​ក្រុង​កំពង់ចាម: ភូមិឋាន​​ជនបទ​ធ្លាប់តែ​គ្មាន​ពន្លឺ​នៅតាម​ដងផ្លូវថ្ងៃនេះ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ដ​​កំពង់ចាម បាន​ប្រែ​មុខមាត់​ថ្មី​ជាមួយ​ការបំពាក់​បង្គោល​ភ្លើង​បំភ្លឺ​សូ​ឡា អមដោយ​ការដាំ​​កូនឈើ​ជាច្រើន​ពាន់​ដើម​។

​បង្គោល​ភ្លើង​សូ​ឡា​ចំនួន ១០០​ ដើម និង​កូនឈើ​ចំនួន ២ ០០០ ​ដើម ត្រូវបាន​ដាំ​នៅក្នុង​សហគមន៍​នៃ​ខេត្ដ​កំពង់​​ចាម ក្រោម​គម្រោង​និរន្ដរភាព​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែលមាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា​។

​លោក ផាន អូន ជា​ប្រតិភូ​​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ថ្លែង​នៅក្នុង​វេទិកា​ដាំ​កូនឈើ និង​ដំឡើង​បង្គោល​ភ្លើង​សូ​ឡា​ថា​៖ «​ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​​ជ្រៃវៀន ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​​ហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែល​បាន​ធ្វើជា​គំរូ​ដល់​ក្រុម​ហ៊ុន​ផ្សេងទៀត​នៅ​ប្រទេស​កម្ពុជា​ ជាមួយនឹង​គំនិត​ផ្តួច​​ផ្តើម​ការទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​»​។

​លោក​បាន​បន្ដថា​៖ «​ជាមួយនឹង​ការផ្តល់​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ និង​ដើមឈើ​នៅថ្ងៃនេះ​មានន័យថា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​បំភ្លឺ និង​ផ្តល់​ពន្លឺ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ជំនាន់​ក្រោយ​ក្នុង​ឃុំ​ជ្រៃវៀន​ ដែល​នឹង​ធំ​ឡើង​ក្នុងប្រទេស​​កម្ពុជា ​ជាមួយនឹង​បរិយាកាស​បៃតង​»​។​

​ដោយ​មើលឃើញ​ពី​ស្នាម​​ញញឹម​ដ៏​រីករាយ​របស់​ប្រជា​​សហគមន៍​អំពី​សមិទ្ធផល​បង្គោល​ភ្លើង​សូ​ឡា ដែល​ជួយ​បំភ្លឺ​ដងផ្លូវ​ធ្លាប់តែ​ងងឹតឈឹង លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហ៊ិ​ន​​នី​គែន ខេ​ម​បូ​ឌា បាន​អះអាង​ពី​ការបន្ដ​គាំទ្រ​គម្រោង​បរិស្ថាន​តាម​សហគមន៍​ថែមទៀត​។

​លោក Wong និយាយថា​៖ «​យើង​នៅទីនេះ​ថ្ងៃនេះ ដោយ​​សារ​តែ​យើង​ចង់​គាំទ្រ​ប្រជាជន​នៅក្នុង​សហគមន៍​នេះ​ ឱ្យមាន​បរិស្ថាន​បៃតង និង​សុវត្ថិភាព​។ មហិច្ឆតា​យើង​គឺ​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ប្រសើរ ហើយ​យើង​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សសរស្តម្ភ​សំខាន់ៗ​ទាំង ៣៖ បរិស្ថាន សង្គម និង​ការ​ទទួលខុសត្រូវ​»​។

​ដើម្បី​ស្របទៅតាម​សសរស្តម្ភ​បរិស្ថាន ក្រុមហ៊ុន​កំពុងតែ​ផ្តល់​ដើមឈើ​ដើម្បី​ស្រូបយក​កាបូន​​ឌីអុកស៊ីត​ដែលមាន​នៅក្នុង​បរិយាកាស និង​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក Samson Wong និង​លោក ផាន អូន ដាំកូនឈើ​ និងបង្គោលភ្លើងសូឡា​លើផ្លូវបេតុ​ងឃុំជ្រៃវៀន។ សហការី

​លោក​បាន​បន្ថែមថា​៖ «​យើង​ដឹងថា នេះ​ក៏​ជា​ឱកាស​មួយ​ផងដែរ​ដើម្បី​បង្កើន​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ជា​បញ្ហា​មួយ​ដែល​យើង​កំពុងតែ​ដោះ​​ស្រាយ​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​តាមរយៈ​សសរស្តម្ភ​សង្គម​របស់​យើង ជា​អ្វីដែល​ជំរុញ​យើង​ឱ្យ​ដំឡើង​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ​នៅ​ឃុំ​ជ្រៃវៀន​នេះ​»​។​

​បង្គោល​ភ្លើង​បំភ្លឺ​នៅលើ​ផ្លូវ​​បេតុង គឺជា​សោភណភាព​១​ផ្នែក​ក្នុង​សហគមន៍ ក៏ដូចជា​ផ្ដល់​ការងាយស្រួល​ធ្វើដំណើរ​របស់​ពលរដ្ឋ​ផងដែរ​។

​លោក សំរិទ្ធ អន ជា​មេឃុំ​​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​និយាយថា​៖ «​បង្គោល​ភ្លើង​បំភ្លឺ​នាពេល​រាត្រី​នេះ មាន​អត្ថប្រយោជន៍​ជា​​ច្រើន រាប់​តាំងពី​ការការពារ​សុវត្ថិភាព​កម្មករ​រោងចក្រ ដែល​ពួកគាត់​ធ្វើដំណើរ​ពី​រោងចក្រ​ត្រឡប់មកវិញ​នៅពេល​យប់​​ព្រលប់​»​។​

​ក្រៅពី​គម្រោង​សហគមន៍​​បៃតង ក្រុមហ៊ុន​ក៏មាន​បំណង​កាត់បន្ថយ​ផលប៉ះពាល់​ទៅដល់​បរិស្ថាន​នៅក្នុង​ផលិតកម្ម​របស់ខ្លួន​ផងដែរ​។​

​កាលពី​ខែធ្នូ ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ បានចាប់ផ្តើម​សាងសង់​រោងចក្រ​ជីវម៉ាស​ធំ​បំផុត​នៅ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ដែលជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​ពង្រីក​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ស្ថិតក្រោម​ពាក្យស្លោក​របស់ខ្លួន​ថា ចូលរួម​អភិវឌ្ឍ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។

​យោងទៅតាម​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​បាន​កាត់បន្ថយ​ដោយ​ជោគជ័យ​នូវ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ចំនួន ៥០ ​ភាគ​​រយ​រាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក​៕