ភ្នំពេញ: ទោះជា​ស្ថានភាព​កូវីដ​បន្ត​អូសបន្លាយ ប៉ុន្តែ អាដាណា សុវណ្ណរស្មី ម៉ម ឡឺ ហ្គ្រោស ជា​ប្រធាន និង​សហស្ថាបនិក​ចលនា Generation C Cambodia ​តែងតែ​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​សិល្បការិនី និង​សកម្មជន​ក្នុង​ការចែកចាយ​សារ ដែលមាន​សារៈសំខាន់​ដល់​ពិភពលោក​ចាប់តាំងពី​ការយល់​ពីគ្នា ចិត្តមេត្តា សិល្បៈ​នៃ​ការចែករំលែក ការលើកតម្លៃ​ស្ត្រី ជំងឺផ្លូវចិត្ត និង​សារ​ជាច្រើន​ទៀត​។

ចុងឆ្នាំ​នេះដែរ មុន​ធ្វើដំណើរ​ទៅ​អឺរ៉ុប​នៅ​ដើម​ឆ្នាំក្រោយ កញ្ញា​បាន​បញ្ចប់​ជាមួយនឹង​ពិព័រណ៍ «ConvivArt» ដែល​មិន​ត្រឹមតែ​ជាការ​តាំងពិព័រណ៍​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ទស្សនវិជ្ជា របៀប​នៃ​ការរស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព​។

អាដាណា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​សព្វថ្ងៃ ពិភពលោក​យើង​កំពុង​ឈានទៅរក​សង្គម​បែងចែក មិន​ស្មើភាព​គ្នា​។ ដំណោះស្រាយ​មួយ គួរតែ​ដាំដុះ​របៀប​នៃ​ការរស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព​។ វិបត្តិ​ដែល​កំពុង​បន្ត​កើតឡើង​គឺជា​ការដាស់តឿន​មនុស្សជាតិ​ឱ្យ​ភ្ញាក់ខ្លួន​ចាប់ផ្តើម​ពី​សុបិន និង​កសាង​អនាគត​ថ្មី​ប្រកបដោយ​ក្រមសីលធម៌ និង​ភាពទទួលខុសត្រូវ​»​។

កញ្ញា​បន្តថា​៖ « Convivialism ជា​ទស្សនវិជ្ជា​សម្រាប់​មនុស្ស​គ្រប់រូប ជា​សារ​អន្តរជាតិ ដែល​អាច​យល់បាន​ពី​គ្រប់​ជាតិ​សាសន៍ និង​វប្បធម៌​។ វត្ថុបំណង​នៃ​កម្មវិធី​គឺ​លើកទឹកចិត្ត​យុវជន​ឱ្យ​ក្លាយជា​ពលរដ្ឋ​រស់រាន​មានជីវិត និង​សញ្ជឹង​គិតដល់​សាមគ្គីភាព​»​។

ពិព័រណ៍​ចម្រុះ រៀបចំ​ធ្វើឡើង​នៅ​អគារ The Commune ដោយ អាដាណា Raphael Montha Pech អ្នក​ថតរូប បារាំង ខ្មែរ និង Future ក្រុមហ៊ុន​ច្នៃ​ម៉ូដ​ស្ថាបត្យកម្ម​។ ពិព័រណ៍​ក៏បាន​ប្រព្រឹត្តទៅ​អនឡាញ​ជាមួយ​សិល្បករ​អន្តរជាតិ​ផ្សេងៗ​មកពី ៩ ​ប្រទេស​រួមមាន ប្រេស៊ីល បារាំង អ៊ីតាលី ជប៉ុន លីទុយអានី កម្ពុជា កាណាដា អាមេរិក និង​កូឡុំប៊ី មាន​ទាំង​អ្នករាំ អ្នកចម្រៀង វិចិត្រករ និង​អ្នក​តែង​កំណាព្យ​។

ការសម្ដែង​សិល្បៈ​ក្នុង​ថ្ងៃ​បើកសម្ពោធ​ពិព័រណ៍​ចម្រោះ​នៅ​អគារ The Commune​។ រូបថត សហការី

