ភ្នំពេញ: ទិវា​អា​នី​មេ នឹង​ប្រមូលផ្ដុំ​ស្នាដៃ​ពី​សិល្បករ​ពី​ហាង​នានា ការ​​តាំង​លក់​ផលិតផល​អា​នី​មេ តូប​លក់​សៀវភៅ​គំនូរជីវចល កម្មវិធី​កម្សាន្ត ការប្រកួត​តែងខ្លួន cosplay ការលេង​ហ្គេម​អេឡិចត្រូនិក ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២២ ខែមករា ខាងមុខ ដែល​រៀបចំឡើង​ដោយ Friends Futures Factory (F3)​។

F3 គឺជា​គម្រោង ​១ ​ដែល​បែក​ចេញពី​អង្គការ Friends International និង​ជា​កន្លែង​ផ្ដល់​សេវាកម្ម​ដល់​សហគ្រិន អ្នក​ច្នៃប្រឌិត​ដែល​ចង់បង្ហាញ​សមិទ្ធ​​ផល ការសម្ដែង របកគំហើញ​ថ្មីៗ ឬ​ការបញ្ចេញ​មតិយោបល់​ប្លែកៗ​តាមរយៈ​ពិព័រណ៍ និង​សិក្ខាសាលា​។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយ​ឃើញ​ការពេញនិយម​តុក្កតា​បែប​អា​នី​មេ ច្រើន​ក្នុង​ស្រទាប់​យុវវ័យ F3 ឆ្លៀតឱកាស​នេះ​រៀបចំ​កម្មវិធី ទិវា​អា​នី​មេ​ឡើង​។ ជាក់ស្ដែង​គម្រោង​មាន​តាំងពី​ឆ្នាំមុន ខែកុម្ភៈ តែ​ត្រូវ​ពន្យារ​រហូត​ទើបនឹង​រៀបចំ​ឡើងវិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​

​លោក ហុង បញ្ញា អ្នក​សម្រប​-​សម្រួល​នៅ F3 ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ថា​៖ «​យើង​សង្កេតឃើញ​ពី​ការ​ពេញ​​និយម​របស់​យុវវ័យ​ទៅលើ អា​នី​មេនេះ​ទាំង​សាច់រឿង ការ​ស្លៀក​ឈុត ហើយ​មាន​តូប​លក់​សៀវភៅ មាំ​ង​ហ្កា ហាង​កាហ្វេ ផ្ដោតលើ​អា​នី​មេ កាន់តែ​កើនឡើង និង​កម្មវិធី​ស្លៀក​ឈុត​តាម​តុក្កតា​ក៏​ធ្វើ​ច្រើន​នៅ​ភ្នំពេញ​»​។

​លោក​បាន​បន្តថា​៖ «​ម្យ៉ាង​ដោយ​​សារ​យុវជន​ខ្មែរ ដែល​តែង​ទៅ​កន្លែង​យើង ពេល​ដើរ​មើល​ក្នុង​បរិវេណ ដែលមាន​លក់​ទាំង​រប​ស់​ហូប ហាង​កាហ្វេ តូប​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​យើង គាត់​ក៏បាន​សួរនាំ​ពី អា​នី​មេ និង​ស្នើឱ្យ​ពួកយើង​រៀបចំ​កម្មវិធី cosplay ដែល​ធ្វើឱ្យ​យើង​មានគំនិត​បំផុស ក្នុងការ​​បង្កើត​ទិវា​អា​នី​មេ​ឡើង​»​។​

ទិវាអានីមេ នឹង​មាន​ការ​តាំងផលិតផលពី​ហាង Anime D.Store+​​។ រូបថត សហ​ការី

F3 នឹង​សហការ​ជាមួយ សហគមន៍ និង​អាជីវកម្ម​ក្នុងស្រុក ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង អា​នី​មេ និង​មាំ​ង​ហ្កា រួម​​មាន មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ហាង Anime D.Store លោក សំ ដា​រ៉ូ ជា​សិល្បករ​គំនូរ​បង្កប់​អត្ថន័យ និង​អ្នក​គូររូប​ជា​សាច់រឿង និង​ច្រើន​ទៀត​។​

​លី ពេជ្រ​វ​ឌ្ឍ​នា អាយុ​ ២០ ​ឆ្នាំ សហ​ម្ចាស់​ហាង Anime D.Store ក៏បាន​ឱ្យដឹង​ដែរ​ថា នេះ​គឺជា​ការសហការ​លើក​ទី​១ ហើយ​ពួកគេ​រីករាយ​ខ្លាំង​ណាស់ ដោយសារតែ​កាលពី​លើក​មុន ពួកគេ​ធ្វើ​តែឯង ហើយ​ពិបាក​រក​កន្លែង​ធ្វើ​។ ប៉ុន្តែ F3 មាន​ទីតាំង​ផ្ទាល់ ដូច្នេះ​ពួកគេ​អាច​សហការ​ជាមួយគ្នា ហើយ​អាចធ្វើ​អី​បាន​ច្រើនជាង​មុន​។

​លោក សំ ដា​រ៉ូ ដែល​គំនូរ​អា​នី​មេ​របស់លោក​ផ្ដោតលើ​រចនាប័ទ្ម​អង្គរ​ប្រើ​ក្បាច់​ខ្មែរ លាយ​ជប៉ុន និង​បស្ចិម​​ប្រទេសបានឱ្យដឹងថា លោក​រីករាយ​នឹង​សហការ​ក្នុង​ព្រឹត្តិការណ៍​បែបនេះ ដែល​ផ្ដល់ឱកាស​ឱ្យ​លោក​បាន​ជួប​សិល្បករ ដែល​សុទ្ធ​តែមាន​ចំណូល​​ចិត្ត​ដូចគ្នា អាច​ផ្លាស់ប្ដូរ​បទពិសោធ និង​ជ្រើសរើស​អ្នកមាន​ទេពកោសល្យ​ចូលក្នុង​សហគមន៍​សិល្បៈ​។​

