ភ្នំពេញ​: អង្គការក្រៅរដ្ឋាភិបាល សន្សំ​ម្លប់​ព្រៃ (SMP) ដែល​ធ្វើ​កិច្ចការ​ការពារ​បរិស្ថាន និង​សត្វព្រៃ តាមរយៈ​ការអនុវត្ត​កសិកម្មសរីរាង្គ និង​គម្រោង​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​ក្នុង​សហគមន៍ បានរៀបចំ​សិក្ខាសាលា​ថ្នាក់​ខេត្ត ស្តីពី «​គម្រោង​ស្រាវជ្រាវ​អំពី​សក្តានុពល​នៃ​ការអភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព​ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​លទ្ធផល​នៃ​គម្រោង​សាកល្បង​ស្រះ​ទឹក​សហ​​គម​ន៍​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​» កាលពី​ថ្ងៃទី​ ៦ ខែ ធ្នូ ឆ្នាំ ​២០២១​។

​ក្នុងចំណោម​សមាសភាព​ចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះវិហារ អាជ្ញាធរ​ដែនដី អង្គការ​ដៃគូ តំណាង​សហគមន៍​តំបន់​ការពារ និង​សមាជិក​ផលិត​ស្រូវ លោក មាស ញឹម អនុ​​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បានលើកឡើង​ពី​ភាពជា​ដៃគូ​ជាមួយ SMP ចាប់តាំងពី​ឆ្នាំ ​២០០៩​។​

​លោក​បានឱ្យដឹងថា​៖ «​វត្តមាន​របស់​អង្គការ​សន្សំ​ម្លប់​ព្រៃ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការលើក​​កម្ពស់​ជីវភាព​សហគម​ន៍ ក្នុង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ប្រកបដោយ​ចីរភាព ថែមទាំង​បានរួម​​ចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជា​សហគមន៍​»​។​

​ស្ថិតនៅ​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​សំខាន់ៗ អង្គការ​ធ្វើ​កិច្ចការ​ផ្តោតលើ​ទីផ្សារ​ដោយ​ភ្ជាប់​ផលិតផល​កសិកម្ម​ពី​ប្រជាកសិករ​ជាមួយ​អ្នក​​ប្រើប្រាស់​ក្នុងស្រុក និង​អន្តរជាតិ​។​

​ពលរដ្ឋ​សហគមន៍ អ្នកស្រី ឈឿង កិ​រិ​យ៉ា រស់នៅក្នុង​ភូមិ​កំ​ពេញ ក្នុង​ដែន​​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព បាន​ចូល​ជា​សមាជិក​ក្នុង​កម្មវិធី​ស្រូវ​​ត្រយង កាលពី​ឆ្នាំ​ ២០១៦​។

​អ្នកស្រី​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ថា​៖ «​ឥឡូវ​ខ្ញុំ​រកប្រាក់​កម្រៃ​បាន​ច្រើនជាង​មុន ភាគច្រើន​ គឺ​បានមកពី​ស្រូវ​សរីរាង្គ ដែល​យើង​លក់បាន​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​យើង​លក់បាន​ក្នុងតម្លៃ​ស្ទើរ​ទ្វេដង បើ​ធៀប​នឹង​តម្លៃ​ទីផ្សារ​។ ទាំងនេះ​ពិតជា​ជំរុញ​ទឹកចិត្ត​ខ្ញុំ និង​ស្វាមី​ឱ្យ​បន្ត និង​ចូលរួម​អភិរក្ស​សត្វព្រៃ​ក្នុង​តំបន់​របស់​យើង​ត​ទៅមុខទៀត​»​។

អ្នកស្រី កិរិយ៉ា ​ជា​សមាជិក​​កម្មវិធី​ស្រូវ​ត្រយងតាំងពី​ឆ្នាំ​២០១៦​។ រូបថត សហការី

​អ្នកស្រី​បន្តថា​៖ «​ដោយសារ​វា​ជា​អង្ករ​សរីរាង្គ​សុទ្ធ គ្រួសារ​ខ្ញុំ​រីករាយ​ក្នុងការ​ទទួលទាន​ដោយ​ឥត​ព្រួយបារម្ភ​។ យើង​មាន​សុខភាព​ប្រសើរ​ជាង​មុន​»​។​

