ភ្នំពេញ​: តាម​ជញ្ជាំង​វិចិត្រសាល FT រូបភាព​ដ៏​ស្រស់ស្អាត ស្រូបយក​ក្រសែភ្នែក​ទស្សនិកជន​ឱ្យ​ចូលទៅ​ក្បែរ​គយគន់ ដែល​ស្នាដៃ​ទាំងនេះ​មិនមែនជា​គំនូរ​តែ​ម្យ៉ាង​ទេ​។ រូបភាព​ព្យួរ​លើ​ជញ្ជាំង​ជា​រូបថត​មានការ​ផាត់​​ពណ៌ ឬ​គំនូរ​ឌីជីថល​តាក់តែង​បន្ថែម ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វប្បធម៌ និង​សាសនា​ចម្រុះ​។​

​ខណៈ​ទស្សនិកជន​កំពុង​ជក់​ចិត្តនឹង​រូបភាព សកម្មភាព​នៅ​វិចិត្រសាល​រំលេច​សិល្បៈ​ច្រើន​ទម្រង់​ទាំង​ការ​​សាក់ គូររូប និង​ការដើរ​ម៉ូដ ដោយ​សិល្បករ​បានរួម​គ្នា​បង្កើត​ពី​ស្នាដៃ​រូបថត ទៅ​គំនូរ និង​ហ្វេ​ស្សិន​។​

​កម្មវិធី​ដើរ​ម៉ូដ និង​តាំងពិព័រណ៍​បែប​ប្លែក​ថ្មី​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​លោ​កុប្ប​ត្តិ ២០២១» មានន័យថា​កំណើត​ថ្មី (Genesis MMXXI) តាំង​​ពីថ្ងៃ​ទី​ ១១-១២ ខែ ធ្នូ ឆ្នាំ ​២០២១ ហើយនឹង​មានការ​ដាក់​តាំង​បង្ហាញ​ដល់​ថ្ងៃទី ​៦ ខែ កុម្ភៈ ឆ្នាំ ​២០២២​។​

​កម្មវិធី​ត្រូវបាន​ផ្ដួចផ្ដើម​គំនិត​ដោយ រ៉េ​នៀ អា​ប៊ែ​ល​ឡូ ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វីលីពីន និង​ស្ថាបនិក​ហាង អា​ម៉ា​ដា (ARMADA) ទី​តា ប៊ុត អ្នក​ថតរូប និង​ស្ថាបនិក​ទី​តា​អាត និង ហ្វុ​ង​គី វិចិត្រករ និង​ម្ចាស់​វិចិត្រសាល FT​។​

​រ៉េ​នៀ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ការ​​ប្រើប្រាស់​សិល្បៈ​ទាំង ​៣ ពី​ការថតរូប ការ​គូរគំនូរ ដើម្បី​ភ្ជាប់​ទៅ​ការច្នៃ​ម៉ូដ​នេះ ជាការ​បញ្ជាក់​បង្ហាញ​ពី​ការរួបរួម​របស់​យើង​ចំពោះ​យេនឌ័រ និង​របៀប​ដែល​យើង​យល់ឃើញ និង​បើក​ចិត្ត​ទូលាយ​ទទួលយក​វា​»​។​

​រ៉េ​នៀ ថា គំនិត​គិតដល់​ពិព័រណ៍​មួយ​នេះ​គឺ ដំបូង​កើតចេញពី​ការផ្ដើម​ធ្វើ​សមាធិ​គិតពី​ដំណើរ​ជីវិត និង​ការងារ​របស់លោក​ក្នុងអំឡុងពេល​កូ​វីដ​។

សិល្បការិនី ទីតា ចូលរួម​ជាមួយ​សិល្បករ​ហ្វីលីពីន និង​ខ្មែរ​បារាំង។ រូបថត សហការី

​អំឡុង​ព្រឹត្តិការណ៍ ២០ ​កុម្ភៈ លោក​បានចាប់ផ្ដើម​គិតថា ម៉ូដ​ហ្វេ​ស្សិន​របស់លោក អាច​នឹង​ប្រព្រឹត្តទៅ​មិនបាន​ល្អ​ទេ សម្រាប់​រដូវ​ផ្កា​រីក និង​រដូវ​​ក្ដៅ​នេះ ដូច្នេះ​ទើប​លោក​ចង់​បង្កើត​កម្មវិធី​ការដើរ​ម៉ូដ​បែប​ទម្រង់​ថ្មី​។