​ពេជ្រ​វ​ឌ្ឍ​នា ឱ្យដឹង​ដែរ​ថា​៖ «​យើង​នឹងមាន​ដាវ​ឈើ​សម្រាប់ cosplay បន្ដោង​សោ រ៉ូ​ប​តុក្កតា​ជប៉ុន ស្ទិ​ក​ឃ័​រ និង​មាន​លក់​សម្ភារ​ច្រើន​ទៀត​សម្រាប់​អ្នកគាំទ្រ​អា​នី​មេ និង​វប្បធម៌​ជប៉ុន​»​។​

​លោក សំ ដា​រ៉ូ ដែល​ទើបតែ​ចេញផ្សាយ​សៀវភៅ​រឿង​គំនូរ​អា​នី​មេ​របស់លោក មាន​ឈ្មោះថា «​នរៈ​» ប្រាប់​ដែរ​ថា​៖ «​ក្នុង​ទិវា​អា​នី​មេ​ខាងមុខ ខ្ញុំ​នឹងដាក់​តាំង​សៀវភៅ​រឿង​ដំបូង​របស់ខ្ញុំ «Nakrak»​ ស្ទិ​ក​ឃ័​រ​តួអង្គ​ពី​ក្នុង​សៀវភៅ និង​ស្នាដៃ​ផ្សេងទៀត ដែល​ខ្ញុំ​ធ្វើបាន​ពីមុនមក ហើយ​ខ្ញុំ​ក៏​នឹង​បញ្ចេញ​រូប​ ១ ដែល​ខ្ញុំ​ហៅថា អប្សរា ២០២២ ដែល​ខ្ញុំ​តែងតែ​ធ្វើការ​អាប់​ដេ​ត​វាពី​ ១​ ឆ្នាំ

​ទៅ​ ១ ​ឆ្នាំ​។ មួយទៀត ខ្ញុំ​មាន​គម្រោង​បញ្ចេញ​រូបភាព​ខ្លីៗ​ពី​សៀវភៅ​រឿង​ទី​២​ ត​ភាគពី​រឿង​ទី​១ ​របស់ខ្ញុំ​។ ប៉ុន្តែ​មិន​ច្បាស់​ទាំងស្រុង​ទេវា​នៅក្នុង​ដំណើរការ​»​។

F3 កន្លែង​ផ្ដល់​សេវាកម្ម​ដល់សហគ្រិន និង​អ្នកច្នៃប្រឌិត​​បង្ហាញ​សមិទ្ធផល និង​បញ្ចេញ​មតិ។ រូបថត សហ​ការី

​កម្មវិធី​រួមមាន​ការតាំង​លក់​ផលិតផល​អា​នី​មេ ការប្រកួត Cosplay ជាមួយ​រង្វាន់​ពិសេស ការតុបតែង​មុខ ម៉ូដ​​សក់ និង​ក្រចក​ជា​អា​នី​មេ ការ​កូដ​ឌី​សបែប Pop និង Rock របស់ ឌី​ជេ ជប៉ុន និង​កូរ៉េ តូប​លក់​សៀវភៅ​គំនូរជីវចល ការដូរ​កាត ការដាក់​បង្ហាញ​សិល្បៈ​បែប​អា​នី​មេ ការលេង​ហ្គេម​អេ​ឡិច​​ត្រូ​និក តូប​លក់​ត្បូងថ្ម តូប​អាហារ និង​អាហារសម្រន់​បែប ជប៉ុន និង​កូរ៉េ តែ​គជ់ ភេសជ្ជៈ​ក្រឡុក និង​ការ៉េម​។

​បញ្ញា បានឱ្យដឹងថា គោលបំណង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺ​ដោយ​​សារ​ពួកគេ​ជា​មជ្ឈមណ្ឌល​សហគមន៍ ដូច្នេះ ទិសដៅ​គឺ​បង្កើត​កម្មវិធី ដែលមាន​ភាព​រីករាយ និង​ច្នៃប្រឌិត​ដល់​យុវជន​នៅក្នុង​សហគមន៍​។

​បញ្ញា ថា​៖ «​កម្មវិធី​ធ្វើឡើង​ដើម្បី​ប្រមូល​សហគមន៍​អា​នី​មេ​ដែលមាន​ស្រាប់ ​ដើម្បី​ចែករំលែក​ចំណង់​ចំណូល​-​ចិត្ត​របស់​ពួកគាត់​ទៅ​អ្នក​ដទៃទៀត​»​។

​ពេជ្រ​វ​ឌ្ឍ​នា បញ្ចប់​ដោយ​ថ្លែងថា​៖ «​យើង​សង្ឃឹម​មាន​អ្នកចូលរួម​ច្រើន ពួកគេ​អាច​គិតថា​នេះ​ជា​កន្លែង​មួយ​បង្កើត​សម្រាប់​ទំនាក់ទំនង និង​ស្គាល់​អ្នកថ្មីៗ​ថែមទៀត​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ពិព័រណ៍​អាច​តាមដាន​បាន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Friends Futures Factory @friendsfuturesfactorykh៕