​ក្រុង​ព័រ​តូ​ណូ​វ៉ូ: រលក​បោកបក់​ច្រាំង​ឆ្នេរសមុទ្រ​នៅ​ភាគខាងត្បូង​ប្រទេស​ប៉េ​ណាំង ខណៈ​សាវ័ក​របស់​ទេពធីតា​សមុទ្រ ម៉ា​មី វ៉ា​តា (Mami Wata) បានធ្វើ​ពិធីសូត្រមន្ដ​ស្វាគមន៍​បុណ្យ​វិស្សមកាល​វូ​ឌូ (Voodoo)​។

​រៀងរាល់​ខែមករា​ ពល​រដ្ឋ​ប៉េ​ណាំង​ធ្វើការ​បួងសួង​ឧទ្ទិស​ដល់​សាសនា​វូ​ឌូ ដែល​បូជា​ដល់​អាទិទេព និង​ដួង​​វិញ្ញាណ​ធម្មជាតិ​ជាមួយ​ការគោរព​ដល់​ដូនតា​ពួកគេ​ផងដែរ​។

​វូ​ឌូ ជាដើម​កំណើត​ក្នុង​រាជាណាចក្រ Dahomey ដែល​បច្ចុប្បន្ន ប៉េ​ណាំង​និង​តូ​ហ្គោ អតីត​ប្រទេស​ក្រោម​នឹម​ត្រួតត្រា​របស់​បារាំង​នៅលើ​ឆ្នេរ​នៃ​តំបន់អាហ្វ្រិ​ក​ខាងលិច​។

​នៅ​ទីក្រុង​ឆ្នេរ Ouidah មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​ជា​អតីត​មជ្ឈមណ្ឌល​ជួញដូរ​ទាសករ អ្នក​គោរព​ប្រណិប័តន៍​បាននាំគ្នា​មក​បួងសួង​ដល់​អាទិ​​ទេព​ម៉ា​មី វ៉ា​តា ជា​ទេវ​ដ៏​ល្បីល្បាញ​ក្នុង​សាសនា​វូ​ឌូ​។

​គ្រង​ឈុត​ពណ៌​ស និង​តុបតែង​ជាមួយ​គ្រាប់​គជ់ មនុស្ស​ប្រមាណ ៤០​​ នាក់ ​បាន​អង្គុយ​ជា​ពាក់កណ្ដាល​​រង្វង់​កាលពី​ថ្ងៃ​ចន្ទ ដោយ​បែរមុខ​ទៅកាន់​មហាសមុទ្រ​។

Gnikplin Hounon Eveole អាយុ ៧០​ ឆ្នាំ ដែល​ធ្វើដំណើរ​ពី​សាធារណរដ្ឋ​​តូ​គោ​ជិតខាង​ក្នុងការ​ចូលរួម​ព្រឹ​ត្ដិ​ការណ៍​នេះ បាន​និយាយថា​៖ «​ទេព​ធីតា ម៉ា​មី វ៉ា​តា លើសពី​វត្ថុ​សក្ការៈ​ព្រះ​នាង​ គឺជា​រាជិនី​សមុទ្រ​»​។

អ្នក​ដែល​មិន​ពាក់​ព័ន្ធ​ត្រូវបាន​អញ្ជើញ​ឱ្យ​ស្ថិ​តនៅ​ឆ្ងាយ​ពី​ពិធី​របស់​ពួកគេ​។ រូបថត AFP

​ទាសករ​រាប់លាន​នាក់​ធ្លាប់​ឆ្លងកាត់​ដែនទឹក​នៃ​ទីក្រុង Ouidah ទៅកាន់​ពិភពថ្មី​ដោយ​នាំគ្នា​ប្រណិប័តន៍​សាសនា​វូ​ឌូ​។ បច្ចុប្បន្ន សាសនា​នេះ​មាន​សាវ័ក​ប្រមាណ ​៥០ ​លាន​នាក់​​នៅ​ទូទាំង​ពិភពលោក ចាប់ពី​ប្រេ​ស៊ី​ល​ទៅ​ហៃ​ទី រហូតដល់ រដ្ឋ​ល្វូ​ស៊ី​យ៉ាណា ភាគខាងត្បូង​សហរដ្ឋអាមេរិក​។

​ពលរដ្ឋ​ប៉េ​ណាំង​ជាច្រើន ប្រកាន់​​យក​សាសនា​វូ​ឌូ​រួមជាមួយ​អ្នក​ប្រ​ណិ​​ប័ត​ន៍​សាសនា​គ្រិស្ដ និង​អ៊ិ​ស្លាម​។ ទេវតា​សាសនា​វូ​ឌូ​ត្រូវបាន​ប្រារឰ​ការ​​អបអរ​នៅ​ប៉េ​ណាំង​រួមទាំង អាទិទេព​​រន្ទះ Heviosso អាទិទេព​ធរណី Sakpata និង​អាទិទេព​ចម្បាំង Kokou​។

Eveole បន្ដថា​៖ «​ខ្ញុំ​បាន​ជំពាក់​ទ្រព្យ​យ៉ាង​សន្ធឹក​ចំពោះ​អាទិទេព​អង្គ​នេះ​។ សំខាន់​ គឺ​ផ្ដល់​ការគោរព​ចំពោះ​ទ្រង់​ទាំងស្រុង​»​។

​ឈរ​នៅក្បែរនោះ អ្នកស្រី Noellie Tohoundo អាយុ ៣២​​ ឆ្នាំ​ បាន​ឧទ្ទិស​សុភមង្គល​គ្រួសារ​អ្នកស្រី​ជូន​ដល់​ទេវតា​សមុទ្រ​ដោយ​ជឿថា ម៉ា​មី វ៉ា​តា បាន​ជួយ​ព្យាបាល​ជំងឺ​ស្វាមី និង​កូន​។​

​អ្នកស្រី​អះអាងថា​៖ «​រាជិនី​សមុទ្រ​បាន​សង្គ្រោះ​ជីវិត​ពួកគេ ហើយ​ពួកគេ​ក៏​ជឿ និង​ដង្ហែ​តាម​ទ្រង់​»៕ AFP/HR