​ក្រុង​ឌូ​បៃ: ប្រជាប្រិយភាព​តន្ដ្រី​កូរ៉េខាងត្បូង​បាន​បង្កើត​ភាពជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន ដោយ​លោក​ប្រ​ធានា​ធីប​តី មូ​ន ជេ​អ៊ី​ន បាន​ថ្លែង​ពី​ចុង​សប្ដាហ៍​នៅ​វេទិកា​ចាប់ផ្ដើម​ទេស​​ចរណ៍​ទៅកាន់​មជ្ឈិមបូព៌ា ដែល​ផ្ដោត​​លើ​ឱកាស​ជំនួញ និង​ពាណិជ្ជកម្ម​។

​លោក​ប្រធានាធិបតីបាន​និយាយ​នៅក្នុង​ពិព័រណ៍​ក្រុង​ឌូ​បៃ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​មុនពេល​បន្ដទៅ​កាន់​អា​រ៉ា​ប៊ី ​សា​អូឌីត និង​មជ្ឈិមបូព៌ា​ថា តារា K-pop ក្លាយជា «​មន្ដ​ស្នេហ៍​ទាក់ទាញ​ពិភពលោក​»​។

​លោក មូ​ន បានលើកឡើង​ពី​តន្ដ្រី​ប៉ុប ទូរទស្សន៍ និង​ភាពយន្ដ​របស់​កូរ៉េ ដែល​ទទួលបាន​ប្រជាប្រិយភាព​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក រួមទាំង​ប្រជាជាតិ​នៅ​មជ្ឈិមបូព៌ា​ថែមទៀត​។

​លោក​បាន​ថ្លែង​នៅក្រោយ​ការ​​សម្ដែង​ក្បាច់គុន​តេ​ក្វាន់​ដូ ក៏ដូចជា​របាំ​ប្រពៃណី​ថា​៖ «​បំណង​ផ្ដល់​ការ​-​កម្សាន្ដ​បាន​ជំរុញ​កំណើន​ប្រជាប្រិយ​​ភាពរឹងមាំ​មិន​ចាញ់​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​»​។

​លោក មូ​ន បាន​ប្រាប់​មហាជន​រាប់​​រយ​នាក់​ក្នុង​ព្រឹ​ត្ដិ​ការណ៍​រសៀល​នោះ​នៅ​ទីក្រុង​ឌូ​បៃ​ថា​៖ «​ស្ថិតក្រោម​ពន្លឺ​ភ្លើង​ហ្វូង​តារា​លើ​វាល​ខ្សាច់​នា​ល្ងាច​នេះ ការសម្ដែង​ចម្រៀង​របស់​ក្រុម K-pop ដែលជា​ការពេញនិយម​ទូទាំង​ពិភពលោក នឹង​ចាប់ផ្ដើម​អង្រួន​អារម្មណ៍​មហាជន​»​។

​វប្បធម៌​កូរ៉េ​កំពុងតែ​កើន​ប្រជាប្រិយ​ខ្លាំង ក្រោយ​ភាពជោគជ័យ​នៃ​ក្រុម​​តន្ដ្រី K-pop ដូចជា ក្រុម​ចម្រៀង BTS ខ្សែភាពយន្ដ​ឈ្នះ​ពាន Oscar រឿង «Parasite» និង​ល្ខោន​ភាគ រឿង «Squid Game» ដ៏​ពេញនិយម​បំផុត​នៅលើ Netflix​។

​ទំនោរ​វប្បធម៌ K-pop ក៏មាន​ឥទ្ធិពល​លើ​តំបន់​ឈូង​សមុទ្រ​មជ្ឈិម​​បូព៌ា​ដោយ​ក្រុម​ចម្រៀង BTS ជា​សិល្បករ​មាន​អ្នកចូលរួម​ស្ដាប់​ចម្រៀង​ច្រើន​បំផុត​លើ Spotify កាលពី​ឆ្នាំមុន នៅ​អា​រ៉ា​ប៊ី ​សា​អូ​៊​ឌី​ត​។

លោក មូន ជេអ៊ីន នៅ​ក្រុង​ឌូបៃ​កាលពីថ្ងៃទី​ ១៦ ខែ មករា ឆ្នាំ​ ២០២២​។ រូបថត AFP

​គម្រោង​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​របស់លោក មូ​ន រួមទាំង​ជំនួប​ជាមួយ​នាយករដ្ឋមន្ដ្រី Sheikh Mohammed bin Rashid Al-Maktoum និង​ព្រះអង្គម្ចាស់​ឌូ​បៃ Mohammed bin Zayed Al-Nahyan​។

​លោក​គ្រោង​ជួបពិភាក្សា​ពី​កិច្ច​សហ​​ការ​ក្នុង​ឧស្សាហកម្ម​អី​ដ្រូ​សែន​ដ៏​កំពុង​ពេញនិយម បន្ទាប់ពី​សម័យ​ឧស្ម័ន​-​ចំហេះ និង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhab​។

​ក្រុម​តារាចម្រៀង​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ BTS កាលពី​ខែកញ្ញា​ឆ្នាំមុន ក៏​ទទួលបាន​លិខិតឆ្លងដែន​ការទូត នៅមុន​មហាសន្និបាត​អង្គការ​​សហប្រជាជាតិ ខណៈ​ពួកគេ​មាន​តួនាទី​ថ្មី​ជា​បេសកជន​ពិសេស​របស់លោក​ប្រធានាធិបតី​។

​ក្រុម​តារាចម្រៀង​មានឈ្មោះ​បោះ​​សំឡេង​លើ​សកលលោក​​ ១ ​​នេះ ​ដោយ​គ្រាន់តែ​ចម្រៀង ​១ ​បទ ក្រោម​ចំណង​​ជើង​ថា «Dynamite» គ្រង​លេខ​ ១ ​កំពូល​តារាង Billboard Hot 100 កាលពី​ឆ្នាំ​២០២១ ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង​ដំបូង​បំផុត​ឈរ​នៅលើ​កំពូល​តារាង​អាមេរិក​នេះ​៕ AFP/HR