្ដីស្រឡាញ់​របស់​មនុស្ស​ចំពោះ​ធម្មជាតិ គុណ​តម្លៃ​នៃ​ភាពស្រស់ស្អាត និង​ភាពរួបរួម​របស់​វា​។​

​សិល្បករដែល​ផ្ដោតទៅលើ​សិល្បៈ​ច្រើន​ទម្រង់​រូបនេះ​ថា​៖ «​ខណៈពេល ដែល​ខ្ញុំ​កំពុង​គិត​អំពី​ការងារ​សិល្បៈ​នេះ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មិត្ត​រួម​ការងារ​របស់ខ្ញុំ លោក ព្រហ្ម អ៊ី​រ៉ូ នៅ RoCK ហើយ​យើង​ក៏​គិតថា​ វា​ស័ក្ដិសម ជាមួយនឹង​យុទ្ធនាការ «​ខ្ញុំ​ទទួលយក​» របស់ RoCK និង ដៃគូ ដែល​កំពុងធ្វើការ លើ​ការតស៊ូ​មតិ ដើម្បី​សមភាព​​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។ យើង​ចង់​រំឭកថា ដូច​ឥន្ទធនូ យើងទាំងអស់គ្នា​ជា​វិសាល​គម​នៃ​មនុស្សជាតិ​»​។​

​លោក​បន្តទៀតថា​៖ «​អ្នកណា​ក៏​ស្គាល់ និង​កោតសរសើរ​ពី​ឥន្ទធនូ​។ ដូច្នេះ ខ្ញុំ​គិតថា ចុះបើ​ខ្ញុំ​អាច​នាំឱ្យ​មនុស្ស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​វា ព្រោះ​ពណ៌​ចម្រុះដែល​នៅជាប់​គ្នា​របស់​វា​បង្កើតឱ្យមាន​ភាពស្រស់ស្អាត​។ ចំណុច​នេះឯង ដែល​យើង​ចង់ឱ្យ​មនុស្សជាតិ​បាន​ឱបក្រសោប​វា​»​។​

​លោក​បាន​បង្កើត​ប៊ូ​តុង​ឱ្យ​ទស្ស​និក​​ជន ចុច​បញ្ជា​ប្រព័ន្ធ​ភ្លើង និង​ទឹកភ្លៀង​ធ្វើការ​។ ឥន្ទធនូ​លេចឡើង​នៅ​ប្រហែល​ម៉ោង ៣:៤០ ដល់ ៤:៤០​ នាទី​រសៀល​ដោយ​ពន្លឺ​ថ្ងៃ ពេល​ព្រះអាទិត្យ​លេច​នៅ​ចំ​មុំ​ជាក់លាក់​មួយ​។ ឥន្ទធនូ​ក៏​លេចឡើង នៅពេល​ងងឹត​ពី​ម៉ោង ៦ ​ដល់ ១ ​យប់ ដោយ​ពន្លឺ​អគ្គិសនី​មិនសូវ​ច្បាស់​ដូច​ពេល​ថ្ងៃ​ឡើយ​។​

ឥន្ទធនូពេលថ្ងៃ​លេចចេញ​ច្បាស់ រីឯពេលយប់​​ភ្លើងអគ្គិសនី​មិនភ្លឺដូចពន្លឺ​ព្រះអាទិត្យទេ។ រូបថត វុធ លីណូ

​សិល្បករ លី​ណូ បន្តថា​៖ «​វេទមន្ត និង​ភាពស្រស់ស្អាត​នៃ​ឥន្ទធនូ គឺអាច​ធ្វើទៅបាន និង​អាច​មើលឃើញ នៅពេលដែល​ធាតុទឹក ពន្លឺ និង​ខ្យល់​មក​ជាមួយគ្នា​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​។ ដូចគ្នា​ដែរ សង្គម​អាចមាន​ភាពស្រស់​​បំព្រង និង​រឹងមាំ នៅពេលដែល​មនុស្ស​មកជួបជុំ​គ្នា​ដោយ​សាមគ្គីភាព ដោយ​មិន​គិតពី​ភាពខុសគ្នា​»​។​

​ដើម្បី​លើកទឹកចិត្ត​ឱ្យ​គ្រប់គ្នា​ផ្សព្វ​​ផ្សាយ​សេចក្តីស្រឡាញ់ តម្លៃ​នៃ​ភាព​​ខុសគ្នា និង​សាមគ្គីភាព លោក និង​ដៃគូ​សហការ​បាន​បង្កើត​ការប្រកួត​ថតរូប​ជាមួយ​ឥន្ទធនូ​នេះ​រួច​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឬ​/​និងអ៊ី​ន​ស្តា​ក្រាម ភ្ជាប់​នឹង​ពាក្យ #​ខ្ញុំ​ទទួលយក ដើម្បី​ឈ្នះ​រង្វាន់​ពី RoCK នៅ​ថ្ងៃទី ១៥​ មករា​។

​ស្នាដៃ​សិល្បៈ​ផ្គុំ​ឥន្ទធនូ នឹង​បន្ត​ដល់​ថ្ងៃទី ​៩ ខែ មករា ឆ្នាំ ​២០២២​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​បង្កើត​ស្នាដៃ​សិល្បៈ ដែល​ឆ្លងកាត់​ព្រំដែន និង​ភាពខុសគ្នា ស្នាដៃ​ដែល​ផ្តល់ឱ្យ​ទស្សនិកជន​នូវ​បទពិសោធ​ពិសេស និង​លើកកម្ពស់​ការយល់​ចិត្ត​។ ខ្ញុំ​សង្ឃឹមថា ស្នាដៃ​សិល្បៈ​ផ្គុំ​ឥន្ទធនូ នឹង​អាចធ្វើ​រឿង​ទាំងនេះ​បាន​»​។​

​អ្នក​ចង់​ចូល​ទស្សនា​សូម​ទៅកាន់ សួន ឧ​ត្ត​ម (Odom Garden Park) ដែល​បើក​ពី​ម៉ោង ៨ ​ព្រឹក ដល់​ម៉ោង ១០ ​យប់ នៅលើ​មហាវិថី​នរោត្តម ១៦០-១៥៨៕