ភ្នំពេញ: ផ្ដើមចេញពីឧត្ដមគតិស្រឡាញ់ផលិតផលជាតិ យុវជនខ្មែរបានកែច្នៃម្រុំដ៏ពេញនិយមជា តែម្រុំ នំម្រុំឃុកគី ម្រុំសូកូឡា និងកាហ្វេម្រុំ បំពេញតម្រូវការអ្នកចូលចិត្ដបរិភោគម្រុំ ដែលជឿពីគុណប្រយោជន៍រុក្ខជាតិស្ទួយសុខភាព និងបន្ដអភិវឌ្ឍផលិតផលទៀបបារាំងនាំចេញប្រមាណ ១០០ ប្រទេសជុំវិញពិភពលោក។
លោក ជាង បូរ៉ា ស្ថាបនិកក្រុមហ៊ុន រ៉ា គីមឡុង បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សព្វថ្ងៃតែផ្លែទៀបបារាំង មានគេគាំទ្រច្រើន ហើយបានលក់ចេញក្រៅតាមរយៈការកុម្ម៉ង់ទៅជូនបងប្អូននៅក្រៅប្រទេសច្រើន។ វាអាចមានចន្លោះពី ៧០ ទៅ ១០០ ប្រទេស និងមានដៃគូសហការជាមួយជប៉ុន អាមេរិក ចិន និងបារាំង ដែលកុម្ម៉ង់ម្ដងពី ២០០ ទៅ ៥០០ សម្ពាយ ដើម្បីយកទៅលក់នៅស្រុកក្រៅតាមតំបន់ដែលខ្មែរនៅ»។
លោកបានអះអាងថា៖ «វាបានជួយមហារីកច្រើនប្រភេទ។ នៅពេលញ៉ាំតែនេះ វាធ្វើឱ្យត្រជាក់ បាយបាន សម្រាន្តលក់ស្រួល ទប់ស្កាត់ និងបំផ្លាញមេរោគមហារីក ក៏ដូចជារក្សាកោសិកាល្អ ជួយឱ្យឈាមដំណើរការល្អ ជួយតម្រងនោម ជួយកាត់បន្ថយភាពតានតឹង និងជួយឱ្យខួរក្បាលស្រឡះថែមទៀត»។
យ៉ាងណាមិញ ទម្រាំមានអតិថិជនជឿជាក់ និងទិញផ្ញើបងប្អូន ក៏ដូចជានាំទៅលក់បន្ដនៅតាមបណ្ដាប្រទេសជាច្រើន ម្ចាស់ផលិតផលក្នុងស្រុករូបនេះបានខិតខំសិក្សាស្រាវជ្រាវ បំណងចង់ឃើញផលិតផលខ្មែរនៅលើឆាកអន្ដរជាតិប្រកបដោយគុណភាព។
អតីតអ្នកបម្រើការក្នុងវិស័យវិទ្យាសាស្ដ្រកុំព្យូទ័ររយៈពេល ១០ ឆ្នាំ ដែលទទួលការបណ្ដុះបណ្ដាលពីប្រទេសជិតខាងបានបោះជំហានឈានចូលឧស្សាហកម្មផលិតផលិតផលអាហារសុខភាពដូចជា នំ កាហ្វេ និងតែធម្មជាតិជាច្រើនប្រភេទ ដោយបង្កើតក្រុមហ៊ុន រ៉ា គីមឡុង ក្នុងឆ្នាំ ២០១៤ ជាមួយឈ្មោះយីហោ «សញ្ញាដំរី»។
លោក បូរ៉ា អាយុ ៤១ ឆ្នាំ បានឱ្យដឹងថា ស្លាកសញ្ញាដំរី ចង់បញ្ជាក់ប្រាប់ពិភពលោកថា ខ្មែរមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយដំរីតាំងពីសម័យអង្គរ ដែលប្រកៀកស្មាប្រយុទ្ធលើសមរភូមិ។

ដោយទទួលការបណ្ដុះបណ្ដាលជំនាញផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រនៅប្រទេសវៀតណាម លោកចាប់ផ្ដើមគិតគូរលើការផលិតនូវផលិតផលជាតិ ដោយសារភ្ញាក់នឹងសម្ដីមិត្ដភក្ដិជាជនជាតិវៀតណាម។
លោកបានរំឭកថា៖ «នៅម៉ោងសម្រាកមួយ ដែលខ្ញុំ និងមិត្តភក្តិជជែកគ្នាលេង យុវជនវៀតណាមម្នាក់បានចោទជាសំណួរមកខ្ញុំថា ប្រទេសអ្នកមានដីល្អ អាចដាំដុះដំណាំផ្លែឈើ ចិញ្ចឹមត្រី និងសត្វបានច្រើន។ ប៉ុន្តែហេតុអ្វីមិនធ្វើ បែរជានាំចូលបន្លែ ត្រីសាច់ពីវៀតណាម?»។
អ្នកស្រុកស្អាងរូបនេះបន្តថា៖ «គេនិយាយដាក់យើងដោយចម្ងល់ថា មកពីប្រទេសយើងប្រជាជនមាន ហើយប្រទេសគេនៅក្រឬយ៉ាងណា ទើបគេមិនទាន់អាចបោះបង់ចោលនូវវិស័យកសិកម្ម និងផលិតកម្មបាន? ខ្ញុំហាក់មិនសប្បាយចិត្ត ព្រោះប្រជាជនគេសួរពីប្រទេសយើងហាក់ដូចគេសួរផ្ទះយើងអ៊ឹចឹង។ វាធ្វើឱ្យខ្ញុំផ្លាស់ប្ដូរគំនិតពេលមកស្រុកខ្មែរវិញ និងបន្តស្រាវជ្រាវរឿងហ្នឹង»។
