​ភ្នំពេញ: សម្រាប់​អ្នក​ពេញនិយម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ប្រកប​​ដោយ​ស្ដង់ដា​អន្ដរជាតិ អ៊ីចឹង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​ចុង​ខែម​ករានេះ​ប្រាកដជា​អាច​ផ្គាប់​ចិ​ត្ដ​អតិថិជន​ដែលមាន​ចាប់ពី​គ្រឿងក្រអូប ចំណីអាហារ​ផលិតផល​សុខភាព​និង​បរិក្ខារ​នានា​។

​ដោយ​ត្រៀម​បង្ហាញ​ផលិតផល​ជាតិ​នៅ​ទីក្រុង​បុរាណ​សៀមរាប និង​រាជធានី​ភ្នំពេញ ក្រុម​អ្នករៀបចំ​កម្មវិធី​បាន​អញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ក្នុងស្រុក​ទាំងអស់​ចូលរួម «​ពិព័រណ៍​ផលិតផល​ប្រកបដោយ​មោទនភាព​»​។

​ក្រុម​អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍​នេះ ក៏​អំពាវនាវ​ឱ្យ​អតិថិជន​ជា​ពលរដ្ឋ​ខ្មែរ និង​អ្នក​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា ​ទាំង​​អស់​គាំទ្រ​ក្រុមហ៊ុន​ផលិតផល​ក្នុងស្រុក ដោយ​ការចូល​ទស្សនា​ពិព័រណ៍ និង​ទិញ​ផលិតផល​ក្នុងស្រុក​ទាំងនោះ​។

​លោក Romano Pierre-Andre ជា​ដៃគូ​ស្ថាបនិក​ក្រុមហ៊ុន Beyond Retail Business Cambodia (BRB) Cambodia ​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ ដែល​តំណាងឱ្យ សហគ្រាស​ខ្មែរ​បានឱ្យដឹងថា​៖ «​កម្ពុ​ជាមាន​ផលិតផល​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន និង​មាន​ផលិតផល​គួរ​ជា​មោទនៈ​ជាច្រើន​ថែមទៀត​ នៅពេល​ផ្ដោតលើ​ផលិតផល​សិប្បកម្ម​ដោយ​បច្ចេកវិទ្យា និង​ដោយ​ដៃ​ផ្ទាល់​»​។​

ផលិតផល​នឹង​ត្រូវ​ធ្វើតេស្ដ​រក​​ប្រភព​ និងគុណភាពស្ដង់ដា​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

​លោក​បាន​បន្ដថា​៖ «​ពិព័រណ៍​របស់​យើង​ទាំង​នៅ​សៀមរាប និង​ភ្នំពេញ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ផ្សព្វ​ផ្សាយ​ផលិតផល​ខ្មែរ​ប្រកបដោយ​មោទនភាព​។ ដូច្នេះ យើង​លើក​ទឹក​ចិ​ត្ដ​ក្រុមហ៊ុន​កម្ពុជា​ទាំងអស់​ចូលរួម​ជាមួយ​យើង​ក្នុង​ការតាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​។ យើង​ក៏​អញ្ជើញ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​នៅ​កម្ពុជា​ទាំងអស់​រីករាយ​ជាមួយ​កម្ពុជា​និង​ផលិតផល​កម្ពុជា​ក៏ដូចជា​មកជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​ផងដែរ​»​។

​ផលិតផល​ខ្មែរ​ទាំងអស់​ចាប់ពី​បរិក្ខារ​ផ្ទះសំបែង ហ្វា​សសិន និង​គ្រឿង​តុបតែង​នានា ចំណីអាហារ និង​កសិឧស្សាហកម្ម​ក៏ដូចជា ផលិតផល​សុខភាព និង​គ្រឿងក្រអូប តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​ក្នុង​ពិព័រណ៍​ជា​ស៊េរី​មួយ​នៅ​ក្រុង​សៀមរាប និង​បេះដូង​រាជធានី​ភ្នំពេញ​ក្នុង​ខែមករា និង​កុម្ភៈ​ខាងមុខ​។​

​យោងតាម​សហគ្រិន​ខ្មែរ ដែលជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា ផលិតផល​ខ្មែរ​ទំនើប​ទាំងនោះ​មាន​កម្រិតស្ដង់ដា​​ខ្ពស់ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផ​នាំចូល​ពី​បរទេស​។​