​រ៉េ​នៀ បន្ថែមទៀតថា​៖ «​ពេល​ខ្ញុំ​កំពុង​មើល​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ប្រទះ​នឹង​ស្នាដៃ​ការងារ​របស់ ទី​តា ដែល​ត្រូវ​ជាមួយនឹង Concept សម្លៀកបំពាក់​ខ្ញុំ​មែនទែន​។ ខ្ញុំ​សម្រេចចិត្ត​ទាក់ទង​ទៅ​គាត់ ពិភាក្សា​ពី​គំនិត​ដែល​ខ្ញុំ​មាន ក៏ដូចជា​អំពី​ប្រធានបទ​សហគមន៍​ស្រលាញ់​ភេទ​ដូចគ្នា (LGBTQI+)​។ ទី​តា បាន​យល់ស្រប ហើយក៏​ផ្ដល់យោបល់​ក្នុងការ​ទាក់ទង​ទៅ ហ្វុ​ង​គី រួច​ក៏មាន​សិល្បករ​ផ្សេងៗ​ដល់​ទៅជិត ២០ ​នាក់​ទៀត​។ វា​ក្លាយជា​គម្រោង​ដ៏​ធំ ដែល​ខ្ញុំ​មិន​នឹកស្មាន​ដល់​»​។​

​ក្នុងនោះ​មាន​គំនូរ​ឌីជីថល ពី​នរោត្តម ក្រា​ហិ្វ​ក​ឌី​ហ្សា​ញ ដោយ Jean Baptiste Carraro គំនូរ​បែប​ក្រា​ហ្វី​ធី ដោយ សុខ​ហេង និង ហ្វុ​ង​គី ចម្លាក់​ដោយ រ៉ូ​ម៉ា គូរ​ដោយ រី​សា សាក់​ដោយ ថរ គំនូរ​អរូបី ដោយ ដុន​វី​រ៉ាវ គំនូរ​ប្រពៃណី​ជាមួយ​ប្រេង​ដោយ គីម​សាន និង​គំនូរ​អក្សរឆ្លាក់​ដោយ យ៉ា​លាវ​។​

​ចំណោម​រូប​ទាំងនោះ ស្នាដៃ​ឈ្មោះថា Hermaphrodite ដែល​សម្គាល់ មនុស្ស សត្វ ឬ​រុក្ខជាតិ មាន​សរីរាង្គ​ភេទ​ទាំងប្រុស និង​ស្រី ដោយ​លោក ហ្វុ​ង​គី បាន​ប្រើ​ក្បាច់​ក្រា​ហ្វី​ទី​បញ្ចូល​គ្នា​ជាមួយ​ស្នាដៃ​ថតរូប​របស់ ទី​តា ដោយ​មិន​ធ្វើឱ្យ​វា​លុប​ពីលើ​គ្នា​។​

​ទី​តា ឱ្យដឹង​ដែរ​ថា កញ្ញា​រីករាយ​ណាស់ ដែល​ស្នាដៃ​របស់​កញ្ញា​មានការ​ទទួលស្គាល់ និង​ទុកចិត្ត​ពី​សិល្បករ​ដែលមាន​គំនិត​ច្នៃប្រឌិត​ម្នាក់ទៀត​។​

​សិល្បការិនី​ជំនាញ​ថតរូប​សិល្បៈ​រូបនេះ​បាន​និយាយថា​៖ «​នេះ​គឺជា​លើក​ទី​១ ដែល​ខ្ញុំ​ចូលរួម​ជាមួយ​ហ្វេ​ស្សិន​ដល់​កម្រិត​នេះ​។ ការបញ្ចូល​គ្នា​នៃ​សិល្បៈ​ផ្សេងៗ​ក្នុងការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ជា​អ្វីដែល​ប្រទេស​កម្ពុជា ​មិនមាន​ជា​យូរ​មកហើយ ហើយ​ការនាំយក​វា​មកវិញ តាម​កម្មវិធី​នេះ ជា​បទពិសោធ​ដ៏​ពិ​សេសមួយ​សម្រាប់​ខ្ញុំ​»​។​

​ហ្វុ​ង​គី ក៏​និយាយ​ដូចគ្នា​ថា លោក​ធ្លាប់តែ​ចូលរួម​ជាមួយ​ប្រេ​៊​ន​ដ៍​ស្បែកជើង អាវយឺត​បែប​ធម្មតាៗ មិន​ធ្លាប់​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ដូច រ៉េ​នៀ នោះទេ​។​