SMP ត្រូវបាន​ស្ថាបនា ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កាលពី​ឆ្នាំ​ ២០០៩ ដោយ​ផ្តោតទៅលើ​កម្មវិធី ២​ ធំៗ គឺ​គម្រោង​ស្រូវ​ត្រយង (IBIS Rice Program) ដែល​បាន​អនុវត្ត​នៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី និង​គម្រោង​ផលិតកម្ម​ស្រូវ​ប្រកបដោយ​និរន្តរភាព ​(SRP) នៅ​ខេត្តកំពង់ធំ​។​

​កញ្ញា ម៉ះ តី​យ៉ុម មន្ត្រី​ផ្នែក​អភិវឌ្ឍន៍ និង​ទំនាក់ទំនង​នៅ​អង្គការ SMP ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ទិសដៅ​យើង គឺ​ជួយ​បង្កើត​ការដាំដុះ​ស្រូវ​សរីរាង្គ ដែលមាន​គុណភាព​ខ្ពស់ នៅតាម​សហគមន៍​ដាច់ស្រយាល នៅ​ខាងក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ខេត្តព្រះវិហារ ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា តាមរយៈ​គម្រោង​ស្រូវ​​ត្រយង​»​។​

​កញ្ញា​បាន​បន្ដថា​៖ «​ចាប់ពីពេលនោះ អង្គការ​បាន​ពង្រីក​គ​ម្រោ​ង ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​សៀម​ប៉ាង នៅ​ស្ទឹងត្រែង តំបន់​អភិរក្ស​កែវ​សីមា មណ្ឌលគិរី​។ ហើយ​យើង​ក៏​ប្រើប្រាស់​ជំនាញ​កសិកម្ម និង​អភិវឌ្ឍន៍​សហ​​គម​ន៍​របស់​យើង ដើម្បី​អនុវត្ត​គម្រោង SRP ក្នុង​ខេត្តកំពង់ធំ​»​។​

​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​​ទេព​ជា​ជម្រក​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ព្រៃ​ល្បោះ​តែមួយគត់​របស់​សត្វ​ត្រយង​យក្ស ដែលជា​សត្វ​ស្លាប​តំណាងឱ្យ​ប្រទេស​កម្ពុជា និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។​

​ជា​អកុសល សកម្មភាព​នៃ​ការ​​បំផ្លិចបំផ្លាញ ទន្ទ្រាន​ដី​ធ្វើឱ្យ​មានការ​​គំរាមកំហែង​ដល់​សត្វ​ស្លាប​នេះ​។

​ដូច្នេះ​គោលដៅ​ចម្បង​របស់​កម្មវិធី IBIS Rice ដែលមាន​ការសហការ​ជាមួយ SMP និង​ក្រុមហ៊ុន​ស្រូវ​​ត្រយង (IRCC) គឺ​ជួយ​គ្រួសារ​កសិករ​នៅ​ជនបទ​រកប្រាក់​ចំណូល និង​បញ្ឈប់​សកម្មភាព​ប៉ះពាល់​បរិស្ថាន​។​

​កញ្ញា តី​យ៉ុម ថា ដូច្នេះ​អង្គការ​ផ្តល់​ការគាំទ្រ​ផ្នែក​កសិកម្ម​ដល់​កសិករ រួមមាន​ការបណ្តុះបណ្តាល បង្ហាញ​អំពី​ស្តង់ដា និង​ការអនុវត្ត ដែល​មិន​ប៉ះពាល់​ដល់​សរីរាង្គ និង​សត្វព្រៃ​។ ជាមួយគ្នានេះ IRCC ធានារ​កនូវ​ទីផ្សារ នាំចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ក្នុងស្រុក​សម្រាប់​អង្ករ ដែល​ផលិត​តាម​ស្តង់ដា​ទាំងនេះ​។​

​កញ្ញា​ឱ្យដឹងទៀតថា​៖ «​ប៉ុន្តែ​កសិករ​ម្នាក់ៗ​ត្រូវមាន​កិច្ចព្រមព្រៀង និង​មិន​ឈូសឆាយដី កាប់​ឈើ បរបាញ់​សត្វ​​ព្រៃ ឬ​ប្រើប្រាស់​សារធាតុ​គីមី​លើ​កសិផល​របស់​ពួកគេ ហើយ IRCC នឹង​ទិញ​អង្ករ​ពួកគាត់​ក្នុងតម្លៃ​ពិសេស​គឺ ៧០% លើស​តម្លៃ​ទីផ្សារ​»​។