ពិព័រណ៍​មានការ​ដាក់តាំង និង​លក្ខណៈ​អនឡាញ​បែប 3D តាម​តំណភ្ជាប់ https://3d.future-thoughts.com/aolt/ ចាប់ពី​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​ ២០២១ រហូតដល់ ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២២​។

សិល្បការិនី​ខ្មែរ​បារាំង​រូបនេះ​ទទួល​បាន​ការបំផុសគំនិត​ពី​ចលនា​របស់​អឺរ៉ុប ដែល​ហៅថា Convivialist ដែល​ផ្ដោតទៅលើ​របៀប​នៃ​ការរស់នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព​ប្រកបដោយ​គុណតម្លៃ​ ៦ ដែល​មនុស្ស​មាន​ និង​ចែករំលែក​រួមគ្នា​គឺ ភាពធម្មជាតិ មនុស្សជាតិ ការរួបរួម​ជា​សង្គម ភាពបុគ្គល​ស្របច្បាប់ ការប្រឆាំង​ដោយ​ភាពច្នៃប្រឌិត និង​ភាពចាំបាច់​នៃ​ការគ្រប់គ្រង​ភាពឥតប្រយោជន៍ ។

អាដាណា បាន​តាំង​ស្នាដៃ​របស់​នាង​ចំនួន ៦ ​ផ្ទាំង​ទៅតាម​គុណតម្លៃ​របស់ convivialist ដើម្បីឱ្យ​ទស្សនិកជន​បាន​ស្វែងយល់​ពី​គ្រប់​ជ្រុង​។

យុវតី​រូបនេះ​បន្តថា​៖ «​ការងារ​របស់ខ្ញុំ ១ ​គឺ​ឈ្មោះថា Human Rouge ដែល​បកស្រាយ​ពី​ធម្មជាតិ​ទូទៅ បង្កប់ន័យ​ថា មនុស្ស​មិនមែន​រស់នៅ​ក្រៅ​ធម្មជាតិ​ទេ ហើយ​ពួកគេ​គួរតែ​ក្លាយជា​ម្ចាស់​។ ដូច​ភាវៈ​មានជីវិត​ទាំងអស់​ដែរ មនុស្ស​ទាំងអស់​ជា​ចំណែក ហើយ​ពឹងពាក់​អាស្រ័យ​លើ​ធម្មជាតិ ដែល​ពួកគេ​ត្រូវតែ​ចូលរួម​ថែរក្សា មិន​ដូច្នោះ​ទេ គឺ​ពួកគេ​ដែល​នឹង​រងគ្រោះ​»​។

ហេតុផល​ពីក្រោយ Human Rouge សំដៅ​ទៅលើ​ការផុត​ពូជ​ដ៏ធំ​ទី ​៦ គឺជា​ការបាត់បង់​ជីវចម្រុះ​ព្រោះតែ​សកម្មភាព​របស់​មនុស្ស ហើយ​មានតែ​មនុស្ស​ទេ ដែល​អាច​កែប្រែបាន​។

ចូលរួម​ពិព័រណ៍​នេះ​លោក Raphael Montha Pech ដែល​ល្បី​ស្នាដៃ​ថតរូប​អប្សរា និង​ក្រមា បាន​តាំង​រូប​ភាពជា​ស៊េរី​ពី​អ្នកលក់​កម្ពុជា​នៅតាម​ផ្លូវ​។ រូបថត​ទាំងនេះ​បង្ហាញ​ពី​សង្គម​រួម ដែល​ជាការ​រំឭកថា ទ្រព្យសម្បត្តិ​ដ៏ធំ​បំផុត​របស់​មនុស្ស​គឺជា​ទំនាក់ទំនង​។

អាដាណា (​ទី​ ២ ​ឆ្វេង​) ក្នុង​ពិព័រណ៍​ចម្រុះ​រៀបចំ​ធ្វើឡើង​នៅ​អគារ The Commune​។ រូបថត សហការី