​សិល្បករ​ខ្មែរ​-​បារាំង​រូបនេះ​បន្ថែមថា​៖ «​យើង​ត្រូវមាន​ការរៀបចំ​ច្រើន​។ យើង​បាន​អញ្ជើញ​សិល្បករ ធ្វើការ​ពន្យល់​ពួកគេ​ពី​ប្រធានបទ ហើយ​ពួកគេ​ក៏​រីករាយ​ក្នុងការ​ចូលរួម ដោយមាន​ទាំង​សិល្បករ​ជាតិ និង​អន្តរជាតិ​។ យើង​បានផ្ដល់​សេរីភាព​ពួកគាត់​ក្នុងការ​បញ្ចេញស្នាដៃ ទៅតាម​ប្រធានបទ​។ វា​ជា​ដំណើរ​ដ៏​ល្អប្រសើរ និង​រីករាយ​»​។​

​បើទោះជា​ការរៀបចំ ក្នុងអំឡុង​​ពេល​កូ​វីដ តែ រ៉េ​នៀ ថា ពួកគេ​នៅតែ​មមាញឹក​ដោយ​ការជួប​ជុំគ្នា តាម​កម្មវិធី Zoom ធ្វើ​ផែនការ តាម​មុខងារ​រៀងខ្លួន ដូចជា​លោក​ទទួលបន្ទុក​ការ​រចនា រីឯ ទី​តា និង ហ្វុ​ង​គី ចាត់ចែង​ការរៀបចំ​ប្លង់ និង​ភ្លើង​។ ដូច្នេះ​នៅពេលដែល​ការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ ពួកគេ​បានចាប់ផ្តើម​ថត​ភ្លាមៗ​នៅ Studio KH​។​

សកម្មភាព​សិល្បៈ​ច្រើនទម្រង់​មាន​ទាំង​ការសាក់ គូររូប និង​ការដើរ​ម៉ូដ។ រូបថត សហការី

​កម្មវិធី​ធ្វើឡើង​ដោយ​ផ្អែកលើ​ទេវ​កថា ៣ ពី ក្រិ​ក ហិណ្ឌូ និង​ហ្វីលីពីន ដោយសារ ហ្វុ​ង​គី និង ទី​តា ជា​ខ្មែរ ហើយ​ទាំងអស់គ្នា​ចង់​ឆ្លុះបញ្ចាំង​តម្លៃ​ស្នូល​នៃ​វប្បធម៌​របស់​ពួកគេ ដែល​កើតចេញពី​សាសនា​ហិណ្ឌូ​។

​ដោយឡែក រ៉េ​នៀ ជា​ជនជាតិ ហ្វីលីពីន ហើយ​វប្បធម៌​ក្រិ​ក ជា​ស្នូល​បំផុសគំនិត​ក្នុង​វិស័យ​ហ្វេ​ស្សិន និង​កាយវិការ​ទម្រង់​រូបថត​។​

​អ្នក​ច្នៃ​ម៉ូដ​ហ្វីលីពីន​រូបនេះ​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ពិព័រណ៍​នេះ​ពិតជា​ជំរុញ​ការច្នៃប្រឌិត​របស់​សិល្ប​ករ​ទៅ​កម្រិត​ ១ ​ទៀត ហើយ​បានបង្ហាញ​ឱ្យឃើញ​ពី​ភាពស្រស់ស្អាត ដែល​យើង​ធ្វើ​រួមគ្នា តាមរយៈ​ទេពកោសល្យ​យើង​រៀងខ្លួន ដោយ​ផ្ដោតទៅលើ​ទិសដៅ​តែមួយ ដើម្បី​ជា​កម្លាំង​ជំរុញ​ចិត្ត និង​បើក​ការសន្ទនា​»​។​

​លោក អា​ដាំ រ៉​ត​វ៉ែល ជា​អ្នករៀបចំ​កម្មវិធី​ម្នាក់ទៀត​ឱ្យដឹង​ដែរ​ថា មួយចំណែក​នៃ​ការលក់​ស្នាដៃ​សិល្បៈ​បាន និង​បរិច្ចាគ​ទៅ​សហគមន៍​ឥន្ទធនូ​-​កម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល​គាំទ្រ​ដល់​សហគមន៍​ស្រលាញ់​ភេទ​ដូចគ្នា LGBTQI+ ព្រោះ​គុណ​តម្លៃ​របស់​ពួកគេ​មាន​ទិសដៅ​ស្រប​ជាមួយនឹង​ពិព័រណ៍ «​លោ​កុប្ប​ត្តិ ២០២១» នេះ​តែម្ដង​៕​