ជាកូនអ្នកស្រែចម្ការម្នាក់ លោក បូរ៉ា ឱ្យដឹងទៀតថា លោកចង់ចូលទៅជួយក្នុងវិស័យផលិតកម្មតាមរយៈការដាំដុះ និងកែច្នៃជាផលិតផលសម្រេច ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។
ដោយមើលឃើញពីទំហំនៃការនាំចូលខ្ពស់រហូតដល់ចន្លោះពី ៧ ទៅ ១៥ កុងតឺន័រ បើធៀបនឹងការនាំចេញតែ ១ កុងតឺន័រ ក្នុង ១ សប្ដាហ៍ លោក បូរ៉ា ក៏សម្រេចចិត្ដបោះបង់វិទ្យាសាស្ដ្រកុំព្យូទ័រ និងចាប់យកផលិតកម្មវិញ។

លោក បូរ៉ា បានរៀនសូត្រផលិតតែលក្ខណៈគ្រួសារពីគ្រួសារវៀតណាម ដែលដំណើរការផលិតធ្វើដោយដៃភាគច្រើន។ លោកគិតថា ការផលិតតែដោយដៃ ពិតជាចំណាយពេលយូរ បូរ៉ា បានធ្វើដំណើរទៅប្រទេសចិន សិក្សាអំពីគ្រឿងម៉ាស៊ីន និងចូលរួមតាំងពិព័រណ៍ទាក់ទងនឹងវត្ថុធាតុផ្សំចំណីអាហារ។
លោកនិយាយថា៖ «យើងទទួលបានការសិក្សា ការកែច្នៃប្រឌិតឱ្យកាន់តែល្អ និងផ្សំជាមួយគ្រឿងម៉ាស៊ីន ដើម្បីឱ្យវាអាចផលិតបាន លឿន និងមានអនាម័យ។ ខ្ញុំក៏ទិញគ្រឿងម៉ាស៊ីនខ្លះចូលមក ឱ្យវាបានល្អជាងមុន»។
ផលិតផលសញ្ញាដំរី ទទួលបានសញ្ញាបនបត្រហាឡាល់ (Halal) ដែលគោរពតាមបទដ្ឋានសាសនាអ៊ិស្លាម ចេញពីក្រសួងសិប្បកម្ម និងក្រសួងសុខាភិបាលបានបង្កើតការងារដល់ពលរដ្ឋជាច្រើន មុនជំងឺរាតត្បាតសកលចូលមក។
លោកលើកឡើងថា៖ «ពីដើមមកខ្ញុំចងក្រងជាសហគមន៍តូច ១ នៅខេត្តកំពង់ស្ពឺ និងខេត្ដកណ្ដាលទាក់ទងនឹងម្រុំ ដូចជាលើផ្ទៃដី ៣-១០ ហិកតា។ ខ្ញុំរៀបចំសហគមន៍ដាំដុះតាមកន្លែង ដែលមានទីតាំងភូមិសាស្ត្រល្អ ដូចជាទៀបបារាំង គឺនៅខេត្តកោះកុង»។
យ៉ាងណាមិញ ការសិក្សាស្រាវជ្រាវក្នុងការបង្កើតជម្រើសផលិតបន្ថែម ត្រូវការពេលវេលាច្រើន ខណៈការដាំដុះពឹងអាស្រ័យលើធម្មជាតិក៏មានការប៉ះពាល់ខ្លាំងទៅលើទិន្នផលក្នុងខ្សែចង្វាក់ផលិតផងដែរ។
លោក បូរ៉ា បាននិយាយថា ធ្វើការជាមួយប្រជាជនមានផលលំបាកក្នុងការទាញពួកគាត់ឱ្យក្លាយជាកសិករដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ចំណែកកសិករជំនាញខ្លះ ធ្វើបានល្អហើយ បែរជាមិនគាប់ទីផ្សារ ដែលអាចនាំឱ្យមានការបាក់ទឹកចិត្ត។
លោកបានលើកឡើងទៀតថា ប្រជាជនគិតពីការចាយវាយ និងការហូបចុកជាមុន ដូចជាគាំទ្រប្រើផលិតផលផ្ដើមពីក្នុងចង្ក្រានបាយ ខ្មែរធ្វើបានកាពិ ប្រហុក ទឹកត្រី ស្ករហើយអ្វីដែលខ្មែរមិនទាន់អាចច្នៃផលិតបានចាំទិញពីគេ។
លោក បូរ៉ា បន្ថែមថា៖ «ជួយបានប៉ុណ្ណឹងច្រើនណាស់ហើយ ដោយមិនបាច់ណាត់ជួបគ្នា អង្គុយហូបកាហ្វេ ប្រេ៊នដ៍ Starbuck ចូលហាង ស៊ូស៊ី ហើយជជែកគ្នាថាចង់ជួយខ្មែរទេ។ ប៉ុន្តែទង្វើចេញមក គឺកំពុងតែគាំទ្ររបស់បរទេសបាត់ហើយ។ គាត់អាចជួយទិញ ជួយលក់ និងនិយាយតគ្នាពីផលិតផលខ្មែរខ្លួនឯង ដែលជាជ្រុងមួយបង្ហាញពីសកម្មភាពចង់ឱ្យសេដ្ឋកិច្ចខ្មែររីកចម្រើន»។
សិប្បកម្ម «សញ្ញាដំរី» សព្វថ្ងៃមានមូលដ្ឋាននៅឧដុង្គ ហើយសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook @elephantbrands៕