
ពពែចោមរោមស៊ីដើមគ្រិស្តស្មាស់ និងជាថ្នាំបញ្ចុះសត្វល្អិតពីធម្មជាតិ។ រូបថត AFP
ក្រុងឡុងដ៍: ពពែ ១ ហ្វូង ដែលសម្រុកចូលកសិដ្ឋានទីក្រុងឡុងដ៍ បាននាំគ្នាស៊ីដើមគ្រិស្ដស្មាស់រាប់រយដើម ជាការបរិច្ចាគរបស់ពលរដ្ឋក្នុងកិច្ចការរៃអង្គាសប្រាក់មួយ។
ពពែ ៨ ក្បាលស៊ីដើមស្រល់បោះចោល ដែលកសិដ្ឋានទីក្រុង Kentish Town City Farm ធ្វើការប្រមូលពីក្រៅផ្ទះប្រជាពលរដ្ឋក្នុងតំបន់។
សមាគម Trustee Angela Woods បានឱ្យដឹងថា៖ «គម្រោងនេះចាប់ផ្ដើមកាលពីឆ្នាំមុន នៅពេលបុគ្គលិកយើងម្នាក់ដែលស្រឡាញ់ចូលចិត្ដពពែ បានមើលឃើញវីដេអូពពែស៊ីដើមគ្រិស្ដស្មាស់ និងគិតថា អូ! ខ្ញុំអាចសាកល្បងធ្វើរឿងនេះ»។
ស្ដ្រីរូបនេះ បានពន្យល់ថា ចុងស្រស់មិនត្រឹមតែមានរសជាតិឆ្ងាញ់ តែក៏ជា «ថ្នាំបញ្ចុះសត្វល្អិតធម្មជាតិ» ចំពោះពពួកពពែទាំងនោះ រួមមានមេក្រុមអាយុ ៤ ឆ្នាំ Rockie បាននាំគ្នាស៊ីដើមឈើតាំងលម្អទាំងនោះ។
ក្នុងការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Twitter ហ្វូងពពែទាំងនោះឱនក្បាលគោរពក្រុមការងារដែលអូសដើមគ្រិស្ដស្មាស់ រួចកាត់ស្លឹកចុងៗ ពេលដេកក្នុងភក់។ ពួកគេស៊ីគ្រប់យ៉ាង លើកលែងដើមដ៏រឹង។
ក្រោយពីដំណើរការគម្រោងនេះកាលពីឆ្នាំមុន កសិដ្ឋានបានពង្រីកវិសាលភាពដល់ចំនួន ៦៥០ ដើម សម្រាប់ជាចំណីដ៏ឆ្ងាញ់ពិសារបស់ពពួកពពែ។ ចំណែកសេសសល់នឹងត្រូវដឹកទៅកាត់ចិញ្ច្រាំសម្រាប់ឧទ្យានក្បែរខាងនោះ។

រថយន្តវ៉ែនប្រមូលដើមគ្រិស្តស្មាស់តាមផ្ទះដែលសេសសល់ពីថ្ងៃបុណ្យ។ រូបថត AFP
ដើមគ្រិស្ដស្មាស់ត្រូវបានប្រមូលដោយក្រុមហ៊ុនរថយន្ដវ៉ែន ១ គ្រឿង ដែលអ្នកស្រុកបានកក់ទុកមុនក្នុងតម្លៃ ១៣,៥០ ដុល្លារ ខណៈតម្លៃ ២០,៣០ ដុល្លារ ពួកគេក៏ទទួលបានលិខិតថ្លែងអំណរគុណ ១ សន្លឹកផងដែរ។ ការរៃអង្គាសប្រាក់នោះ គ្រោងកំណត់ទឹកប្រាក់ ១១ ៥០០ ដុល្លារ។
សមាគម Woods បានបន្ដថា៖ «កុមារមួយចំនួនបានបិតលិខិតនោះលើដើមឈើឱ្យពពែវិញ»។
សម្រាប់ពលរដ្ឋក្នុងទីក្រុងដែលគ្មានសួន ឬឡដុតរំលាយដើមគ្រិស្ដស្មាស់ ដែលតាមប្រពៃណីត្រូវយកចេញពីកន្លែងតាំងលម្អនៅថ្ងៃទី ៦ ខែមករា គឺជារឿងដ៏គួរឱ្យឈឺក្បាលមួយ។
គម្រោងនេះ គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ ហើយវាក៏ល្អសម្រាប់ពពែ និងល្អសម្រាប់កសិដ្ឋានថែមទៀត។
នៅពេលកសិដ្ឋានជួបវិបត្ដិហិរញ្ញវត្ថុកាលពី ២ ឆ្នាំមុន ម្ចាស់ជំនួយជនជាតិរុស្ស៊ីដែលលាក់អត្ដសញ្ញាណម្នាក់ បានចូលខ្លួនមកជួយ និងបានផ្ដល់ប្រាក់ជាង ១៣ ម៉ឺនដុល្លារ ទ្រទ្រង់សេដ្ឋកិច្ចកសិដ្ឋានឡើងវិញ៕ AFP/HR