​ភ្នំពេញ: ទោះ​មមាញឹក​បីបាច់​កូន ៦ ​នាក់ ​នៅ​ក្រុង​ឡូ​ស​អេ​ន​ជើ​លេស ក្រោយ​លែងលះ​អតីត​ស្វាមី ប្រ៊េ​ដ ភី​ត ក្ដី​ក៏​តារា​ហូលីវូដ អេ​ន​ជើ​លី​ណា ជោ​លី នៅតែ​ចាត់ចែង​ពេលវេលា​ធ្វើ​កិច្ចការ​ជាមួយ​យុវជន​ទូទាំង​ពិភពលោក ដើម្បី​ជំរុញ​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។​

​តារាភាពយន្ត​ពាន​អូ​ស្កា​រវ័យ ៤៦ ​ឆ្នាំ​រូបនេះ បាននិងកំពុង​ប្រតិបត្តិការ​កម្មវិធី ម៉ា​ដុក​-ជោ​លី ក្រោម​ការមើល​ខុសត្រូវ​ដោយ​កូនប្រុស​ច្បង​វ័យ​ ២០ ​ឆ្នាំ​របស់​នាង ម៉ា​ដុក​-​ជោ​លី​-​ភី​ត ដែលមាន​ដើមកំណើត​ខ្មែរ​។​

​ជោ​លី ថ្មីៗ​នេះ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​អ៊ី​ន​ស្តា​ក្រាម​ដោយ​បរិយាយ​លម្អិត​ពី​កិច្ច​ការដែល​នឹង​ជំ​រុញឱ្យ​ក្មេងស្រី​អភិវឌ្ឍ​សមត្ថភាព​ដ៏​អស្ចារ្យ​។​

​ភ្ជាប់​នឹង​រូបថត​យុវតី​សិស្ស​វិទ្យាល័យ​សំឡូត ជោ​លី បានសរសេរថា​៖ «​ខ្ញុំ​បាន​សហការ​និង​អ្នកវិទ្យាសាស្ត្រ​អាមេរិក Gitanjali Rao ជា​យុវតី​វ័យ​ ១៥ ​ឆ្នាំ ជា​អ្នក​ច្នៃ​បង្កើត និង​ដោះស្រាយ​បញ្ហា​ដ៏​ឆ្នើម​»​។

​តារា​ហូលីវូដ​ស្រី​រូបនេះ​បាន​រៀបរាប់​ទៀតថា​៖ «​នាង​គឺជា​អ្នក​ជួយ​បំភ្លឺ​ផ្លូវ​ដល់​ក្មេងស្រី​ដទៃទៀត​ក្នុង​ពិភពលោក​ដើម្បី​ទទួលបាន​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​។ ក្មេងស្រី​ភាគច្រើន​ពុំ​ទទួលបាន​ការអប់រំ​បែបនេះ​ទេ ជាពិសេស​វិស័យ​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង (ICT) ដែលជា​វិស័យ​ដ៏​រីកដុះដាល​ការងារ​នា​ថ្ងៃ​អនាគត​»​។​

រូបភាព​យុវតី​សិស្សវិទ្យាល័យសំឡូត ក្នុង​ជំនួប​សិក្សា​អនឡាញ​។ រូបថត Instagram/Angelina Jolie

​មូលនិធិ​ ម៉ា​ដុក​-​ជោ​លី​-​ភី​ត បានធ្វើ​កិច្ចការ​ផ្ដោត​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ទីជនបទ ការពារ​បរិស្ថាន និង​អភិរក្ស​សត្វព្រៃ​នៅក្នុង​តំបន់​ពាយព្យ​ប្រទេស​កម្ពុជា​។​

​ដោយ​ផ្សារភ្ជាប់​យុវតី​កម្ពុជា​នឹង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ឆ្នើម​អាមេរិក​រូបនេះ ជោ​លី បន្តថា​៖ «២ ​ឆ្នាំ​ចុង​ក្រោយនេះ កូ​វីដ​បាន​បំផ្លាញ​ឱកាស​សិក្សា​ជា​​ច្រើន​របស់​ក្មេងៗ ប៉ុន្តែ​សិស្ស​ដូចជា​យុវតី​កម្ពុជា​ទាំងនេះ កំពុង​ជម្នះ​តស៊ូ​បន្ត និង​បញ្ចប់​ការសិក្សា​របស់​ពួកគេ​»​។​

​នាង​បាន​កោតសរសើរ​ផង​​ដែរ​ថា​៖ «​ខ្ញុំ​ពិតជា​ចង់ឃើញ​ក្មេងស្រី​ទាំងនេះ​ប្រាស្រ័យ​រកគ្នា​ដោយ​ពុំមាន​ឧបសគ្គ​ភាសា ឬ​វប្បធម៌ ហើយ​ខ្ញុំ​ចង់ឃើញ​យុវតី​ទាំងនេះ​លើកទឹកចិត្ត ជ្រោមជ្រែង និង​បង្រៀន​គ្នា​ទៅវិញទៅមក​»៕

ជោលី និង​កូនៗក្នុង​កម្មវិធីសម្ពោធភាពយន្ត​ក្រុងឡុងដ៍។ រូបថត AFP