ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្តាញសង្គម ខណៈយូរៗម្តងទើបឃើញមានលេចឮនូវដំណឹងពីអតីតតារាសម្តែងជើងចាស់ អ្នកស្រី អម្ពរ ទេវី ដែលកំពុងតែរស់នៅឯនាយសមុទ្រលើទឹកដីសហរដ្ឋអាមេរិក។
អ្វីដែលធ្វើគេចាប់អារម្មណ៍ខ្លាំងនោះ គឺនាដើមឆ្នាំ ២០២២ នេះ ស្រាប់តែអ្នកស្រី អម្ពរ ទេវី បានបង្ហើបដំណឹងដ៏សែនរីករាយ និងរំភើបចិត្ត ប្រៀបបីដូចជាទទួលបានកាដូពិសេស សម្រាប់ឆ្នាំថ្មី។
តារាភាពយន្តវ័យជាងហាសិបប្លាយឆ្នាំ ដែលជាដៃគូសម្តែងដ៏ស័ក្ដិសមជាមួយនឹងលោក ទេព រិន្ទដារ៉ូ បង្ហោះសារថា៖ «ជម្រាបសួរ ពុកម៉ែ អ៊ំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាង ខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ នោះគឺជាកំណើតចៅប្រុស ដំបូងរបស់នាងខ្ញុំ ឈ្មោះ Lionel G-Phirun ហៅ (អានន្ទ) Anun ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុងក្រុមគ្រួសាររបស់យើង»។
តារាជើងចាស់រូបនេះបន្តជូនពរជ័យដល់ចៅប្រុស និងកូនប្រសាស្រីថា៖ «ជាក្ដីសោមនស្សដ៏ពន់ពេក និងជាអារម្មណ៍មួយ-ដ៏ពិសេស ក្នុងនាមជាជីដូន ១ រូប និងជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុស មានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និងភាពកក់ក្ដៅពីអ្នកផងទាំងពួង»។
គួររំឭកដែរថា តារាភាពយន្ត មានវ័យហាសិបប្លាយអ្នកស្រី អម្ពរ ទេវី ធ្លាប់មកលេងមាតុប្រទេស និងបានថតកុនចុងក្រោយឱ្យផលិតករល្បីគឺអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងកុនរឿងមានចំណងជើង «ទឹកចិត្តម្តាយសម័យថ្មី» កាលពីឆ្នាំ ២០១៦៕