​ភ្នំពេញ: ជាមួយ​ការបោះ​ជំហាន​ឈាន​ចាប់​គម្រោង​និរន្ដរភាព​ក្នុងការ​​ជួយ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​សំណង់​មិន​រៀបរយ​អាច​ឈរ​រឹង​ដៃ​រឹង​ជើង បន្ថែម​ពីលើ​បេសកកម្ម​កាត់បន្ថយ​ជន​​អសមត្ថភាព​នៅក្នុង​ប្រទេស​កម្ពុជា ដែល​លើកកម្ពស់​ជីវភាព​រស់​នៅតាម​រយៈ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការអប់រំ​ដល់​ស្ដ្រី​មេម៉ាយ កុមារកំព្រា ជនក្រីក្រ និង​ជនភៀសខ្លួន អង្គការ​ទ្រទ្រង់​ជន​អសមត្ថភាព​កម្ពុជា (DCO) ស្វែងរក​ជម្រក និង​ដី​កសិកម្ម​សមរម្យ​ដោយ​ការចំណាយ​ប្រាក់​ជួល​ដី​ឱ្យ​ពួកគេ​រយៈពេល ២​ ឆ្នាំ​ដំបូង​។

​ក្រោយ​ទទួលផល​គម្រោង​និរន្តរ​ភាព ពលរដ្ឋ​អសមត្ថភាព​ទាំងនេះ មានលទ្ធភាព​បង់ថ្លៃ​ជួល​ដី​ខ្លួនឯង ដោយ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​។ បច្ចុប្បន្ន ជីវភាព​ពួកគេ​បាន​ប្រសើរ​ដោយ​ពួកគេ​អាច​ដាំ​ដុះ​បន្លែ និង​មាន​ទីផ្សារ​សម្រាប់​បោះ​ដុំ​បន្លែ​ផងដែរ​។​

​លោក សោម សំអុល ជា​ប្រធាន​កម្មវិធី​របស់​អង្គការ DCO បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​គម្រោង​នេះ​បាន​ណែនាំ​ពួកគេ​ទៅកាន់​បណ្តាញ​ទីផ្សារ និង​ជួយ​បង់ថ្លៃ​ជួល​ដី​របស់​ពួកគេ​សម្រាប់​រយៈពេល ២ ​ឆ្នាំ​ដំបូង​។ យើង​ជឿថា នេះ​ជា​ដំណោះស្រាយ​យូរអង្វែង​ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​អ្នករស់នៅ​អនាធិបតេយ្យ​ទាំងនេះ​»​។​

​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៩ និង​ក្លាយជា​អង្គការ​ចុះបញ្ជី​នៅ​ឆ្នាំ​ ២០០៩ អង្គការ DCO ស្ថិតក្រោម​ការ​​ដឹកនាំ​របស់​សហ​ស្ថាបនិក​កម្ពុជា លោក ភោគ សំអឿន និង​លោក លោក ដេ​វី​ឌ ជ​.​អា​ស្តុ​ន (David G. Aston) ជា​ជនជាតិ​កាណាដា​។

​លោក សោម សំអុល បាន​បន្ដថា​៖ «​យើង​មានបំណង​ចូលរួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍ​កម្ពុជា​ទៅជា​ប្រទេស​សេរី និង​ប្រជាធិបតេយ្យ កាត់បន្ថយ​ជន​អសមត្ថភាព​ក្នុងប្រទេស ដោយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ស្ត្រី​មេម៉ាយ កុមារកំព្រា ជន​​ក្រីក្រ និង​ជនភៀសខ្លួន​តាមរយៈ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអប់រំ​ផ្សេងៗ​ទៀត​»​។​