លោក Raphael ថា​៖ «​ស៊េរី​រូបនេះ គឺ​ចង់​ឧទ្ទិស​ទៅ​អ្នក​តាមផ្លូវ​ទាំងអស់​។ នៅពេល​យើង​សម្រេចចិត្ត​ថត​ជា​ឯកសារ​ដល់​អ្នកលក់​តាម​ចិញ្ចើមផ្លូវ គោលដៅ​យើង គឺ​ផ្ដល់​ពន្លឺ​ដល់​អ្នក ដែល​មិន​ត្រូវបាន​គេ​មើលឃើញ​»​។

លោក ហារី ម៉ាន់ ជា​ប្រធាន និង​ស្ថាបនិក Future ប្រាប់ថា គាត់​ជ្រើសរើស​គម្រោង​ស្ថាបត្យកម្ម​ ៦ ដើម្បី​តំណាងឱ្យ​គុណតម្លៃ​នៃ convivialism ដែរ​។

លោក​ថា​៖ «​វា​មាន​ការពិបាក​បន្តិច​ដែរ ក្នុង​ការជ្រើស​យក​វត្ថុ​ ១ ឱ្យ​ត្រូវ​តាម​គុណតម្លៃ​មួយៗ​។ ដូចជា common sociality យើង​ត្រូវ​មើល​ទៅលើ​បរិស្ថាន ដែល​ស្ថាបត្យកម្ម​យើង​ត្រូវបាន​ឌីហ្សាញ​បង្កើតជា​សហគមន៍​ទំនាក់ទំនង​។ ដូច្នេះ យើង​ព្យាយាម​រចនា​ការិយាល័យ​យើង​ឱ្យ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​»​។

ក្នុង​ការចាប់ផ្ដើម អាដាណា ដំបូង​ចង់ឱ្យ​សិល្បករ​នីមួយៗ​ធ្វើ​ពិព័រណ៍​តាម​ប្រទេស​រៀងខ្លួន​តែ​កំណត់​យក ភ្នំពេញ​ជា​គោល ប៉ុន្តែ​បន្ទាប់ពី​ទាក់ទង​សិល្បករ​ទាំងនោះ កញ្ញា​ក៏​ប្ដូរ​មក​ធ្វើ​លក្ខណៈ​អនឡាញ​វិញ​។

កញ្ញា​បន្តទៀត​ថា​៖ «​ដោយសារ​កូវីដ ទើប​យើង​មិនសូវ​បើកទូលាយ​សម្រាប់​អ្នកចូលរួម​ច្រើន​ទេ ប៉ុន្តែ​យើង​រីករាយ​បើ​ទោះ​គ្នា​តិច ប៉ុន្តែ​មើលទៅ​គេ​ចាប់អារម្មណ៍​សួរនាំ​យើង​ច្រើន​ពី​ពិព័រណ៍ ConvivArt នេះ ដែល​នេះ​ជា​អ្វី ដែល​សំខាន់បំផុត​សម្រាប់​ខ្ញុំ​»​។

ក្នុង​ដំណើរ​ទៅ​អឺរ៉ុប និង​អាមេរិក​នាពេលខាងមុខ​នេះ គឺ​កញ្ញា ចង់​ពង្រីក​បណ្ដាញ​ទំនាក់ទំនង សិល្បៈ និង​ចលនា Generation C ដោយ​រំពឹងថា ធ្វើឱ្យ​កម្ពុជា​ឱ្យ​កាន់តែ​លេចធ្លោ​។

អាណាដា បាន​បង្ហើប​ក្ដីស្រមៃ​របស់​នាង​ថា​៖ «​ខ្ញុំ​គ្រោង​តាំងពិព័រណ៍​នៅតាម​ទីក្រុង​ធំៗ​នៅ​អឺរ៉ុប​។ ខ្ញុំ​មិន​ត្រឹម​តែមាន​មហិច្ឆតា​ចង់​ក្លាយជា​សិល្បការនី​ខ្មែរ​ដ៏ល្បី​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​អាច​ផ្ដល់​ហិរញ្ញប្បទាន​ស្វ័យប្រវត្តិ​ដល់​ចលនា​របស់ខ្ញុំ ជាមួយ​នឹង​ការលក់​សិល្បៈ​។ ការតាំងពិព័រណ៍​បន្ទាប់​របស់ខ្ញុំ​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍ និង​ទីក្រុង​ប៉ារីស​»៕