​ក្នុងការ​វាយតម្លៃ និង​តាមដាន​ការងារ​របស់​កសិករ ខាង​អង្គការ​មាន​ចែកជា ២ ​ក្រុម គឺ​គណៈកម្មការ និង​សមាជិក​។ អ្នកណាដែល​ធ្វើ​បានល្អ​នឹងត្រូវ​បាន​ជ្រើស​ជា​គណៈកម្មការ ដើរតួ​ត្រួតពិនិត្យ និង​រាយការណ៍​ឱ្យ​អង្គការ ហើយ​អ្នក​ដែល​បំពាន​ច្បាប់ នឹងត្រូវ​ដកចេញ​ពីស​មា​ជិ​ក​។​

សិក្ខាសាលា​ចូលរួម​ពី​​ក្រសួង រដ្ឋបាល​ខេត្ត​ អង្គការ និង​សហគមន៍។ រូបថត សហការី

​ប៉ុន្តែ​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​រំលេច​បញ្ហាសំខាន់​គឺ​កង្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​កសិករ​។

​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អង្គការ​ក៏បាន​ចុះមក​ត្រួតពិនិត្យ និង​ធ្វើការ​ពិភាក្សា​ស្វែងរក​ទីតាំង​សមរម្យ​មួយ​បង្កើត «​គម្រោង​ស្រះ​ទឹក​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​»​។​

​គម្រោង​នេះ​នឹងមាន​ការជីក​ស្រះ​ទឹក​ចំនួន​ ២ នៅ​ភូមិ​ត្មាត​ប៉ើយ និង ស្រះ​ទឹក ​១ នៅ​ភូមិ​ព្រៃវែង ដោយមាន​ការណែនាំ​ពី​បច្ចេកទេស​ប្រើប្រាស់​ត្រឹមត្រូវ ហើយ​មិន​បង្កឱ្យមាន​ការ​​លំបាក​ដល់​សត្វព្រៃ​ផ្សេងៗ​មក​អាស្រ័យ​ផងដែរ​។​

​កសិករ លោក ឆន ឈី​ម ជា​អ្នកភូមិ​ព្រៃវែង បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​ជឿជាក់ថា គម្រោង​ស្រះ​ទឹក​នេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន ដល់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត នៅពេលដែល​អាកាសធាតុ​មានការ​ប្រែប្រួល​ជា​បន្ត​​បន្ទាប់​បែបនេះ​»​។​

​នៅ​ឆ្នាំ​បន្ទាប់ អង្គការ​សន្សំ​ម្លប់​ព្រៃ នឹងធ្វើ​ការត្រួតពិនិត្យ​ពី​លទ្ធភាព ដែល​ស្រះ​ទឹក​នេះ​អាចជួយ​ដល់​កសិករ​ក្នុងការ​ប្រមូល​ផលដំណាំ​របស់គាត់ ហើយ​លទ្ធផល​ទាំងនោះ​នឹង​ក្លាយជា​កត្តា​កំណត់​អំពី​ការពង្រីក​វិសាលភាព​នៃ​គម្រោង​នេះ​បន្តទៀត​នៅ​ទូទាំង​​ប្រទេស​កម្ពុជា​។​

​មន្ត្រី​ផ្នែក​អភិវឌ្ឍន៍ និង​ទំនាក់ទំនង​អង្គការ SMP កញ្ញា តី​យ៉ុម ចែករំលែក​ទស្សនវិស័យ អង្គការ​សន្សំ​ម្លប់​ព្រៃថា​៖ «​យើង​សង្ឃឹមថា​ ប្រទេស​កម្ពុជា ​ជា​កន្លែងដែល​សហគមន៍​ជនបទ​ទទួល​​បាន​ប្រាក់ចំណូល​សមរម្យ និង​សកម្ម​ក្នុងការ​រក្សា​នូវ​បេតិកភណ្ឌ​ជីវ​វប្បធម៌ ការការពារ​បូរណភាព និង​សមាសភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ជុំវិញ និង​ការ​គ្រប់​​គ្រង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​»​។​

​ព័ត៌មាន​បន្ថែម​ពី អង្គការ​សន្សំ​​ម្លប់​ព្រៃ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​​ប៊ុ​ក​@sansommlupprey៕