​ក្រុមហ៊ុន​ផលិតផល​ខ្មែរ​ដែលមាន​បំណង​ចង់​ចូលរួម​ក្នុង​ការតាំង​បង្ហាញ​ផលិតផល​នេះ នឹង​តម្រូវ​ឱ្យបំពេញ​នូវ​លក្ខណៈវិនិច្ឆ័យ​មួយចំនួន រួមទាំងការធ្វើ​តេស្ដ​ទាក់ទង​នឹង​ប្រភព និង​គុណភាព​នៃ​ផលិតផល​។ ក្រុមហ៊ុន​ទាំងនោះ​ក៏​តម្រូវឱ្យ​ផ្ដល់ព័ត៌មាន​អំពី​ការទទួលខុសត្រូវ​ចំពោះ​ក្រមសីលធម៌​របស់​ក្រុមហ៊ុន​ផងដែរ​។​

​លោក Romano Pierre-Andre បាន​លើកឡើងថា​៖ «​អ្នក​ដែល​ចូល​​រួម​ទស្សនា និង​ទិញ​ផលិតផល​ក្នុងស្រុក​អាច​ទទួលបាន​នូវ​ការ​ធានាថា រាល់​ផលិតផល​ទាំងអស់​ត្រូវតែ​គោរព​តាម​ស្ដង់ដា និង​ការទទួលខុសត្រូវ​ប្រក​ប​ដោយ​ក្រមសីលធម៌​»​។​

​លោក​បាន​បន្ដថា​៖ «​លើសពីនេះ​គោលបំណង​របស់​យើង​គឺ​ចង់​បង្ហាញថា ផលិតផល​ដែល​បំពេញ​តាម​ស្ដង់ដា​គុណភាព​ទាំងនោះ​សុទ្ធតែ​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ពី​បរទេស​បាន​។ យើង​ធានាថា​អតិថិជន​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​នឹង​ពេញចិត្ដ​ចំពោះ​ផលិតផល​ដែល​ដាក់តាំង​បង្ហាញ​ទាំង​​អស់នោះ​»​។​

ផលិតផល​ស្ករ​ត្នោត និង​ស្ក​រផែន​ នៅ​ខេត្ត​សៀមរាប​។ហុង មិនា

​ក្រុមហ៊ុន​កម្ពុ​ជាណា​ដែលមាន​បំណង​ចង់​ដាក់ពាក្យ​ចូលរួម​ទទួល​ការជ្រើសរើស​ ដើម្បី​បាន​តាំង​បង្ហាញ​និង​លក់​ផលិតផល​របស់ខ្លួន អាចធ្វើ​ការទាញយក និង​ដាក់​ពាក្យសុំ​តាមរយៈ​តំណ​ភ្ជាប់​នេះ​ https://forms.gle/v89G3maFY1E6yn7Z8​។​

​ជីបម៉ុង​ហ្វូ​ដ ផេ​ន​ដា និង​អង្គរ​ដាវី​គឺជា​ម្ចាស់​ឧបត្ថម្ភ​ពិព័រណ៍ «​មោទនភាព​​កម្ពុជា​»​។

​ពិព័រណ៍​ផលិតផល​ខ្មែរ​លើក​ទី​១ ​នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​អង្គរ​ប៉ា​វី​ស​ក្នុង​ក្រុង​សៀមរាប​នៅ​ថ្ងៃទី ​៨ ខែ មករា ឆ្នាំ ​២០២២​។ ពិព័រណ៍​លើក​ទី​២ ​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ផ្សារ​ទំនើប​ជីបម៉ុង Noro Mall រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​២២ ខែមករា​។ ចំណែកឯ​ពិព័រណ៍​លើក​ទី​៣ គ្រោង​រៀបចំឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង SenSok Mall នៅ​ថ្ងៃទី ​២៩ ខែមករា​។​

​សម្រាប់​ព័ត៌មាន​លម្អិត សុំ​ទាក់ទង​សហគ្រិន​ខ្មែរ​ដែល​អនុវត្ដ​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ស្ថាប័ន​ដៃគូ និង​អត្ថគាហកៈ ដើម្បី​កសាង​គ្រប់​សកម្មភាព​របស់​វិស័យ​សហ​គ្រិន​ភាព http://www.khmerenterprise.info ឬ​ក្រុមហ៊ុន Beyond Retail Business Cambodiahttp://www.brb-cambodia.com៕

ផលិតផលខ្មែរនាំយកមកពិព័រណ៍​មាន​ហ្វេសសិន និងគ្រឿងលម្អ​។ហេង ជីវ័ន