ក្រុងវ៉ាស៊ីនតោន: គ្រូពេទ្យវះកាត់សហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការវះកាត់ប្ដូរបេះដូងពីសត្វជ្រូកបំប្លែងហ៊្សែនឱ្យបុរសវ័យ ៥៧ ឆ្នាំម្នាក់។ នេះជាជំហានដំបូងផ្នែកវេជ្ជសាស្ដ្រដែលថ្ងៃណាមួយអាចជួយដោះស្រាយវិបត្ដិខ្វះសរីរៈផ្លាស់ប្ដូររ៉ាំរ៉ៃ។
សាលាវេជ្ជសាស្ដ្រនៃសាកលវិទ្យាល័យម៉ារីលែន បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា ការវះកាត់ «ប្រវត្ដិសាស្ដ្រ» បានធ្វើឡើងនៅថ្ងៃសុក្រ។ ខណៈបុរេនិមិត្ដរបស់អ្នកជំងឺស្ថិតនៅឆ្ងាយពីការពិត វាបង្ហាញពីជោគជ័យយ៉ាងធំធេងសម្រាប់ការវះកាត់ប្ដូរសរីរៈពីសត្វទៅមនុស្ស។
អ្នកជំងឺ ដេវីដ បេនណេត ត្រូវបានវាយតម្លៃថា មិនអាចវះកាត់ប្ដូរបេះដូងមនុស្ស ជាការសម្រេចចិត្ដដែលត្រូវបានធ្វើឡើងនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពលំបាកបំផុត។
ពេលនេះ លោកចាប់ផ្ដើមធូរស្បើយបន្ដិចម្ដងៗ និងត្រូវបានតាមដានយ៉ាងយកចិត្ដទុកដាក់ដើម្បីកំណត់ថា តើសរីរៈថ្មីមានដំណើរការយ៉ាងដូចម្ដេច។
ពលរដ្ឋនៅម៉ារីលែន រូបនោះ បាននិយាយមុនការវះកាត់ ១ ថ្ងៃថា៖ «វាជាជម្រើសស្លាប់រស់ថា តើទុកឱ្យស្លាប់ ឬក៏វះកាត់។ ខ្ញុំចង់រស់។ ខ្ញុំដឹងថា វាគ្មានពន្លឺនៃក្ដីសង្ឃឹមអ្វីទេ តែវាគឺជាជម្រើសចុងក្រោយរបស់ខ្ញុំ»។
លោក បេនណេត ដែលបានចំណាយពេលជាច្រើនខែចុងក្រោយនេះនៅលើគ្រែដោយមានជំនួយជួយបេះដូង និងសួត បានបន្ថែមថា៖ «ខ្ញុំទន្ទឹងរង់ចាំក្នុងការដើរចេញពីគ្រែពេទ្យក្រោយជាសះស្បើយ»។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានផ្ដល់សិទ្ធិអំណាចបន្ទាន់ចំពោះការវះកាត់កាលពីថ្ងៃឆ្លងបុណ្យគ្រិស្ដស្មាស់ ដោយសារវាជាជម្រើសចុងក្រោយរបស់អ្នកជំងឺ ដែលមិនអាចទទួលការវះកាត់បេះដូងមនុស្សដូចគ្នាបាន។
វេជ្ជបណ្ឌិត បាតលីហ្គ្រីហ្វហ្វីត ដែលធ្វើការវះកាត់បេះដូងជ្រូកបាននិយាយថា៖ «នេះជាការវះកាត់ដ៏សំខាន់ថ្មី និងជួយឱ្យយើងបោះជំហានទៅកៀកនឹងការដោះស្រាយបញ្ហាវិបត្ដិខ្វះសរីរៈពីអ្នកបរិច្ចាគ»។
ជនជាតិអាមេរិកប្រមាណ ១១ ម៉ឺននាក់ កំពុងរង់ចាំធ្វើការវះកាត់ប្ដូរសរីរៈ ហើយអ្នកជំងឺជាង ៦ ពាន់នាក់ទៀតបានស្លាប់រៀងរាល់ឆ្នាំមុនពេលទទួលការវះកាត់។ នេះបើយោងតាមតួលេខផ្លូវការ។
ដើម្បីបំពេញតម្រូវការ ក្រុមវេជ្ជបណ្ឌិតបានចាប់អារម្មណ៍នឹងការវះកាត់ចម្លែក ឬការបរិច្ចាគសរីរៈឆ្លងពូជអម្បូរ សត្វ មនុស្ស ដោយធ្វើការពិសោធតាមដានអំពីប្រវត្ដិសាស្ដ្រតាំងពីសតវត្សរ៍ទី ១៧។
ការស្រាវជ្រាវពីដំបូងផ្ដោតលើការវះកាត់យកសរីរៈពីសត្វ ដូចជា បេះដូងស្វាអង្គត់ ត្រូវបានវះកាត់ប្ដូរឱ្យសត្វទើបកើតថ្មី ឈ្មោះ «Baby Fae» ក្នុងឆ្នាំ ១៩៨៤ តែវាក៏បានងាប់ទៅវិញត្រឹម ២០ថ្ងៃ។
ថ្ងៃនេះសន្ទះបេះដូងជ្រូកត្រូវបានប្រើយ៉ាងទូលំទូលាយចំពោះមនុស្ស ហើយស្បែកជ្រូកត្រូវបានប្រើជំនួសស្បែកមនុស្សដែលរងការរលាក។
ជ្រូកក្លាយជាសត្វផ្ដល់សរីរៈដ៏ស័ក្ដិសមដោយសារទំហំការលូតលាស់យ៉ាងឆាប់រហ័ស និងមានកូនច្រើន ហើយជាការពិតពួកវាត្រូវបានចិញ្ចឹមយកសាច់ជាចំណី៕ AFP/HR
វីដេអូ៖