សមាជិកអង្គការចុះត្រួតពិនិត្យ​គម្រោង​និរន្ដរភាព​កសិកម្ម​​​។ រូបថត សហ​ការី

​លោក​បានឱ្យដឹងថា អង្គការ​បាន​អនុវត្ត​គម្រោង​របស់ខ្លួន​ទៅតាម​ត​ថ​ភាពជាក់ស្ដែង​របស់​ប្រជាជន​តាម​ភូមិ ស្រុក ជាមួយ​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និង​ចាប់ផ្ដើម​ពង្រីក​សកម្មភាព​ដល់ភ្នំពេញ ជួយ​តំបន់​មិន​រៀបរយ​។

​ថ្វីដ្បិតតែ​រីករាយ​ជាមួយ​គម្រោង​មុនៗ ដែល​ជួយ​ឱ្យ​ប្រជាជន​ទ្រទ្រង់​ជីវភាព​គ្រួសារ​យ៉ាងណាក៏ដោយ ក៏​អង្គការ​មានបំណង​ផ្ដល់​ក្ដីសង្ឃឹម​ថ្មី ដែល​មិន​បែកបាក់​សមាជិក​ក្នុង​គ្រួសារ និង​ប្រឈម​ហានិភ័យ​នានា​។

​ប្រធាន​កម្មវិធី​រូបនេះថា​៖ «​គម្រោង​ជាច្រើន​ទៀត​ដូចគ្នានេះ​នឹង​នាំឱ្យ​អ្នក​រស់នៅក្នុង​តំបន់​អនាធិបតេយ្យ​កម្ពុជា​ត្រឡប់​ទៅរក​ក្តីសង្ឃឹម​ថ្មី ក៏ដូចជា​នាំមក​នូវ​ការជួបជុំ​គ្រួសារ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការជួញដូរ​មនុស្ស​»​។​

​ប៉ុន្តែ​ស្ថានភាព​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង​ក្នុង​ឆ្នាំ ​២០២០ ដោយ​​សារ​ជំងឺ​កូ​វីដ ​១៩​។ ចាប់តាំងពី​ពេលនោះ​មក អង្គការ​បានចាប់ផ្តើម​ការងារ​សប្បុរសធម៌​របស់ខ្លួន ដោយ​ការ​រៃ​​អង្គាស​ថវិកា​ ដើម្បី​ជួយ​ដល់​អ្នក​រស់​នៅក្នុង​សំណង់​មិន​រៀបរយ​។

អង្គការ DCO យកស្បៀង និង​សម្ភារប្រើប្រាស់ចែកជូនពលរដ្ឋក្រីក្រ។ រូបថត សហ​ការី

​អង្គការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល ម្ចាស់ជំនួយ បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល វិស័យ​ពាក់ព័ន្ធ និង​សហគមន៍​គោលដៅ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ និង​ឱកាស​ពិតប្រាកដ​ដល់​ជីវិត​របស់​ពួកគេ​។​

​ប្រធាន​កម្មវិធីបន្ដថា​៖ «​សម្រាប់​គម្រោង​នីមួយៗ បុគ្គលិក DCO បានធ្វើ​ការស្ទង់មតិ​វាយតម្លៃ ដើម្បី​ទំនាក់​​ទំនង​ទៅ​គ្រួសារ​នីមួយៗ​។ ជាក់ស្ដែង គម្រោង​បច្ចុប្បន្ន​នៅ​បឹងទំពុន DCO បាន​អញ្ជើញ​មេ​គ្រួសារ ៨៧​ គ្រួសារ​មក​ពិភាក្សា​អំពី​គម្រោង ដើម្បី​ស្វែង​​យល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ស្ថាន​ភាព និង​តម្រូវការ​របស់​ពួកគាត់​»​។​

​លោក សំអុល អាយុ ៤០ ​ឆ្នាំ បាន​បន្ថែមថា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំនេះ រាល់​គម្រោង​ស្ថិតក្នុង​ការពិចារណា ម្ចាស់​​ជំនួយ​មួយចំនួន​មិន​ទទួល​គម្រោង​ក្នុងស្ថានភាព​ច្របូកច្របល់​នេះ ខណៈ​ម្ចាស់ជំនួយ​ជាច្រើន​នាក់​បាន​ដកខ្លួន នាំឱ្យ​មូលនិធិ​ត្រូវបាន​ថយចុះ​។​

