​ភ្នំពេញ​: នៅពេលដែល អេ​ឡូ​ឌី យុង (Elodie Yung) បាន​ចុះ​កុងត្រា​ថត​ភាពយន្ត​ភាគ «The Cleaning Lady» នាង​បាន​នឹក​ដល់​ឱកាស​ក្នុងការ​សម្ដែង​ជា​តួអង្គ​ហែល​ឆ្លង​កាលៈទេសៈ​ច្រើន​សណ្ឋាន​។

​តំណែង​តួឯក​របស់​នាង​លើក​នេះ គឺជា​តួអង្គ​ជនអន្តោប្រវេសន៍​កម្ពុជា មួយរូប​ដែល​បាន​មកដល់​ទឹកដី​ហ្វីលីពីន រួច​បន្តទៅ​អាមេរិក ដើម្បី​ជម្នះ​ស្ថានភាព​លំបាក និង​តស៊ូ​ជម្នះ​ការពារ​កូនប្រុស​របស់​នាង​។​

​តារា​ស្រី​វ័យ ៤០ ​ឆ្នាំ​រូបនេះ ​បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា FoX TCA កាលពី​ពាក់កណ្ដាល​ខែធ្នូ ពេលដែល​វីដេអូ​ឃ្លី​ប​ខ្លី​នៃ​សាច់រឿង​ត្រូវបាន​សម្ពោធ យ៉ាង​ដូច្នេះ​ថា​៖ «​ឪពុក​ខ្ញុំ​មកពី​ប្រទេសមួយ (​កម្ពុជា​) និង​ត្រូវ​កសាង​ជម្រក​ថ្មី​នៅ​ទឹកដី​បារាំង​។ ដូច្នេះ​ខ្ញុំ​អាច​ស្វែងយល់ ដាក់​អារម្មណ៍​ទៅនឹង​សាច់​រឿងនេះ​បាន​ច្រើន​»​។​

​នាង​បាន​បន្តទៀតថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​សម្ដែង​ជា​តួឯក ដែលមាន​សភាព​ដូចនឹង​ការពិត​របស់ខ្ញុំ ធាតុពិត សាវតា ក៏ដូចជា​អ្វីដែល​ខ្ញុំ​អាច​រំលេច​ចេញមក​ក្នុងនាម​ជាតា​រាសម្ដែង ១​ រូប​»​។​

​រឿង The Cleaning Lady ​យក​លំនាំ​តាម​រឿង​ភាគ​អា​ហ្ស​ង់​ទីន​ឆ្នាំ ២០១៧ ក្រោម​ចំណងជើង​ដូចគ្នា ដោយ​ផ្ដោតលើ​តួអង្គ Thony De La Rosa សម្ដែង​ដោយ​កញ្ញា អេ​ឡូ​ឌី​។

Thony ជា​គ្រូពេទ្យ​កម្ពុជា​ដ៏​ឆ្លាត​វៃ​មកពី​កម្ពុជា ដែល​មក​បម្រើការ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ នារី​វេជ្ជបណ្ឌិត​រូបនេះ​បាន​រៀបការ​ជាមួយ​បុរស​ហ្វីលីពីន​ឈ្មោះ Marco Salonga បន្ទាប់មក​នាង​បានសម្រេច​ចិត្ត​យ៉ាង​តានតឹង​មួយ​ដោយ​ធ្វើដំណើរ​ទាំង​ពុំមាន​ឯកសារ​ស្របច្បាប់​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ការព្យាបាល​សង្គ្រោះ​ជីវិត​កូនប្រុស​របស់​នាង ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​ដ៏​កម្រ​មួ​យ​។​

​ទៅដល់​ក្រុង​ឡាស​វេ​ហ្គាស​ដោយ​មិន​ចុះចាញ់​នឹង​បញ្ហា​នៅ​ទីនោះ នាង​បាន​បង្ខំចិត្ត​លាក់ខ្លួន ហើយ​ក្លាយជា​នារី​អនាម័យ​លាង​បង្គន់ ក្នុង​ក្រុម​ជន​អន្ធពាល ដោយ​រត់គេច​ពី FBI និង​លាក់​ការសម្ងាត់​ពី​បងស្រី​ថ្លៃ​ហ្វីលីពីន​ឈ្មោះ Fiona Salonga ដែល​មក​រស់នៅ​អាមេរិក​ខុសច្បាប់​។​

​ដោយ​ប្រើ​បញ្ញា ជំនាញ និង​សមត្ថ​​ភាព​ពិសេស នាង​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​ពី​ជនឧក្រិដ្ឋ​។ ប៉ុន្តែ​ក្រោយពេល​នាង​បានឃើញ​ថ្លុកឈាម​នៃ​ឃាតកម្ម​ផ្ទាល់​នឹង​ភ្នែក នាង​ក៏​សម្រេចចិត្ត​លូកដៃ​ក្នុង​ពិភព​បងធំ​នៅ​ក្រុង​ឡាស​វេ​ហ្គាស ដោយ​ចាត់ការ​ក្រុម​អន្ធពាល​ ដើម្បី​សង្គ្រោះ​ក្រុមគ្រួសារ​របស់​នាង​។​

តារាហូលីវូដ​ខ្មែរ​បារាំង អេឡូឌី យុង សម្ដែង​ជា​តួ Thony​។ រូបថត FOX

​យោងតាម​វេ​ប​សាយ deadline.com រឿង​ភាគ The Cleaning Lady គឺជា​ការបើក​ទំព័រ​ថ្មី​របស់ FOX ដែល​បានជ្រើសរើស​តួឯក​ស្រី​អាស៊ី​សម្ដែង​ក្នុង​ភាពយន្ត​ម៉ោង​មាស​ ឬ​ម៉ោង​បញ្ចាំង​សម្បូរ​មនុស្ស​ទស្សនា​។​

​កញ្ញា អេ​ឡូ​ឌី កើត​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​ ២២ ខែ កុម្ភៈ ឆ្នាំ​ ១៩៨១ ដោយមាន​ឪពុក​ជា​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​បារាំង​។​

​នាង​បាន​ប្រឡូក​វិស័យ​ការថត​ភាពយន្ដ​ភាគ​ទូរទស្សន៍​ក្នុង​វ័យ ២០ ឆ្នាំ និង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ល្បីៗ​ជាច្រើន​កន្លងមក​។​

​នាង​បានបញ្ចប់​ការសិក្សា​ពីសា​លា London Academy of Music and Dramatic Art និង​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ក្រុងប៉ារីស​។ នាង​ក៏បាន​ហ្វឹកហាត់​គុន​កា​រ៉ា​តេ​អស់​រយៈ​​ពេល​ជាង ១០ ​ឆ្នាំ​ផងដែរ​។

​វេ​ប​សាយ film-book.com បានឱ្យដឹងថា ភាពយន្ត​ដែល​ផលិត​ដោយ Warner Bros, Television and FOX Entertainment នេះ​មាន ១០​​ ភាគ ដោយ​ចាប់​បញ្ចាំង​នៅ​ថ្ងៃទី ៣ ខែ​ ម​ករា ឆ្នាំ​២០២២៕