​ដូច្នេះ​ពេលនេះ DCO កំពុង​ស្វែងរក​មូលនិធិ ដើម្បី​ជួយ​ដល់​គ្រួសារ​រស់នៅ​តំបន់​អនាធិបតេយ្យ​បឹងទំពុន​។ ដោយ​ធម្មតា​ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត ពួកគាត់​ទៅ​នេសាទ ដាំ​ត្រកួន​លក់ រើស​អេតចាយ ឬ​ធ្វើ​ការងារ​ដែលមាន​ប្រាក់កម្រៃ​ទាប​។

​គ្រួសារ​ទាំងនេះ​ច្រើន​រស់នៅ​តំបន់ ដែល​គេ​ចាត់ទុកថា​ខុសច្បាប់ ព្រោះ​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ងាយ​រង​ការបណ្តេញ​។

​អង្គការ​ DCO បណ្ដុះបណ្ដាល​ពលរដ្ឋ​ដាំដុះ​បន្លែ​ និងស្វែង​រក​ទីផ្សារ​ជូន​ពួកគេ​។ រូបថត សហ​ការី

​លោក សំអុល ថា DCO អំពាវនាវ​រក​ការបរិច្ចាគ ក្នុង​គោលបំណង​ជួយ​ដល់​គ្រួសារ​ចំនួន ១៥០ ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ដោយ​​សារ​តែ​លំនៅឋាន និង​កន្លែងធ្វើការ​រប​ស់​ពួកគេ​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ហើយ​ដី​ក្នុង​ទី​ទំនាប​ពួកគេ​ត្រូវ​ចាក់​បំពេញ​។​

​លោក​លើកឡើងថា ប្រាក់​បរិច្ចាគ​នឹងត្រូវ​បាន​ប្រើ​លើកស្ទួយ​ជីវភាព​រស់​​នៅ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការបណ្តុះបណ្តាល​ដាំ​ដុះ​បន្លែ​ប្រកបដោយ​និរន្តរភាព​។ អង្គការ​ក៏​ផ្តល់ឱ្យ​ពួកគេ​នូវ​គ្រាប់ពូជ ឧបករណ៍​កសិកម្ម ក៏ដូចជា​ស្វែងរក​កន្លែង​សមរម្យ​សម្រាប់​ពួកគេ​ក្នុង​ការតាំង​លំនៅ​។

DCO និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលទៅ​កាន់​តំបន់​ក្រហម ដើម្បី​ជួយ​ដល់​គ្រួសារ​អនាធិបតេយ្យ ៦៧២ ដោយមាន​ការផ្ដល់​ស្បៀងអាហារ​ពី​ក្រុម​មនុស្សធម៌​ក្នុងស្រុក អង្គការសហប្រជាជាតិ​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR-Cambodia), Arcaid Charity in UK និង លោក គួច ម៉េង​លី តាមរយៈ​មូលនិធិ ម៉េង​លី ជេ​. គួច​។​

​លោក សំអុល បញ្ជាក់ថា​៖ «​អ្នក​ទទួលផល​ពី​គម្រោង​បច្ចុប្បន្ន ៣៧ ​នាក់ បាន​រួច​ផុតពី​ទុក្ខវេទនា​នៃ​វិបត្ដិ​កូ​វីដ​នេះ ដោយ​ពួកគាត់​អាច​រស់នៅក្នុង​ក្រុមគ្រួសារ​តូចៗ ក្នុង​បរិយាកាស​បើកចំហ និង​បន្ត​ការប្រកប​របរ​ចិញ្ចឹមជីវិត​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​»​។​

​សម្រាប់​អ្នក​ចង់​ចូលរួម​បរិច្ចាគ អាចធ្វើ​បាន​តាម ABA: Som Sam Ol, 000130491, ACLEDA: DCO-Kadoorie2, 0400-01-047112-1-2៕